Uncategorized

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាល ជំនាញទន់សម្រាប់សហគ្រិន ជាស្រ្តីរបស់ខ្លួន ឈ្មោះ “Shine”

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលជាធនាគារអឺរ៉ុបតែមួយគត់នៅកម្ពុជា មានមោទនភាពដែល បានរៀបចំកម្មវិធីកិច្ចពិភាក្សា “Bredfast Talk” លើកទីមួយរបស់ខ្លួន កាលពីព្រឹកម្សិលមិញ ជាមួយនឹងសហគ្រិនជាស្ត្រី កម្ពុជាជាច្រើនរូប ។

គំនិតផ្ដួចផ្ដើម Shine នឹងផ្ដល់ការគាំទ្រដល់ធុរជនកម្ពុជា ក្នុងការកសាងអាជីវកម្ម ឲ្យកាន់តែប្រសើរឡើង តាមរយៈការរៀបចំសន្និសីទ និងសិក្ខាសាលានានា សំដៅធ្វើឲ្យប្រសើរឡើងនូវជំនាញទន់ និងជំនាញគ្រប់គ្រង សម្រាប់សហគ្រិនស្រ្តី ។

កិច្ចពិភាក្សាលើកដំបូងរបស់យើង ធ្វើឡើងក្រោមប្រធានបទ “ការយល់ និងការជម្នះភាពភ័យខ្លាច នៅពេលនិយាយជាសាធារណៈ”។ ព្រឹត្តិការណ៍នេះទទួលបាន ការគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះ ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) នឹងបន្តរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជួយម្ចាស់អាជីវកម្មកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មជាស្ត្រី ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន។

កម្មវិធីកិច្ចពិភាក្សា “Bredfast Talk” ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃពុធ ទី ០៩ ខែតុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Palace Gate Hotel ក្នុងរាជធានីភ្នំពេញ។ នេះជា “កម្មវិធីទទួលទានអាហារ ពេលព្រឹកបណ្តើរធ្វើការបណ្តើរ” ដោយនៅទីនោះ អ្នកដែលបានអញ្ជើញមកចូលរួម មិនត្រឹមតែមានឱកាសចូលរួម សកម្មភាពនានាប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ថែមទាំងអាចសិក្សា យ៉ាងសកម្មពីជំនាញថ្មីទាក់ទឹង នឹងរបៀបជម្នះភាពភ័យខ្លាច ដែលពួកគាត់អាចអនុវត្តបាន នៅពេលដែលពួកគាត់ និយាយជាសាធារណៈ។

នាឱកាសនោះ វាគ្មិន លោកស្រី ជា សំណាង ដែលជាអ្នកជំនាញផ្នែកចិត្តសាស្ត្រ ពោរពេញដោយបទពិសោធន៍ជាច្រើនឆ្នាំ បានពន្យល់ដល់អ្នកចូលរួម ឱ្យយល់ច្បាស់ពីមូលហេតុដែលនាំ ឱ្យមនុស្សមានភាពភ័យខ្លាច និងបានផ្ដល់ការណែនាំពីបច្ចេកទេស គ្រប់គ្រងភាពភ័យខ្លាច តាមរយៈសកម្មភាពមួយចំនួន សម្រាប់ពួកគាត់យកទៅអនុវត្ត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជានៅពេលនិយាយជាសាធារណៈ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា ភាពភ័យខ្លាចគឺជារឿងធម្មតា ដែលកើតមានចំពោះមនុស្សគ្រប់រូប ប៉ុន្តែអ្វីដែលខុសគ្នានោះគឺ វិធីសាស្ត្រដែលយើងយកមកប្រើ ដើម្បីគ្រប់គ្រងវា។

អ្នកចូលរួមមានការពេញចិត្ត យ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីមួយ ដែលអាចឲ្យពួកគាត់ចូលរួម សកម្មភាពដោយសេរី និងលើកជាសំណួរផ្សេងៗ។ ជាងនេះទៅទៀត ពួកគាត់បានវាយតម្លៃខ្ពស់ ចំពោះការផ្ដល់ឱកាសជួប ធុរជនជាស្ត្រីកម្ពុជាដទៃទៀត និងចែករំលែកនូវបទពិសោធន៍ និងរឿងរ៉ាវរបស់ខ្លួន។ វាគឺជាការទទួលអាហារពេលព្រឹក ដែលមានគោលដៅជាក់លាក់ ហើយអ្នកចូលរួមបានត្រលប់ ទៅវិញទាំងមានអារម្មណ៍គិតថា នេះជាកម្មវិធីមួយដែលស័ក្ដសម នឹងចំណាយពេលវេលាចូលរួមមែន។

ប្រធានបទនានាដែលលើកធ្វើឡើង នៅក្នុងកិច្ចពិភាក្សា Bredfast Talk គឺផ្អែកតាមការស្រាវជ្រាវ ជាបន្តបន្ទាប់ដែលធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានធ្វើឡើងជាមួយធុរជនជាស្ត្រីកម្ពុជា ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ជាក់លាក់របស់ពួកគាត់នៅក្នុងអាជីវកម្ម ហើយផ្ដល់ជូនពួកគាត់នូវការគាំទ្រ និងដំណោះស្រាយដ៏ សមស្របទៅតាមតម្រូវការ។

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) នឹងបន្តអភិវឌ្ឍកម្មវិធីផ្សេងៗ សម្រាប់អាជីវកម្ម តាមរយៈគំនិតផ្ដួចផ្ដើម Shine។ ចំពោះសហគ្រិនដែលមាន ចំណាប់អារម្មណ៍ចូលរួមព្រឹត្តិការណ៍ Bredfast Talk លើកក្រោយ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖
•ទូរស័ព្ទ៖ ០២៣ ៩៩៩ ២២២
•អ៊ីមែល៖ [email protected]
•គេហទំព័រ៖ https://www.bredcambodia.com

ចាប់ផ្តើមជាមួយប្រេដ រីកចម្រើនជាមួយប្រេដ។

Related Posts