Uncategorized

ទិដ្ឋភាពថ្មីនៃខណ្ឌសែនសុខ ក្រោមវត្តមាន​ បណ្តាផ្សារទំនើប និងវិស័យសណ្ឋាគារ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានក្លាយទៅជាតំបន់ដ៏មាន ប្រជាប្រិយភាពលើវិស័យ លំនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម ដែលកាន់តែជម្រុញឲ្យ មានការវិនិយោគបន្ថែម ទៅលើវិស័យផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិស័យសណ្ឋាគារជាដើម ។

ខណ្ឌសែនសុខត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យ លំនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម ដែលកាន់តែជួយជម្រុញឱ្យ បណ្តាផ្សារទំនើបនានាបង្ហាញវត្តមាន ដូចជា ផ្សារទំនើប AEON Sen Sok, ផ្សារទំនើប Global House , ផ្សារ Makro រួមជាមួយនឹងហាងទំនិញ បែបទំនើបមួយចំនួនទៀត។

នាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោក ធួន ស៊ីណាន បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ នៅតំបន់ខណ្ឌសែនសុខ កំពុងតែបង្ហាញពីសក្ដានុពលរបស់ខ្លួន និងដើរលឿនជាងបណ្តាខណ្ឌ មួយចំនួនទៀតដែលស្ថិតនៅតំបន់ជាយក្រុង។ លោកបានបន្តទៀតថា “ភាពឆើតឆាយរស់ខណ្ឌសែនសុខ ត្រូវបានបង្ហាញតាមរយៈភាពរីកចម្រើន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ លំនៅសំណង់លំនៅដ្ឋានបែបទំនើប បុរី និងផ្សារទំនើបកម្រិតអន្តរជាតិជាដើម”។ លោកបានបន្តទៀតថា “បន្ថែមពីនេះ អ្វីដែលរឹតតែបង្កើនភាពទាក់ទាញ នៅក្នុងខណ្ឌសែនសុខ គឺវត្តមានរបស់អគារពាណិជ្ជកម្ម ធំៗមួយចំនួនទៀត ដែលក្នុងរួមមានដូចជា អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park រួមជាមួយនឹងគម្រោងនៃ ការវិនិយោគលើវិស័យ សណ្ឋាគារផងដែរ”។

លោក ធូន ស៊ីណាន បានបញ្ជាក់ថា “នៅក្នុងខណ្ឌសែនសុខ ដែលកំពុងតែមានភាពអភិវឌ្ឍ នាពេលនេះក៏កំពុងតែមានតម្រូវ ខ្ពស់លើវិស័យសណ្ឋាគារផងដែរ”។ លោកបានបន្តទៀតថា “ប្រសិនបើមានសណ្ឋាគារ សម្រាប់ស្នាក់អាស្រ័យក្នុងរយៈពេលខ្លី នោះបណ្តាអ្នកជំនួញ ក៏ដូចជាអ្នកវិនិយោគនៅក្នុងមជ្ឈមណ្ឌល ពាណិជ្ជកម្មដែលមានទីតាំង នៅក្នុងខណ្ឌសែនសុខ នឹងមិនចាំបាច់ចំណាយពេលធ្វើ ដំណើរទៅស្នាក់នៅសណ្ឋាគារ ដែលស្ថិតនៅកណ្តាលក្រុងនោះទៀតទេ”។ លោកថា “ជាក់ស្ដែង ដូចជាទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដែលស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពល ក៏ជាជម្រើស និងជាដៃគូសម្រាប់វិស័យ សណ្ឋាគារផងដែរ”។

ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា លោក ស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ស្រប ទៅនឹងការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ប្រាប់ តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ថា “យើងទទួលស្គាល់ថា កំណើននៃចំនួនសណ្ឋាគារពិតជាមានមែន ប៉ុន្តែទីតាំងខ្លះមានរហូតលើសពីតម្រូវការ ដោយឡែកទីតាំងដែលមានតម្រូវការ បែរជាគ្មានការផ្គត់ផ្គង់ទៅវិញ”។

លោកស្រីបានបន្តទៀតថា “នៅរាជធានីភ្នំពេញ ខណ្ឌខ្លះមានការផ្គត់ផ្គង់ សណ្ឋាគារច្រើនលើសលប់ ដូចជាខណ្ឌដូនពេញជាដើម ប៉ុន្តែខណ្ឌមួយចំនួនទៀតមាន ការផ្គត់ផ្គង់តិចតួចបំផុត”។ លោកស្រីបានបន្តទៀតថា “អ្នកដែលមានបំណងចង់វិនិយោគ នៅក្នុងវិស័យនេះគួរតែមានការសិក្សា លម្អិតឱ្យបានស៊ីជម្រៅទៅលើភាព ចាំបាច់ក្នុងការផ្គត់ផ្គង់ និងតម្រូវការជាក់ស្ដែង ចៀសវាងការវិនិយាគតាមគ្នា ហើយរង់ចាំទទួលផលត្រឡប់ មកវិញក្នុងរយៈពេលយូរ ឬអាចប្រឈមនឹងការ ខាតបង់ផលប្រយោជន៍” ៕

Related Posts