អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន EZECOM ផ្តល់ប្រាក់ ២០លានរៀល ជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ៖ លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្ម​ របស់ក្រុមហ៊ុន EZECOM រួមនឹងក្រុមការងារ កាលពីថ្ងៃទីសុក្រទី១៣ កញ្ញា កន្លងទៅ បានទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងនាំយកទឹកប្រាក់បរិច្ចាគចំនួន ២០លានរៀល អាវយឺត មួក និងប៊ិចមួយចំនួនធំ ក្រោមគម្រោង EzeCare ។

ក្រុមការងាររបស់ក្រុមហ៊ុន EZECOM បានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ហើយលោកវេជ្ជបណ្ឌិត ក៏បានសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុន និងដឹកនាំដំណើរទស្សនកិច្ច ក្នុងមន្ទីរពេទ្យកុមារអង្គរផងដែរ។ ក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ក្រុមហ៊ុន EZECOM ដែលបានចូលរួមទ្រទ្រង់ ការព្យាលកុមារ ប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរ។

លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “កុមារគឺជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិយើង ដូច្នេះ វាពិតជាមានសារសំខាន់ណាស់ ដែលយើងទាំងអស់គ្នា យកចិត្តទុកដាក់ លើការអភិវឌ្ឍ របស់កុមារគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសំខាន់ ក្នុងការព្យាបាលជំងឺ ដល់កុមារកម្ពុជា ដោយឥតគិតថ្លៃ ដែលបានសង្គ្រោះជីវិត និងដោះស្រាយវិបត្តិ សម្រាប់គ្រួសារកម្ពុជាជាច្រើន ជាពិសេសគ្រួសារដែលខ្វះលទ្ធភាពព្យាបាល។”

លោកបានបន្ថែមថា “ការនាំយកទឹកប្រាក់មកបរិច្ចាគ ជូនដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយបន្ថែមទៀត ពីក្រុមហ៊ុន EZECOM ដែលតែងយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា។ EZECOM មិនត្រឹមតែ ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យឯកជន តាមរយៈការផ្តល់សេវាអ៊ីនធឺណិតគុណភាពខ្ពស់ កម្រិតអាជីវកម្មប៉ុណ្ណោះទេ តែយើងក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសង្គម ជាពិសេសក្នុងវិស័យអប់រំ បច្ចេកវិទ្យា សុខាភិបាល និងបរិស្ថាន ស្របតាមគោលការណ៍ CSR របស់យើង។”

“តាមរយៈគម្រោង EzeCare ដែលយើងបានផ្តួចផ្តើម ក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុន EZECOM នឹងពង្រីកវិសាលភាព នៃសកម្មភាពសង្គមរបស់ខ្លួន អោយកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជ្រោមជ្រែង សហគមន៍នានានៅកម្ពុជា ដែលត្រូវការជំនួយខ្លាំងបំផុត។ គម្រោង EzeCare គឺជាគម្រោងថ្មីរបស់ EZECOM ដែលនឹងរៀបចំជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនីមួយៗ យើងនឹងធ្វើយុទ្ធនាការអ្វីមួយ ដើម្បីលើកស្ទួយសហគមន៍កម្ពុជា តួយ៉ាង ដូចជាការគាំទ្រ និងលើកកម្ពស់មន្ទីរពេទ្យកុមារអង្គរ ដែលយើងបានធ្វើឡើងក្នុងឆ្នាំនេះ។”

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃគម្រោង EzeCare ដែលបានចាប់ផ្តើមឡើង កាលពីឆមាសទី១ នៃឆ្នាំ២០១៩ មិនគ្រាន់តែជាការបរិច្ចាគទឹកប្រាក់ ២០លាន ជូនមន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ តែក្រុមហ៊ុនបានផលិតវីដេអូខ្លី និងមាតិកាមួយចំនួនទៀត ដែលត្រូវបានផ្សព្វផ្សាយ តាមបណ្តាញសង្គមរបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ ពីសកម្មភាពដ៏សំខាន់ របស់មន្ទីរពេទ្យ ក្នុងការផ្តល់ការព្យាបាលកុមារ ប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃ ក៏ដូចជាអំពាវនាវ អោយសាធារណៈជនចូលរួមគាំទ្រ និងបរិច្ចាគថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលពឹងផ្អែកជាខ្លាំង លើជំនួយពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។

គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់ស្វែងយល់បន្ថែម និងតាមដានជាមួយគម្រោង EzeCare សូមចូលទៅ Like ផេចហ្វេសប៊ុករបស់ EZECOM (facebook.com/ezecom) និងសូមចូលរួមបរិច្ចាគថវិកា​ មកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈវែបសាយត៍ www.angkorhospital.org និងលេខទូរស័ព្ទ 063 963 409៕

វីដេអូអំពីគម្រោង EzeCare ឆ្នាំ២០១៩៖

Related Posts