រដ្ឋាភិបាលវៀតណាម សាងសង់ និងផ្តល់លំនៅឋានដល់ក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រសួងនគរបាល វៀតណាម បានរៀបចំពិធីសម្ពោធ និងប្រគល់លំនៅឋានចំនួន ១.៣០០ ខ្នងជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន នៅលើភូមិសាស្ត្រខេត្តត្រាវិញ (Trà Vinh) ដែលស្ថិតនៅភូមិភាគខាងត្បូងនៃប្រទេសវៀតណាម។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង (Lương Tam Quang) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបង្ហាញពីភាពជឿជាក់ថា ក្រោយទទួលបានលំនៅឋានថ្មីនេះ បងប្អូនប្រជាជននឹងមានកម្លាំងចិត្តបន្ថែមទៀតក្នុងការងារបង្កបង្កើនផល និងផលិតកម្ម សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រជាជនទាំងមូល ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមជាតិ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្ត។ ផ្ដើមចេញពីនេះ នឹងចូលរួមចំណែកជួយលើកកម្ពស់គុណតម្លៃ សោភ័ណភាព ជីវភាពរស់នៅរបស់សហគមន៍ និងជួយលើកតម្កើងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជាតិវៀតណាមទាំងមូលបន្ថែមទៀត។
បើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម នាពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេស វៀតណាម នៅតែមានគ្រួសារជាច្រើនដែលមានជីវភាពរស់នៅលំបាក មានគ្រួសារជាច្រើនរស់នៅក្នុងលំនៅឋានបណ្តោះអាសន្ន មិនទាន់ធានាបានសុវត្ថិភាព ប្រឈមនឹងការបាក់រលំនៅពេលមានព្យុះភ្លៀង ជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ ជំនោរទឹកសមុទ្រ។ល។ ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង សង្ឃឹមថា ទាំងអង្គភាពនិងជាលក្ខណៈបុគ្គលទាំងអស់នឹងបន្តពួតដៃគ្នាជាមួយកងកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អនុវត្តឱ្យបានទទួលបានប្រសិទ្ធភាពខ្ពស់នូវគោលដៅរបស់បក្សនិងរដ្ឋវៀតណាម ស្តីអំពីការកាត់បន្ថយភាពក្រីក្រ ធ្វើអោយប្រទេសជាតិបោះជំហានចូលយុគសម័យថ្មីនាពេលឆាប់ៗខាងមុខ ឱ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត មានជីវភាពធូធារសម្បូរសប្បាយ សុភមង្គល គឺមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។
លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង មានប្រសាសន៍បន្ថែមថា អនុវត្តចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់លំនៅឋានបណ្ដោះអាសន្ន និងទ្រុឌទ្រោម នៅទូទាំងប្រទេសចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៥” ដែលបានដាក់ចេញ និងបំផុសចលនាមហាជនដោយលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Phạm Minh Chính) ក្រសួងនគរបាល វៀតណាម បានបន្តរួមចំណែកក្នុងគោលដៅលុបបំបាត់លំនៅឋានបណ្តោះអាសន្ន និងទ្រុឌទ្រោមចំនួន ១៥៣.០០០ ខ្នងនៅទូទាំងប្រទេស ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាល និងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅ។
ក្នុងស្មារតីនេះ ក្រសួងនគរបាលវៀតណាម បានបំផុសចលនាកៀងគរធនធានពីប្រភពផ្សេងៗ សំដៅជួយឧបត្ថម្ភដល់ការសាងសង់លំនៅឋានបានជាង ១៥.០០០ខ្នង ជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅតាមខេត្ត ក្រុងចំនួន ១៥ នៅទូទាំងប្រទេស។ ដោយឡែកនៅក្នុងភូមិសាស្ត្រខេត្ត ត្រាវិញ ថវិកាជាទឹកប្រាក់ចំនួន ៦៥ពាន់លានដុង (ប្រមាណជា ២,៦លានដុល្លារអាម៉េរិក) គឺបានមកពីការកៀងគរដោយក្រសួងនគរបាល ហើយខេត្ត ត្រាវិញ បានប្រើប្រាស់ប្រភពថវិកាបដិភាគចំនួន ១៩ពាន់លានដុង (ប្រមាណជា ៧៦០.០០០ដុល្លារអាម៉េរិក) សម្រាប់សាងសង់លំនៅឋានចំនួន ១.៣០០ ខ្នងអោយក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនិងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន។ ក្នុងចំណោមលំនៅឋានទាំងនោះ មាន ៥០% ជាលំនៅឋានដែលត្រូវបានសាងសង់សម្រាប់បងប្អូនជនជាតិខ្មែរ។
អញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ខាងលើដែរ លោក ង ជីគឿង (Ngô Chí Cường) លេខាគណៈកម្មាធិការបក្សខេត្ត ត្រាវិញ ក៏បានថ្លែងអំណរគុណចំពោះក្រសួងនគរបាល និងសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងយុទ្ធនាការជួយឧបត្ថម្ភសាងសង់លំនៅឋាន សម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន ក្នុងគោលបំណងរួមចំណែកក្នុងការអនុវត្តឱ្យបានប្រសិទ្ធភាព នូវគោលនយោបាយសន្តិសុខសង្គមនៅតាមមូលដ្ឋាន លើកកម្ពស់គុណភាព និងលក្ខណវិនិច្ឆ័យអំពីជនបទថ្មីរបស់ខេត្ត ត្រាវិញ។
អាស្រ័យដូច្នេះ ក្នុងអំឡុងពេល ៩ខែ ដំបូងនៃឆ្នាំ២០២៤នេះ ក្រៅពីលំនៅឋាន ចំនួន១.៣០០ ខ្នងដែលឧបត្តម្ភដោយក្រសួងនគរបាល ខេត្ត ត្រាវិញ ក៏បានប្រើប្រាស់ប្រភពថវិកាពីមូលនិធិសន្តិសុខសង្គមនិងមូលនិធិដើម្បីជនក្រីក្រ ជួយសាងសង់លំនៅឋានជាង ២.២៥០ ខ្នងអោយក្រុមគ្រួសារដែលជួបការលំបាកលើបញ្ហាលំនៅឋាន។
ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត (Thạch Sok Xane) អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនា វៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត ត្រាវិញ ប្រធានសមាគមព្រះសង្ឃសមាគ្គីស្នេហាជាតិខេត្ត ត្រាវិញ និងជាព្រះចៅអធិការវត្តអង្គរាជបុរី (វត្តអង្គ) មានថេរដីកាវាយតម្លៃខ្ពស់ចំពោះគម្រោងខាងលើរបស់ក្រសួងនគរបាល វៀតណាម គណៈកម្មាធិការបក្សខេត្តនិងនគរបាលខេត្ត ត្រាវិញ។
ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត បានមានថេរដីកាថា “ខ្ញុំព្រះករុណាបាននិមន្តចូលរួមពិធីប្រគល់ផ្ទះនេះ ហើយមានសេចក្តីសោមនស្សរីករាយក្រៃលែង។ ប្រជាជនរីករាយក្រៃលែងដែលបានទទួលការជួយសាងសង់ផ្ទះថ្មី។ ពូកគាត់លែងមានការព្រួយបារម្ភអំពីទីកន្លែងស្នាក់នៅទៀតហើយ ហើយពួកគាត់នឹងខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យបានល្អប្រសើរជាងមុន។ គម្រោងសាងសង់លំនៅឋានចំនួន ១.៣០០ខ្នងនេះ ពិតជាល្អប្រពៃណាស់ ដែលបង្ហាញអំពីវប្បធម៌ប្រពៃណីដែលដិតដាមទៅដោយមនោសញ្ចតនាយ៉ាងជ្រាលជ្រៅ ស្មារតីសាមគ្គីភាពក្នុងចំណោមជនជាតិទាំងអស់នៅទូទាំងប្រទេស ជាពិសេសរបស់ថ្នាក់ដឹកនាំក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងនគរបាលខេត្ត ត្រាវិញ ចំពោះគ្រួសារប្រជាជនដែលនៅជួបការលំបាកក្នុងជីវភាពរស់នៅ ជាពិសេសចំពោះបងប្អូនជនរួមជាតិខ្មែរ»។
ព្រះឧបជ្ឈាយ៍ គិម ង៉ុកទាន់ (Kim Ngọc Toàn) ប្រធានសមាគមព្រះសង្ឃសមាគ្គីស្នេហាជាតិស្រុក ត្រាគូ (ខេត្ត ត្រាវិញ) ក៏មានថេរដីកាយល់ស្របនិងឯកភាពទាំងស្រុង ជាមួយគោលនយោបាយរួមដៃគ្នាដើម្បីជនក្រីក្ររបស់បក្សនិងរដ្ឋ វៀតណាម។ ព្រះឧបជ្ឈាយ៍ គិម ង៉ុកទាន់ មានសង្ឃដីកាថា “ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណដោយស្មោះ ចំពោះក្រសួងនគរបាល និងខេត្តដែលបានយកចិត្តទុកដាក់សាងសង់លំនៅឋានយ៉ាងសមរម្យជូនប្រជាជនក្រីក្រ។ ក្នុងនាមសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ត្រាគូ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណដោយស្មោះ ចំពោះក្រសួងនគរបាល ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត”។
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ខេត្ត ត្រាវិញ នៅមានប្រជាជនក្រីក្រចំនួនជាង ៣.៤០០គ្រួសារ ស្មើនឹង ១,១% និងប្រជាជនមានជីវភាពរស់នៅស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រចំនួនជាង ៦.៧០០គ្រួសារ ស្មើនឹង ២,៣% នៃចំនួនគ្រួសារប្រជាជនសរុបក្នុងទូទាំងខេត្ត។ ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ខេត្ត ត្រាវិញ បានកំណត់ថា ការងារជួយថែទាំបងប្អូនជនជាតិភាគតិចគឺជាការងារគោលដៅសំខាន់មួយ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ គាំទ្រមុខរបរចិញ្ចឹមជីវិត ផ្លាស់ប្តូរមុខរបរថ្មី។ល។
ក្នុងគោលបំណងជួយអោយបងប្អូនជនរូមជាតិ អាចបង្កើនប្រាក់ចំណូលនិងមានស្ថិរភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានការរួមចំណែករបស់ក្រសួងនគរបាល វៀតណាម និងការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ការអនុវត្តគោលនយោបាយយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត ត្រាវិញ ត្រូវបានផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ និងបានជួយអោយជីវភាពរស់នៅរបស់បងប្អូន កាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
នេះជាសក្ខីកម្មជាក់ស្តែងមួយប្រកបដោយភាពស៊ីសង្វាក់និងប្រសិទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រនៅទូទាំងប្រទេស ស្របតាមគោលការណ៍ និងគោលនយោបាយរបស់បក្សនិងរដ្ឋ វៀតណាម ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចទាំងអស់និយាយជារួម និងចំពោះបងប្អូនជនជាតិខ្មែរនិយាយដោយឡែក៕
អត្ថបទ៖ ជា វិសាល – រូបថត៖ cand.com.vn