ហិរញ្ញវត្ថុ

៣ខែឆ្នាំ២០២២នេះ អគរ ប្រមូលចំណូលបាន ៥៩៧.៦ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែ នៃឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ២,៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%។ យោងតាម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឲ្យដឹងថា ចំណូលតាម​ប្រភេទពន្ធនិង​អាករ រួមមាន អាករលើ​តម្លៃ​បន្ថែមមានចំនួន ៩៤៣.៨ ប៊ីលានរៀល (ត្រូវជា​ ៣៨.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៨៩៤.៩ ប៊ីលានរៀល (ត្រូវជា ៣៦.៨% នៃចំណូលសរុប), ពន្ធគយមានចំនួន ៤៣៦.៣ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករ​បន្ថែម​លើ​ផលិតផល​ប្រេងមានចំនួន ១០០.៩ ប៊ីលានរៀល (ត្រូវជា ៤.២% នៃចំណូលសរុប), និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានចំនួន ៥២.៨ ប៊ីលានរៀល (ត្រូវជា ២.២% នៃចំណូល​សរុប)។ ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ១,០២៣.៨ ប៊ីលានរៀល (ត្រូវជា ៤២.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៧០៨.៧ ប៊ីលានរៀល (ត្រូវជា ២៩.២% នៃចំណូល​សរុប), ផលិតផលតេលសិលាមានចំនួន ៥៥៣.៦ ប៊ីលានរៀល (ត្រូវជា ២២.៨% នៃចំណូលសរុប), និងសម្ភារ​សំណង់និងកម្រៃផ្សេងៗមានចំនួន ១៤២.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។

ដោយឡែក តួលេខទំហំពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានបម្រែបម្រួលដូចខាងក្រោម៖
ការនាំចេញផលិតផល​កាត់​ដេរមានចំនួន ៣,១៥៥ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ៦២៧.៨ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើង​ប្រមាណ ៣៣៥.២ លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%,ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០៧.៤ លានដុល្លារអាមេរិក ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៧.២ លានដុល្លារអាមេរិក (៥.៤%), ​ការនាំចេញអង្ករមានតម្លៃ ១០៥.១ លាន​ដុល្លារអាមេរិក ថយចុះប្រមាណ ៤.៧ លានដុល្លារអាមេរិក (៤.៣%)​, ​កៅស៊ូនាំចេញ​​មានតម្លៃ ១០៣.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០.១ លានដុល្លារអាមេរិក (១០.៩%), និងកសិផល​ផ្សេងទៀតមានតម្លៃ ៦១៦.៣ លានដុល្លារអាមេរិក កើនឡើង ១១៩.១ លានដុល្លារអាមេរិក (២៤%)។

ទន្ទឹមនឹង​ការងារប្រមូលចំណូល អគរ ក៏សម្រេច​បាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួន​ ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព, ការលើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ, ព្រមទាំងការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។

ជាទិសដៅបន្ត ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាព លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានក្រើនរម្លឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ៥ ចំណុចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ ៨ ចំណុចរបស់ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​ជារួម​ផ្តោតជាចំបងលើការងារសំខាន់ៗ ដូចជា ការបន្តធ្វើសាមញ្ញកម្មនីតិវិធីគយនិងពង្រីកបន្ថែមទៀតនូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា, ការពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការពិនិត្យឡើងវិញនូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគយ កិច្ចសហការជាមួយក្រសួងស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងប្រតិបត្តិការការងារគយ និងការបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំ នូវវិធានការសុខាភិបាល ពិសេសគឺវិធានការ “៣ ការពារ ៣ កុំ” ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។

បន្ថែមលើនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងអភិបាលកិច្ច និងការកៀរគរចំណូល រួមមាន (១).ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ, (២).ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, (៣).បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹមប្រកបដោយប្រសិទ្ធភាព, (៤).ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ, (៥). បន្តចូលរួមឱ្យបានសកម្មក្នុងការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៦). សហការជិតស្និទ្ធជាមួយអង្គភាពជំនាញពាក់ព័ន្ធលើការងារត្រួតពិនិត្យទំនិញសារធាតុគីមីដែលអាចប្រើប្រាស់ច្រើនមុខសញ្ញា (ជាធាតុផ្សំគ្រឿងញៀន), និង (៧). រៀបចំផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិគាំទ្រនានាដែលពាក់ព័ន្ធនឹងការងារគយ។

កិច្ចប្រជុំនេះត្រូវបានរៀបចំ ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូរបស់លោក-លោកស្រីអគ្គនាយករង លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ អគរ និងមន្ត្រីជំនាញមួយចំនួន៕

Most Popular

To Top