event

អបអរសាទរដល់ អតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ផ្ដាច់ ១០០% ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ផ្ដាច់ ១០០% ។

ថ្លែងក្នុងឱកាសនោះដែរឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា «មកទល់ពេលនេះការដោះស្រាយ វិវាទរវាងអតិថិជនអតីតបុរី វី អាយ ភី បានធូរស្រាលច្រើនដោយសារតែមានការ ប្រជុំពិភាក្សាជួយរកដំណោះស្រាយ ពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាច្រើនលើកច្រើនសារ និងមានការជួយខ្នះខ្នែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរដើម្បីរកដំណោះស្រាយរួមមួយ បញ្ចប់វិវាទឱ្យបានឆាប់រហ័ស រហូតមានការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ។ លទ្ធផលសម្រេចបាននាពេលនេះ គឺដោយសារប្រមុខរាជរដ្ឋាភិបាល បានឯកភាពជំរុញបញ្ចប់វិវាទ ដោយសម្រេចផ្ដល់ដំណោះស្រាយក្នុងការប្រគល់ ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភីដែលបានបង់ប្រាក់ផ្ដាច់ ១០០%»។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមានលំនៅស្ថានរស់នៅក្នុងអតីតបុរី វី អាយ ភីខេត្តព្រះសីហនុនេះ នាពេលខាងមុខសូមបន្តសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងការរៀបចំលក្ខន្តិកៈនៃការរស់នៅដោយខ្លួនឯង ពីព្រោះប្រជាពលរដ្ឋនឹងត្រូវសហការឯកភាពគ្នា ក្នុងការប្រើប្រាស់សេវាអគ្គិសនី ភ្លើងបំភ្លឺផ្លូវសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ការថែទាំផ្លូវ ដាំដើមឈើ និងការប្រមូលសំរាម ជាដើម។ ហើយ ការងារទាំងនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយសម្របសម្រួល និងការងារផ្សេងទៀតដែលអាចកើត មានឡើងប្រសិនបើមានតម្រូវការ ដើម្បីប្រែក្លាយទៅជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល ជូនដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ក៏បានស្នើឲ្យអតិថិជនអតីតបុរី វី អាយ ភី ដែលមិនទាន់បានបង់ប្រាក់គ្រប់ សូមបន្តបង់ប្រាក់រំលស់ជាបន្តបន្ទាប់ តាមការកំណត់ដើម្បីឱ្យការសាងសង់សំណង់ បានបញ្ចប់តាមផែនការគ្រោងទុក ដោយក្រសួងនឹងផ្ដល់ការ ជួយសម្របសម្រួលបន្ថែមទៀតដល់ ប្រជាពលរដ្ឋដែលមានតម្រូវការ លើសេវាធនាគារក្នុងការបង់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាព បង់ប្រាក់រំលស់រហូតទទួលបានលំនៅដ្ឋាន ក្នុងក្តីស្រមៃរបស់ខ្លួនពិតប្រាកដ។

ទន្ទឹមគ្នានោះឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋជាអតិថិជនអតីតបុរី វី អាយ ភីខេត្តព្រះសីហនុទាំងអស់ ដែលបានចូលរួមសហការ រកដំណោះស្រាយចំពោះបញ្ហាវិវាទ ជាមួយបុរីនាពេលកន្លងមក ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ ក្រុងកំពង់សោមនេះ គឺត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយទាំង៥នេះត្រូវប្រែមកសង្កាត់វិញ ពោលគឺ៖ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ខណៈទីតាំងរដ្ឋបាលក្រុងកំពង់សោម គឺនៅសង្កាត់រាម។ ដូច្នេះទីតាំងអតីតបុរី វី អាយ ភី ដែលពីមុនស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់នោះ គឺត្រូវស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង នៃក្រុងកំពង់សោមវិញ៕

To Top