វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។
ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម (Trade Deficit) ចំនួន ១៤,០២ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ បានព្យាករណ៍ថាការនាំចេញសម្រាប់ពេញមួយឆ្នាំនេះ នឹងកើនឡើងជាង ២៥% ដែលជាតួលេខខ្ពស់ជាងគោលដៅរំពឹងទុករបស់រដ្ឋាភិបាល (ចន្លោះពី ១៥ ទៅ ១៦%)។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៧ នៅពេលដែលវៀតណាមបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទំហំពាណិជ្ជកម្មរបស់ប្រទេសនេះមានត្រឹមតែ ១០០ពាន់លានដុល្លារប៉ុណ្ណោះ។
កំណើនពាណិជ្ជកម្មនៅក្នុងឆ្នាំនេះ ត្រូវបានជំរុញជាចម្បងដោយក្រុមហ៊ុនបរទេស ដោយបានរួមចំណែករហូតដល់ ៧៧៨ពាន់លានដុល្លារ នៃការដោះដូរពាណិជ្ជកម្មសរុប (កើនឡើង ៣៧%)។ ចំណែកឯក្រុមហ៊ុនក្នុងស្រុកវិញ សម្រេចបានទំហំពាណិជ្ជកម្ម ២២៣ពាន់លានដុល្លារ កើនឡើង ១៦%។ មុខទំនិញនាំចេញ-នាំចូលធំៗទាំង ៣ ប្រភេទរួមមាន៖ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់; ទូរស័ព្ទ និងគ្រឿងបន្លាស់; រួមជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍ គ្រឿងយន្ត និងគ្រឿងបន្លាស់។
ប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទាំងពីររបស់ប្រទេសវៀតណាម។ ការនាំចេញទៅកាន់ទីផ្សារមួយចំនួនដែលវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ រួមមាន ម៉ិកស៊ិក (កើនឡើង ៤២,៥%) កូរ៉េខាងត្បូង (កើនឡើង ១៩,១%) ជប៉ុន (កើនឡើង ១៨,៦%) និងកាណាដា (កើនឡើង ១៤,៤%)។ បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស និងដែនដីចំនួន ២៣៧ នៅជុំវិញពិភពលោក។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងព្រាងយុទ្ធសាស្ត្រសម្រាប់ការនាំចេញ-នាំចូលទំនិញរហូតដល់ឆ្នាំ២០៣០ ដោយចាត់ទុក "ការធ្វើពិពិធកម្មទីផ្សារ" (Diversification) ជាអាទិភាពចម្បង។
ក្រសួងមានបំណងធានាថា រហូតដល់ឆ្នាំ២០៣០ នឹងមិនមានទីផ្សារតែមួយណាក្តាប់យកចំណែកលើសពី ២៥% នៃការនាំចេញសរុប ឬលើសពី ៣៥% នៃការនាំចូលសរុបរបស់វៀតណាមនោះទេ។ លើសពីនេះ ចំណែករួមបញ្ចូលគ្នានៃទីផ្សារ ឬតំបន់នាំចេញធំបំផុតទាំង៣ នឹងត្រូវបានកំណត់មិនឱ្យលើសពី ៥៥% នោះឡើយ។
សម្រាប់ត្រីមាសទី៤ នេះ ក្រសួងគ្រោងនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ការពង្រីកទីផ្សារ និងការពង្រឹងសមត្ថភាពក្រុមហ៊ុនក្នុងការអនុលោមតាមបទប្បញ្ញត្តិនានា។
វិធានការទាំងនេះរួមមាន ការព្រមានជាមុនអំពីករណីវិធានការពាណិជ្ជកម្ម (Trade remedy cases) របាំងពន្ធដារ ស្តង់ដារបៃតង តម្រូវការតាមដានប្រភពដើម និងវិធានប្រភពដើមទំនិញ។
ទន្ទឹមនឹងនេះ ក្រសួងក៏គ្រោងនឹងជំរុញការនាំចេញជាផ្លូវការ ពង្រីកកិច្ចព្រមព្រៀង និងពិធីសារសម្រាប់ការធ្វើចត្តាឡីស័កកសិកម្ម វិនិយោគលើភស្តុភារខ្សែសង្វាក់ត្រជាក់ (Cold-chain logistics) ព្រមទាំងធ្វើស្តង់ដារនីយកម្មតំបន់ដាំដុះ និងទីតាំងវេចខ្ចប់ ដើម្បីបំពេញតាមតម្រូវការដ៏តឹងរ៉ឹងរបស់ទីផ្សារសកលលោកផងដែរ។
ប្រែសម្រួល៖ គីរី
https://e.vnexpress.net/news/business/economy/vietnam-trade-crosses-1-trillion-for-first-time-5138655.html
Home›ព័ត៌មានសេដ្ឋកិច្ច›ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែវៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុ…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





