ព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ បានបញ្ចប់ដោយ លទ្ធផលដ៏ជោគជ័យ

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ ជាមួយសិក្ខាកាម៨០នាក់បន្ថែមទៀតដែល​ ទទួលបានជំនាញ លើផ្នែកជួសជុលទូរស័ព្ទ និងគ្រឿងបរិក្ខារអេឡិកត្រូនិក ដូចជាទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលរយៈពេល ៤ខែកន្លងទៅ ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុនសាមសុងអេឡិចត្រូនិច។

សូមរំលឹកថា វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះបានចាប់ផ្តើមពីថ្ងៃទី១៣ ខែមិថុនា មកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ រៀបចំឡើងដោយវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុនសាមសុង អេឡិចត្រូនិច លើមុខជំនាញ៣គឺ ១.ជំនួញជួសជុលគ្រឿងបរិក្ខាអេឡិចត្រូនិចសាមសុង ចំនួន ២០ នាក់ ២.ជំនួញជួសជុល ទូរស័ព្ទដៃ និង Tablet សាមសុងចំនួន៤០ នាក់ (ស្រី០៣នាក់) ៣.ជំនាញជួសជុលទូរទស្សន៍ Samsung Smart TV ចំនួន ២០នាក់ សរុបរួមមាន ចំនួន ៨០នាក់ (ស្រី៣នាក់)។

គោលបំណងសំខាន់របស់ Samsung Tech Institute គឺចូលរួមជួយអភិវឌ្ឍ ធនធានមនុស្ស និងបង្កើតទីផ្សារការងារឲ្យកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការបច្ជុប្បន្ន។ សិក្ខាកាមសរុបចំនួន ៣៥០នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពី Samsung Tech Institute ដោយភាពជោគជ័យនឹងទទួល បានជំនាញដើម្បី កសាងអាជីពរបស់ ពួកគេឲ្យកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមជួយសង្គមជាតិ ផងដែរ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាដៃគូ ដ៏រឹងមាំរបស់ក្រុមហ៊ុនសាមសុង កម្ពុជា សម្រាប់ការអនុវត្ត គម្រោងនេះ តាំងពីឆ្នាំ២០១៤មក។

អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Seungho Choi បានលើកឡើងនៅក្នុងពិធីបិទវគ្គ Samsung Tech Institute ថា “យើងនៅក្រុមហ៊ុនសាមសុង ជឿជាក់ថា សមត្ថភាពនិងជំនាញបុគ្គលម្នាក់ៗ អាចជួយពង្រឹងការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ហើយក្នុងស្មារតីនេះ យើងនៅតែបន្តផ្ដោត ការយកចិត្តទុកដាក់លើគោលដៅ របស់យើងក្នុងការបន្តជួយ អភិវឌ្ឍ និងពង្រឹងជំនាញរបស់បុគ្គលម្នាក់ៗ ហើយការចូលរួមនេះនឹងក្លាយជា វិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង”។

ក្នុងឱកាសនោះដែរលោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា “ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់មធ្យម កម្ពុជាត្រូវការកម្លាំងពលកម្មដែលមានគុណភាព។ លោកបានបន្ថែមថា “ធនធានមនុស្សដែលកើតចេញពីលទ្ធផលបណ្ដុះបណ្ដាលរបស់ Samsung Tech Institute បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ តាមរយៈការបង្កើនជំនាញ និងបង្កើនមុខរបរការងារថែមទៀតផង”។

លោកបន្តថា បច្ចេកវិទ្យា និងវិធីសាស្ត្របណ្ដុះបណ្ដាលថ្មីដែលផ្ដល់ជូនដោយ ក្រុមហ៊ុនសាមសុង គឺជាចំណុចដ៏សំខាន់ ក្នុងការអភវិឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

ជាមួយគ្នានោះដែរ តំណាងឲ្យនិស្សិត កញ្ញា អ៊ា វួចលីម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៥ ឲ្យដឹងថា ទោះបីជាវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះមានរយៈពេលខ្លីបន្តិចក៏ដោយ ក៏កញ្ញាយល់ឃើញថា វាពិតជាមានសារៈសំខាន់ណាស់ ព្រោះវគ្គបណ្តុះបណ្តាលនេះបានជួយកញ្ញា និងនិស្សិតជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា បានយល់ដឹងកាន់តែច្បាស់អំពីចំណេះដឹង និងអត្ថប្រយោជន៍ថ្មីៗ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ទាន់សម័យ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ដែលចំណេះដឹងនេះ បាននាំនិស្សិតកម្ពុជាទៅទាន់ស្តង់ដារអន្តរជាតិ ដូចប្រទេសជឿនលឿនលើពិភពលោក ។

កញ្ញាបានឲ្យដឹងទៀតថា “អ្វីដែលពិសេសទៀតនោះ នាងខ្ញុំសង្កេតឃើញថា ពីមួយជំនាន់ទៅមួយជំនាន់ វគ្គបណ្តុះបណ្តាល Samsung Tech Institute បានជួយឲ្យសិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សា ងាយស្រួលរកការងារល្អៗធ្វើ ដូចជានៅក្រុមហ៊ុន Samsung ដោយផ្ទាល់ ក៏ដូចជាការងារផ្សេងទៀត ដែលផ្តល់ប្រាក់ខែខ្ពស់នៅបណ្តាក្រុមហ៊ុននិងស្ថាប័នផ្សេងៗទៀត ។ វគ្គបណ្តុះបណ្តាល Samsung Tech Institute ប្រៀបដូចជាបង្អូចនៃឱកាសជាច្រើន ដែលនាំឲ្យពួកយើងទាំងអស់គ្នាឆ្ពោះទៅកាន់ភាពជោគជ័យ”។

ការអបអរសាទរ បានធ្វើឡើងចំពោះសិក្ខាកាមទាំងអស់នៅពេលពួកគេទទួលបានវិញ្ញាបនបត្រនៅលើវេទិកា ដែលផ្ដល់កិត្តិយសចែកជូនដោយឯកឧត្តម ប៊ុន ភារិន និងលោកអគ្គនាយក Seungho Choi។ លិខិតពិសេស ដែលផ្ដល់ឱកាសការងារហាត់ការ ត្រូវបានប្រគល់ជូនទៅដល់សិស្សឆ្នើមចំនួន៨នាក់នៅក្នុងវគ្គបណ្ដុះបណ្ដាល។ លិខិតផ្ដល់ឱកាសការងារហាត់ការនេះ គឺជាការប្រកាសទទួលយកពួកគេឲ្យចូលទៅធ្វើការហាត់ការយៈពេល៣ខែ នៅក្រុមហ៊ុនសាមសុង ក្រោមនាយកដ្ឋានសេវាកម្មអតិថិជន។

គួរបញ្ជាក់ថា រយៈពេល៤ខែកន្លងមកនេះ ដំណើរការនៃវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅ ប្រកបដោយជោគជ័យគួរជាទីមោទនៈភាព និងទទួលបានលទ្ធផល ដូចខាងក្រោមនេះ ទី១.ជំនាញជួសជុលគ្រឿងបរិក្ខាអេឡិចត្រូនិកសាមសុង ទទួលបាននិទ្ទេសល្អៈ ១នាក់ ល្អបង្គួរ ៧នាក់ និង មធ្យម ១២នាក់ ទី២.ជំនាញជួសជុល ទូរស័ព្ទដៃ និង Tablet សាមសុង ទទួលបាននិទ្ទេសល្អ ៤ នាក់ ល្អបង្គួរ ២២នាក់ និងមធ្យម ១៤នាក់ និងទី៣.ជំនាញជួសជុលទូរទស្សន៍ Samsung Smart TV ទទួលបាននិទ្ទេសល្អ ២នាក់ ល្អបង្គួរ ៦នាក់ មធ្យម ១១នាក់ និងធ្លាក់១ នាក់ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនសាមសុងបានផ្តល់នូវឧបករណ៍ សំភារៈទំនើបៗមួយចំនួនព្រមទាំងថវិកា សំរាប់គ្រូ និងនិស្សិតនៅក្នុង វគ្គនេះផងដែរ។

សូមជម្រាបថា ផ្អែកលើកិច្ចសហប្រតិបត្តិការណ៍រវាង វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុនសាមសុង បានបើកវគ្គបណ្តុះបណ្តាល Samsung Tech Institutes បានមកដល់បច្ចុប្បន្ននេះ បាន៥ជំនាន់រួចមកហើយ ដែលមាននិស្សិត ជ័យលាភីសរុបចំនួន ៣៥០នាក់ ទាំងអស់នេះគឺ ជាធនធានមនុស្សដែលបានទទួល នូវចំណេះដឹង សម្ថភាព ជំនាញ ឥរិយាបថការងារ និងសីលធម៍វិជ្ជាជីវៈពីវិទ្យាស្ថានបច្ចេកទេស កម្ពុជា ដែលមានលក្ខណៈផ្សារភ្ជាប់ទៅនឹងទីផ្សារការងារ នាពេលបច្ចុប្បន្ន៕

Related Posts