ហិរញ្ញវត្ថុ

ជប៉ុនផ្តល់ថវិកា ជិត១លានដុល្លារ ដល់អង្គការចំនួនពីរ នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង សរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិក ដល់អង្គការចំនួនពីរនៅកម្ពុជា។

តាមរយៈហ្វេសប៊ុក ស្ថានទូតជប៉ុន ឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ “ទឹកប្រាក់ចំនួន ៦៩៤,៥៣៩ ដុល្លារសម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះ(ឆ្នាំទី២) និង ទឹកប្រាក់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិក សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី២)”

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ របស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕

Most Popular

To Top