បច្ចេកវិទ្យា

ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធរីធែលផេ” ដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធរីធែលផេ” ក្រោមអធិបតីភាព លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំង មានការចូលរួមពីនាយក KOICA ប្រចាំនៅកម្ពុជានិងសហការី ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងតំណាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធរីធែលផេសរុបប្រមាណ ១០៥រូប។

តាមរយៈធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា ប្រព័ន្ធរីធែលផេត្រូវបានអភិវឌ្ឍឡើងក្រោម ជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារ KOICA ដើម្បីរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារជាតិបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ ជាផ្នែកមួយនៃការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា ដែលនឹងរួមចំណែកលើកកម្ពស់ការទូទាត់ជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានឱ្យកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនោះ ប្រព័ន្ធរីធែលផេក៏នឹងក្លាយជា សមិទ្ធផលមួយ ដែលឆ្លុះបញ្ចាំង និងរឹតបន្តឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ៕

Most Popular

To Top