ហិរញ្ញវត្ថុ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំណាយថវិកាជាង ៨០ លានដុល្លារអាមេរិក ក្នុងការសាងសង់

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។

សូមជម្រាបថា អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។

មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗហើយក៏ជាកន្លែង បណ្តុះបណ្តាល ធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕

Most Popular

To Top