ហិរញ្ញវត្ថុ

កម្ពុជា-ឥណ្ឌា យល់ស្របគ្នា ពង្រឹងយន្តការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម

ភ្នំពេញ៖កម្ពុជា-ឥណ្ឌា បានយល់ស្របគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដូចជា លើការផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ ការពង្រឹងយន្តការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការបណ្តុះបណ្តាល។

ក្នុងឱកាសទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌា ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា តាមរយៈការសិក្សារយៈពេលវែងនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី។ ជាមួយគ្នានេះ លោកក៏បានជម្រាបផងដែរថា ប្រទេសឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងសហប្រតិបត្តិការល្អតាំងពីបុរាណកាលមកម៉្លេះ ហើយក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលឥណ្ឌា ក៏បានជួយកម្ពុជាក្នុងដំណើរការស្តារនិងអភិវឌ្ឍប្រទេសផងដែរ។

លោក ជា ចាន់តូ ក៏បានជម្រាបលោកជំទាវ អគ្គរដ្ឋទូតពីស្ថានភាពម៉ាសេក្រូសេដ្ឋកិច្ចនិងវិស័យធនាគារថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។ អតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាប ជាមួយនឹងស្ថិរភាពអត្រាប្តូរបា្រក់ និងកម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលរួមចំណែករក្សាជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា។ ចំពោះវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការពង្រឹងសុខមាលភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់សន្ទនីយភាព និងការធ្វើឥណទានឡើងវិញ ដែលបានជួយដល់អាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់។ ទន្ទឹមនេះ វិស័យធនាគារធានាបានគុណភាពឥណទានល្អប្រសើរ។

លោកស្រី Devyani Uttam Khobragade បានសម្តែងការអបអរសាទរជូនចំពោះ លោកទេសាភិបាល ដែលកាលពីពេលថ្មីៗនេះទស្សនាវដ្តីអន្តរជាតិ ដែលមានទីតាំងនៅប្រទេសអង់គ្លេស ផ្តល់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើម ឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមទេសាភិបាល ៥ រូបនៅលើពិភពលោក។ លោកស្រី មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។

លោកស្រី ក៏បានថ្លែងការកោតសរសើរពីការអភិវឌ្ឍថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេស តួនាទីដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងរងនូវវបត្តិសុខាភិបាលនិងសេដ្ឋកិច្ច។ លោកស្រីបានអបអរសាទរនូវការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដូចជា ការដាក់ឱ្យប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ដែលជួយសម្រួលការទូទាត់ទូទៅនិងឆ្លងគ្រឹះស្ថាន ដោយបានបន្ថយកម្រៃប្រតិបត្តិការនិងធ្វើឱ្យទឹកប្រាក់ទូទាត់ទទួលបានភ្លាមៗ៕

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top