ហិរញ្ញវត្ថុ

កូរ៉េ ចង់ប្រែក្លាយទីក្រុងភ្នំពេញ ឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល ខណៈសង្កេតឃើញកម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ

ភ្នំពេញ៖ ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ​ ចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

ក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនកូរ៉េ ដើម្បីស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ ក៏បានធ្វើបទបង្ហាញអំពីប្រវត្តិក្រុមហ៊ុន ចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ ជាដើម។ ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

ជាការឆ្លើយតប លោក រដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

នាឱកាសនោះដែរ លោក រដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិនានា មានជាអាទិ៍ច្បាប់ស្តីពីកិច្ចប្រកួតប្រជែង ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។

លោករដ្ឋមន្រ្តីបន្តថា តាមរយៈវិធានការមុតស្រួចនានាដែលបានដាក់ចេញ ជាពិសេសយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញជាមួយនឹងកំណើន៥,៦% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិស័យធុរកិច្ច។

ក្នុងឱកាសនោះ លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាពាណិជ្ជកម្មកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានធ្វើបទបង្ហាញសង្ខេបជូនអង្គប្រជុំ អំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ការគ្រប់គ្រងលើស្ថានភាពកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព សក្តានុពលពាណិជ្ជកម្ម និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។

វិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ចំពោះអនុសាសន៍ណែនាំ និងប្តេជ្ញាកៀងគរធុរជន និងវិនិយោគិនពីកូរ៉េមកកម្ពុជាបន្ថែមទៀត៕

Most Popular

To Top