ស៊េរី​ខ្សែភាពយន្តឯកសារថ្មី​ដែលមាន​​ ៣ ភាគ ក្រោមចំណងជើងថា «លើសពីសំឡេង» នឹងត្រូវដាក់បញ្ចាំងជាផ្លូវការនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ដោយផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលកំពុងការពារវប្បធម៌ មហាសមុទ្រ និងសិល្បៈហត្ថកម្ម

Date:

ភ្នំពេញ ៖«Human of This Planet» ដែលជាវេទិកា​​​សម្រាប់ការ​​​ចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិត​ច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរី​ខ្សែភាពយន្តឯកសារ​របស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារ​ជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ ល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្នុងរាជធានីភ្នំពេញ ដោយមានវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ចូលរួមជាដៃគូផ្តល់ទីតាំង និងជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។ រាត្រីដ៏ពិសេសនេះ នឹងនាំមកនូវការជួបជុំគ្នារវាងសហគមន៍នានាដែលមាន​វត្តមាននៅក្នុងខ្សែភាពយន្ត ​ផលិតករភាពយន្តឯករាជ្យ ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានផងដែរ។

ស៊េរី​ខ្សែភាពយន្តឯកសារនេះ បង្ហាញ​​អំពីប្រជាជនកម្ពុជាដែលកំពុងការពារទឹកដី វប្បធម៌ និងសហគមន៍របស់ខ្លួន ​ដែលសាច់រឿង​ស្ដែង​ឡើង​តាមរយៈការថត​ភាពយន្ត​បែប​​ស៊ីជម្រៅ និងការចុះទៅរស់នៅផ្ទាល់ជាមួយតួអង្គ ​ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពបុគ្គលម្នាក់ៗ ដែលកំពុងបំពេញការងាររបស់ខ្លួន​​នៅ​ដាច់ឆ្ងាយពី​កែវភ្នែកសាធារណជន។

ស៊េរី​ខ្សែភាពយន្ត​នេះមានចំនួន ៣ភាគ ដោយភាគនីមួយៗមានចំណងជើងដាច់ដោយឡែកពីគ្នា និងរំលេចពីជ្រុងផ្សេងៗគ្នានៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេសកម្ពុជា៖

ឫសគល់៖ ​ជាភាគទី១ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន 3CORsECO។ ភាគនេះ​បង្ហាញ​​ពីតួអង្គ​​ពីររូបក្នុងតំបន់ព្រៃ​នៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលកំពុងបំពេញការងារដើម្បីការពារវប្បធម៌ជនជាតិដើមភាគតិចកួយ៖ រួមមានអតីតជនភៀសខ្លួនម្នាក់ ដែលបានក្លាយខ្លួនជាស្ថាបត្យករសហគមន៍ ដោយរូបលោកបាននាំយកទាំងជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួន​ដែល​គាត់​ធ្លាប់​ឆ្លងកាត់​​ការផ្លាស់ប្តូរទីលំនៅមកជួយដល់សហគមន៍ជនជាតិដើមភាគតិចកួយ តាមរយៈការរចនាលំនៅឋាន សំណង់ និងការបង្កើតសហគ្រាសគ្រាប់ស្វាយចន្ទី ដែលជួយឱ្យជីវភាពរស់នៅរបស់ពួកគេនៅតែមានឫសគល់រឹងមាំនៅលើទឹកដីកំណើតរបស់ខ្លួន និងស្ត្រីវ័យក្មេងជនជាតិដើមភាគតិចកួយម្នាក់ទៀត ដែលកំពុងប្រើប្រាស់សំឡេង និងការបង្ហាញខ្លួនជាសាធារណៈដើម្បីថែរក្សាប្រពៃណីរបស់នាងឱ្យនៅរស់រវើក។

ចរន្តទឹក៖ ​ជាភាគទី២ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Khmer Ocean Life។ ភាគនេះ​បង្ហាញ​​ពីដំណើរជីវិតរបស់ប្រជាជនកម្ពុជាពីររូប ម្នាក់មកពីខេត្តដែលគ្មានឆ្នេរសមុទ្រ និងម្នាក់ទៀតមកពីទីក្រុង ដែលបានរកឃើញផ្លូវឆ្ពោះទៅកាន់មហាសមុទ្រដោយនឹកស្មានមិនដល់ ​ស្របពេលដែលពួកគេកំពុងស្វែងរកដំណោះស្រាយចំពោះភាពស្មុគស្មាញនៃការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។

កែច្នៃឡើងវិញ៖ ​ជាភាគទី៣ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Remade in Cambodia។ ភាគនេះបង្ហាញ​​ពីអ្នករចនាម៉ូដវ័យក្មេងម្នាក់ ដែលបានបដិសេធមិនព្រមបោះបង់ក្តីស្រមៃនៅក្នុងឧស្សាហកម្មមួយដែលមិនទាន់បើកឱកាសឱ្យរូបលោក និងស្ត្រីជនជាតិខ្មែរម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ ដែលបានបង្កើតស្ថាប័នមួយក្នុងការកែច្នៃកាកសំណល់វាយនភណ្ឌឱ្យទៅជាសម្លៀកបំពាក់ម៉ូដទាន់សម័យ។

ពិភពលោក ៣ ដែលភាពខុសគ្នាទាំងស្រុង។ ប៉ុន្តែ សំណួរដ៏មានអត្ថន័យមួយ​ដែលចោទសួរឡើងនៅ​ក្នុង​​រឿងរ៉ាវទាំង​បី​នោះគឺ៖ តើ​យើងត្រូវការ​អ្វីខ្លះដើម្បីការពារអ្វីៗដែលមានតម្លៃបំផុតសម្រាប់យើង?

កញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ស្ថាបនិកស្ថាប័ន Human of This Planet បានមានប្រសាសន៍ថា៖ «នៅក្នុងពិភពលោកមួយដែល​គេ​​តែង​ផ្តល់តម្លៃដល់សំឡេងណា​ដែលលឺជាងគេ ពួក​យើងមានចេតនា​ជ្រើស​រើស​​​​​ស្តាប់​សំឡេងរបស់​អ្នកដែលទូលរែក​ការ​​ទទួលខុសត្រូវដ៏ធំធេង តែមិនសូវមានគេ​​លឺនិងស្គាល់។ ការនិទានរឿង​គឺបង្កប់នូវការទទួលខុសត្រូវជាប្រព័ន្ធ។ ខណៈពេលដែល​ពិភពលោក​បែរ​ទៅ​យក​ចិត្តទុកដាក់​លើ​បញ្ហានិរន្តរភាព ការផ្តោតលើការនិទានរឿងរ៉ាវផ្ទាល់ខ្លួននេះ​ ​គឺមានបំណងដើម្បី​ស្ដារ​​តុល្យភាព និង​កំណត់​ថាតើនរណាដែលគួរតែត្រូវបានគេមើលឃើញ នរណាគួរទទួលបានមូលនិធិ និងនរណាដែលគួរទទួលបានការគាំទ្រនៅថ្នាក់​​មូលដ្ឋាន»។

ការចាក់បញ្ចាំងនាថ្ងៃទី១៩ ខែមិថុនា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបង្ហាញជូននូវខ្សែភាពយន្តទាំង ៣ភាគនេះ បន្ទាប់មកនឹងមានការពិភាក្សាដេញដោលដោយ​ក្រុម​វាគ្មិន​ ព្រមទាំងកម្មវិធី​ជជែក​កសាងបណ្ដាញ​បើកទូលាយ ជាមួយតួអង្គក្នុងខ្សែភាពយន្តឯកសារ និងក្រុមការងារផលិតផងដែរ។ ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងដោយមានអក្សររត់ពីក្រោម (Subtitles) ជាភាសាអង់គ្លេស និងភាសាខ្មែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

eMoney ប្រារព្ធពិធីខួប ៨ឆ្នាំ នៃការបង្កើតតម្លៃ និងការបើកទំព័រថ្មី

ក្រុមហ៊ុន eMoney បានប្រារព្ធពិធីខួបលើកទី ៨ របស់ខ្លួនក្រោមប្រធានបទ «eMoney ចាប់ផ្តើមទំព័រថ្មី ឬ eMoney...

ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើបមួយ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ ក្រោយមានអាការៈចុកតំរងនោមខ្លាំង

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា...

Metfone ផ្តល់ឱកាសឈ្នះរថយន្ត ម៉ូតូ និង iPhone ជូនអតិថិជនដែលភ្ជាប់គម្រោង កាដូ & Met5G

ក្រុមហ៊ុន Metfone បានចាប់ផ្តើមយុទ្ធនាការប្រូម៉ូសិនជាផ្លូវការ ជាមួយនឹងរង្វាន់សរុបដែលមានតម្លៃរហូតដល់ ៨៨,០០០ ដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យ នៅពេលពួកគេភ្ជាប់គម្រោងថ្មី...