ហិរញ្ញវត្ថុ

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកាប្រមាណ២០០លានដុល្លារ សម្រាប់ទិញ វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ខណៈ រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។

តាមរយៈការថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាការចម្លងបែបចង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។

សម្តេចតេជោ បន្តថា WHO បានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តុំឆ្លងច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។ សម្តេចតេជោ បានកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខ អាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ សម្តេចតេជោ បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍អាចទប់ស្កាត់បានហើយ តែមិនទាន់បិទបញ្ចប់នោះទេ។

សម្តេចតេជោ បន្ថែមទៀតថា សូមការយោគយល់ក្នុងការរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់។ សម្តេចតេជោ ថា ផលប៉ះពាល់សង្គមខ្លាំងជាងគេនាពេលនេះ គឺការអប់រំ និង សេវា។ ប៉ុន្តែផ្នែកសេដ្ឋកិច្ចឧស្សាហកម្ម និងកសិកម្ម ប្រជាពលរដ្ឋអាចនៅធ្វើធម្មតា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ ត្រូវធ្វើជាអ្នកចុះចាញ់ អ្នកខ្លាច តែមិនត្រូវតក់ស្លុត ឬស្លន់ស្លោនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩។ រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ចឡើងវិញ។ កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងរហូតដល់ -៨០ អង្សារ ឬក្រោមនេះ”

សម្តេចតេជោ បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖
១) តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។
២) ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
៣) ត្រូវអនុវត្ត ៣កុំ ( ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
៤) នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ៕

Most Popular

To Top