ព័ត៌មានថ្មីៗ

បុរីភ្នំពេញថ្មី ពង្រីកគម្រោងតាម បណ្ដោយផ្លូវ ជា សុផារ៉ា

ភ្នំពេញ៖ ដោយទទួលបានការគាំទ្រ ខ្លាំងពីអតិថិជន បុរីភ្នំពេញថ្មី បានប្រកាសពង្រីកគម្រោង “ដឹ ហាម៉ូនី វីល្ល” របស់ខ្លួន ដែលស្ថិតតាមបណ្ដោតផ្លូវ ៥៩៨(ផ្លូវជាសុផារ៉ា) ដំណាក់កាលទី២ និងទី៣ បន្ថែមទៀតហើយ គ្រាដែលដំណាក់កាលទី១ បានលក់អស់ប្រមាណ ៩៥% ។ នេះបើតាមការបញ្ជាក់របស់តំណាងផ្នែកលក់បុរី ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់របស់បុរីភ្នំពេញថ្មី បានបញ្ជាក់ថា បច្ចុប្បន្នគម្រោង ដឹ ហាម៉ូនី វីល្ល កំពុងបន្ដសាងសង់ដំណាក់កាលទី២ និងទី៣ បន្ទាប់ពីដំណាក់កាលទី១ សាងសង់ជិតរួចរាល់ និងលក់បានប្រមាណ ៩៥% ។ លោកបានចាត់ទុកនេះគឺចំនួនលក់ដ៏ឆាប់រហ័ស ហើយលោកក៏សង្ឃឹមថា ដំណាក់កាលទី២ និងទី៣ ក៏នឹងទទួលបានការគាំទ្រច្រើនដែរ ព្រោះស្ថិតលើទីតាំងល្អ និងក្បែរផ្សារទំនើបទៀតផង ។

លោកបន្ដថា «គ្រប់គម្រោងរបស់បុរីភ្នំពេញថ្មី សុទ្ធតែលក់ដាច់ តែសម្រាប់គម្រោង ដឹ ហាម៉ូនី វីល្ល ដោយស្ថិតតំបន់អភិវឌ្ឍន៍ មានមន្ទីរពេទ្យ សាលារៀន និងនៅជិតផ្សារទំនើប Aeon-II ធ្វើឲ្យគម្រោងនេះលក់ដាច់លឿន ជាក់ស្ដែងដំណាក់កាលទី២ លក់អស់ ៨០% ឯដំណាក់កាលទី៣ លក់អស់ ៥០% ហើយ ក្រោយដំណើរការសាងសង់ និងប្រកាសលក់ ។ មិនតែប៉ុណ្ណោះ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ក៏មានលក់បញ្ចុះតម្លៃពិសេសពី ២% ដល់ ៨% ផងដែរ» ។

កញ្ញា ណាំ ម៉ារី តំណាងផ្នែកលក់របស់បុរីភ្នំពេញថ្មី បានបន្ថែមថា មកទល់ពេលនេះ បុរីភ្នំពេញថ្មី បានដំណើរការចំនួន ៩គម្រោងរួចមកហើយ ក្នុងមាន ៧គម្រោងបានលក់អស់ និងសាងសង់រួចជាស្ថាពរ គ្រាដែល ២គម្រោងកំពុងដំណើរការលក់ និងសាងសង់ ។ ប៉ុន្ដែដោយទទួលបានការគាំទ្រពីអតិថិជនដ៏ច្រើន ក្រុមហ៊ុនបាននឹងកំពុងធ្វើការសិក្សា នូវផែនការសាងសង់គម្រោងទី១០ មួយទៀត ស្ថិតនៅខណ្ឌពោធិសែនជ័យ នាខែមីនាឆាប់ៗខាងមុខ ៕

Related Posts