event

ក្រុមហ៊ុន Smart Axiata​​  បង្ហាញពីតួនាទី​ និងការប្ដេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍កម្ពុជា​ ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី​​​ ស៊ុន ចាន់ថុល

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកហ្សែដ ស្យាតារា (Ziad Shatara)​​​​​ ​​​​​នាយកប្រតិបត្តិក្រុមហ៊ុន​ Smart Axiata​ និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​​ បានប្រព្រឹត្តិឡើងនៅថ្ងៃទី ​29 ខែមេសា ឆ្នាំ2024 ក្នុងគោលបំណង​ ដើម្បី​បង្ហាញពីតួនាទីរបស់ក្រុមហ៊ុន​​ Smart ក្នុងនាមជា​​ក្រុមហ៊ុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​​ គំរូនៃប្រទេសកម្ពុជា។

ជំនួបនេះបានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់​​ Smart ក្នុងនាមជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស​ ដែលបានឈានមុខគេក្នុងការពន្លឿនការរីកចម្រើននៃវិស័យទូរគមនាគមន៍​​ និងផ្ដល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត​ សម្រាប់បុគ្គល​ និងសហគ្រាស។​​

លើសពីនេះទៅទៀត​​ លោក ​ហ្សែដ​​ ក៏បានឆ្លៀតឱកាសនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់​ Smart លើផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល​ ព្រមទាំងការដឹកនាំ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)​​ និងការងាររួមចំណែក​ទំនួល​ខុស​ត្រូវ​សង្គម​​(CSR)​ យ៉ាងសកម្ម​ ដើម្បីគាំទ្រ​រដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា​​ ​សម្រេចបានចក្ខុវិស័យក្នុងការ​ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ 2050 គួរបញ្ជាក់ផងដែរថា​ Smart ជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស​មួយយ៉ាងសំខាន់ ដែលបានចូលរួមយ៉ាងសកម្មលើការពង្រីកវិសាលភាពសេដ្ឋកិច្ចជាតិ និងជាក្រុមហ៊ុនដែលទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទមាស សម្រាប់ការចូលរួមបង់សារពើពន្ធបានត្រឹមត្រូវ។

ក្នុងរយៈពេលពីរទស្សវត្សន៍នេះ​ Smart បានចូលរួមបណ្ដាក់ទុនប្រមាណលើសពី 70  លានដុល្លារក្នុងមួយឆ្នាំ​ៗ ហើយ​ការបណ្ដាក់ទុនយ៉ាងសកម្មនេះ ជាសញ្ញា បង្ហាញពីការជឿជាក់របស់ Smart មកលើសក្តានុពលនៃប្រទេសកម្ពុជា និងការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសជាបន្ត។

ក្នុងឆ្នាំ​ 2023 កន្លងទៅនេះ​ ក្រុមហ៊ុន​ Smart បានពង្រឹងតួនាទីរបស់ខ្លួនជាកម្លាំងចលករដែលរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាដោយបណ្ដាក់​ទុន​វិនិយោគ 75 លាន​ដុល្លារ និងបង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុក​ និងសហគមន៍មូលដ្ឋានផងដែរ។​​ ការវិនិយោគនេះមិនត្រឹមតែជម្រុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ​ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាយ៉ាងមុតមាំរបស់​ Smart​ ដើម្បីបន្តដើរតួជាកាតាលីករសម្រាប់ការរីកចម្រើនប្រកបដោយភាពរុងរឿងផងដែរ។​

ក្នុងជំនួបសម្ដែងការគួរសមជាមួយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក​ ហ្សែដ បានបង្ហាញពីតួនាទីរបស់​ Smart ក្នុងការដឹកនាំចលនាអភិវឌ្ឍន៍ប្រកបដោយចីរភាព​ ព្រមទាំងគូសបញ្ជាក់ពីការរួមចំណែកតាមរយៈការបង់ពន្ប្រកបដោយទំនួលខុសត្រូវ។​

ដើម្បីបន្តលើកស្ទួយការបង្កើតថ្មី និងវឌ្ឍនភាព​ Smart ក៏បាន​​ឧបត្ថម 1% នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនទៅមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRDF) ។ លើសពីនេះទៀត 2% នៃប្រាក់ចំណូលនឹងត្រូវផ្ដល់ទៅកាន់​មូលនិធិ​​កាតព្វកិច្ច​សកល(USOF) ។ ការរួមចំណែកទាំងនេះត្រូវបានរៀបចំឡើងដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យទូរគមនាគមន៍ និងជម្រុញការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការបង្កើតថ្មីកាន់តែប្រសើរនៅប្រទេសកម្ពុជា។​

ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាក៏មិនមែនជាអ្វីថ្មីសម្រាប់​ Smart  ដែរ​ ខណៈដែលក្រុមហ៊ុននេះតែងបង្ហាញឱ្យឃើញពីការប្រកាន់គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) យ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីឆ្នាំដំបូងៗនៃប្រតិបត្តិការរបស់ខ្លួន។​​ Smart ក៏ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេដែលបានបោះពុម្ពផ្សាយរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ​ផងដែរ​។ ការប្រកាន់ខ្ជាប់នូវនិរន្តរភាពនេះ ជាគំរូមិនអាចមើលរំលងបានសម្រាប់ក្រុមហ៊ុនដទៃៗទៀតដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។​ ​

សម្រាប់ចក្ខុវិស័យក្នុងពេលអនាគត ​ Smart Axiata នឹងនៅតែបន្តយកចិត្តទុកដាក់លើការចូលរួមចំណែកលើកស្ទួុយវិស័យសេដ្ឋកិច្ច​ និងសង្គមកិច្ចក្នុងស្រុក​ និងប្តេជ្ញាបន្តឈរជើងជាក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសគំរូនៅក្នុងប្រទេសកម្ពុជា។​ តាមរយៈបច្ចេកវិទ្យាថ្មីៗ​ និងការវិនិយោគឈ្លាសវៃ Smart នឹងនៅតែជាផ្នែកមួយមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចជាតិ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។​

To Top