ហិរញ្ញវត្ថុ

លោក ស៊ុន ចាន់ថុល៖ ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដា មន្ទីររាជធានី-ខេត្តទាំង២៥

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ ដែលផ្ដោតជាសំខាន់លើការត្រៀមរៀបចំផ្លាស់ប្ដូរទៅ ទីស្ដីការក្រសួងថ្មី និងការស្វែងរកដំណោះស្រាយបញ្ហា មួយចំនួនដែលថ្នាក់ដឹកនាំបានជួបប្រទះ អំឡុងពេលអនុវត្តការងាររបស់ខ្លួន និងមិនទាន់អាចដោះស្រាយបាន សំដៅសម្រួលការងារឱ្យមានភាពសាមញ្ញ និងកាន់តែរីកចម្រើនទៅមុខ តាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅ ទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ថ្លែងថា ក្រសួងនឹងប្ដូរទៅអគារទីស្ដីការក្រសួងថ្មីនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លេខ០៥៤ សក.រប.សជណ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

លោកបញ្ជាក់ថា “ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ឆ្លើយតបទៅតាមទំហំការងារនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំង ចក្ខុវិស័យនាពេលអនាគត ជាពិសេសទីតាំងថ្មីនេះ ជួយសម្រួលដល់លំហូរការងារ ប្រចាំថ្ងៃរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ បានកាន់តែល្អ ប្រសើរ និងផ្ដល់ភាពងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋដែលស្វែងរកសេវាសាធារណៈចាំបាច់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន”

គួរកត់សម្គាល់ផងដែរថា អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ថា ក្រសួងបាន និងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរឱ្យក្លាយទៅជាវិស្វករនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស របស់ក្រសួង ព្រមទាំងបានជំរុញឱ្យក្រុមការងារចំពោះកិច្ចពិនិត្យលទ្ធភាពដំណើរការកម្មវិធីបណ្ដុះបណ្ដាលចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពកូនខ្មែរឱ្យកាន់តែខ្ពស់ ត្រដែតលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក។

ជាមួយគ្នានេះផងដែរ លោកក៏បានជម្រាបជូនអំពីវឌ្ឍភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅទូទាំងប្រទេស ជាពិសេស វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ បានចូលរួមសហការគ្នាក្នុងភាពជាម្ចាស់ លើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។

លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួនប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងបុព្វហេតុបម្រើឧត្ដមប្រយោជន៍ជាតិ និងបានថ្លែងអំណរគុណដល់ក្រុមការងារទទួលបន្ទុកការងារសាងសង់ អគារទីស្ដីការក្រសួងថ្មីនេះបានចប់សព្វគ្រប់ តាមពេលវេលាដែលបានកំណត់ និងបានផ្ដាំ ផ្ញើឱ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាអគារថ្មីនេះ និងគ្រឿងចក្រនានាឱ្យបានល្អបំផុត ដើម្បីប្រើប្រាស់បានយូរអង្វែង៕

Most Popular

To Top