event

រោងចក្រថាមពល​កម្តៅ ជីវម៉ាស របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ក្រោម​កិច្ច​សហការជាមួយក្រុមហ៊ុន BECIS ដើម្បី​សម្រេច​បាន​​​ថាមពលកម្តៅ​កកើត​ឡើងវិញ ១០០%

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅ​ថ្ងៃទី​២២ ខែ​កញ្ញានេះ​ បាន​បើកសម្ពោធជាផ្លូវការនូវរោងចក្រ​ថាមពល​​​កម្តៅ​ជីវម៉ាស​​ធំដំបូងគេ​បង្អស់​នៅ​កម្ពុជា​​ក្រោម​អធិបតីភាពដ៏ខ្ពង់​ខ្ពស់​​របស់​រដ្ឋមន្ត្រី​​ក្រសួង​បរិស្ថាន​ ថ្នាក់​ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគម​ពាណិជ្ជកម្ម ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ការ​បើក​សម្ពោធ​រោងចក្រថាមពល​កម្ដៅជីវម៉ាសដែលមា​នទីតាំង​នៅទល់​មុខរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹ​ត្តិការណ៍ដ៏សំខាន់មួយ​សម្រាប់ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​ពាក្យស្លោក “ធ្វើឱ្យ​ប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួន ពោលគឺ​ជា​ការ​ប្តេជ្ញាចិត្ត​ឆ្ពោះទៅ​រក​​ពិភពលោកដែលបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ  កាន់តែមានសមភាព និងភពផែនដីដែលកាន់តែប្រសើរឡើង​។

រោងចក្រថាមពលកម្តៅជីវម៉ាសដែលមាន​តម្លៃ ៥,៨​លានដុល្លារអាមេរិកនេះ​នឹង​ប្រើប្រាស់​​អង្កាមដែល​នាំយក​មក​ពី​ខេត្តព្រៃវែង​​ដើម្បីដុត​បង្កើត​ជា​ចំហាយ​ដែល​នឹងផ្គត់ផ្គង់​ថាមពលកម្តៅកកើត​ឡើងវិញ​ ១០០% សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រផលិត​​ស្រាបៀររបស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាម​រយៈការ​ផ្លាស់ប្តូរ​ទៅ​ប្រើប្រាស់​ថាមពលកម្តៅ​ជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថា​នឹង​កាត់​បន្ថយ​ការបំភាយ​ឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់​ទៅ ៦០% នៅ​ក្នុងផលិតកម្ម​របស់​ខ្លួន។

ពិធីសម្ពោធជាផ្លូវការនេះ​ធ្វើឡើង​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួងបរិស្ថាន​កម្ពុជា​ លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជាអគ្គនាយក​​ក្រុមហ៊ុន HEINEKEN Group លោក Michel de Carvalho នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោក Jacco vander Linden ប្រធាន​ទទួលបន្ទុក​តំបន់​​អាស៊ីប៉ាស៊ីហ្វិក​នៃក្រុមហ៊ុន HEINEKEN Group លោក Samson Wong នាយក​​គ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោក Eren Ergin អគ្គ​នាយកក្រុមហ៊ុន BECIS។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថានបា​នមានប្រសាសន៍ថា៖ «យើងត្រូវ​ទទួល​ស្គាល់ការពិ​ត​មិន​អាច​ប្រកែក​បាន​ថា សន្តិភាព​និងស្ថិរភាពនៅ​ទូទាំងប្រទេស​ដែល​បាន​វិវឌ្ឍ​ចេញពី​មនសិការ​ ​ឯកភាពជាតិ និង​សមាហរណកម្ម​​ក្រោម​គោលនយោបាយឈ្នះ-ឈ្នះ គឺជា​កាតាលីករ​សម្រាប់​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​​ប្រទេស និងការ​លើក​កម្ពស់​កម្រិត​ជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយ​នឹង​ការ​​ប្រឹង​ប្រែង​ដែល​លើកឡើង​​ខាង​លើ ប្រទេស​កម្ពុជា​បាន​រីកចម្រើន​ពី​ប្រទេស​​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ជា​ប្រទេស​​​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​មាន​គោលដៅ​ក្លាយ​ជា​ប្រទេស​​​មាន​ចំប្រាក់​ណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។ ដោយ​ផ្អែកលើ​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​តម្លៃ​នេះ កម្ពុជា​អាចឈាន​ទៅ​មុខ​មួយ​ជំហាន​បន្ថែម​ទៀត​​ក្នុងការ​ពិចារណា និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​ចេញ​ពី​បញ្ហា​បរិស្ថាន និងការ​ប្រែប្រួល​អាកាសធាតុ។ ថ្ងៃនេះ យើងបង្កើត​​​​​ឱកាស​ដ៏​​សំខាន់មួយ​សម្រាប់​កម្ពុជាជាមួយ​នឹង​​​ការ​បើក​ដំណើរ​ការ​រោងចក្រថាមពល​ជីវម៉ាស​ដែល​ទន្ទឹង​រង់ចាំ​​​ជាយូរ​មក​ហើយ​​​ថា​នឹង​​ផ្តល់​​ផ្លែផ្កា​ដល់​ប្រទេស​ជាតិ។ យើង​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន ហ៊ិននីគែន សម្រាប់​ការ​​​បន្ត​ជំរុញ​ការ​ប្តេជ្ញាចិត្ត​ផ្នែក​និរន្តរភាព​​របស់​ខ្លួន​ក្នុង​​នាម​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​អន្តរជាតិ​ដ៏ធំ​មួយ ជា​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួលខុស​ត្រូវចំពោះ​​សង្គម និង​ជា​អ្នកចូល​​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។ ការ​វិនិយោគរបស់​ក្រុមហ៊ុន ហ៊ិននីគែន គឺជា​ផ្តល់​​ទំនុក​ចិត្ត​និងភាពជឿជាក់មក​​លើ​កម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​​​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ សូមរួមគ្នាបន្ត​​ដំណើរ​ទៅមុខ​​ទៀត​​ដើម្បី​ជំរុញ​​អនាគត​ដ៏រីកចម្រើន ប្រកប​ដោយ​បរិយាបន្នផ្នែក​សង្គម និង​​ប្រកប​ដោយ​និរន្តរភាព​ផ្នែក​បរិស្ថាន​សម្រាប់​​យើង​ទាំង​អស់​គ្នា»។

លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជាអគ្គនាយក​​ក្រុមហ៊ុន HEINEKEN Group មាន​ប្រសាសន៍ថា៖ «សម្រាប់​​រយៈ​​ពេល​ជាង ១៥៨​ឆ្នាំ​មកនេះ និរន្តរភាព​និងការ​ទទួល​ខុស​ត្រូវ​គឺ​ជា​ផ្នែក​មួយ​នៃ DNA របស់​ក្រុមហ៊ុន ហ៊ិននីគែន។ យើង​ជាអ្នក​ផលិត​និងជាអ្នក​ធ្វើ ហើយ​យើង​ដឹង​ថា សកម្មភាព​របស់​យើង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់ជាង​​ពាក្យសម្ដី។ ខ្ញុំមាន​មោទនភាព​ចំពោះ​ក្រុមការងារ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ប្រតិបត្តិការ​រោងចក្រថាមពលកម្តៅជីវម៉ាស​ទ្រង់ទ្រាយ​ធំនេះ ដើម្បី​កាត់​បន្ថយការ​បំភាយ​កាបូន​របស់​យើង និង​នាំ ​យើង​ឱ្យ​ដើរ​ឆ្ពោះ​ទៅមុខ​មួយ​ជំហានទៀត​លើ​​ដំណើរ​ផ្លូវ​​របស់​យើង​ឆ្ពោះ​ទៅ​រកការសម្រេចបាននូវការបំភាយកាបូនត្រឹមកម្រិតសូន្យ»។

ក្រៅ​ពីការ​បង្កើត​ការងារថ្មី​នៅ​​រោចក្រ​​ផ្ទាល់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ធ្វើការងារ​ពាក់​ព័ន្ធ​នឹង​សង្វាក់ផលិតកម្ម​ស្រូវ​ផងដែរ​​ដូចជា​រោងម៉ាស៊ីន​កិនស្រូវ និង​កសិករ​ជា​ដើម។ ការ​ប្រើប្រាស់​អង្កាម​ធ្វើ​​ជា​ប្រភពថាមពលកម្តៅ​នេះ​បាន​ប្រែក្លាយ​កាក​សំណល់​កសិកម្ម​និងសរីរាង្គ​ដែល​ត្រូវបាន​បោះចោល​ ទៅ​ជា​ប្រភពចំណូលបន្ថែម​សម្រាប់​សហគមន៍​មូលដ្ឋាន។

លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែង​ថា៖ «យើង​មាន​ឫសគល់​ដ៏រឹងមាំនៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំមក​នេះ យើង​បាន​បណ្តាក់ទុន​រាប់​រយ​លាន​ដុល្លារ​នៅ​ក្នុងក្រុមហ៊ុន​ផលិត​ស្រាបៀរ​ក្នុងស្រុក​របស់​យើង ដែល​ផ្តល់​ការងារ​ដល់​បុគ្គលិក​រាប់រយ​នាក់ និង​​ផ្តល់​ការងារ​ប្រយោល​នៅទូទាំង​​ខ្សែសង្វាក់​ផលិតកម្ម​រាប់ចាប់ពី​ការងារ​ផលិតវត្ថុធាតុដើមរហូត​ដល់ការងារ​នៅ​តាម​​​ហាង​ទំនិញ។ ជាមួយ​នឹងការ​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ថាមពលកម្តៅជីវម៉ាសនេះ យើង​សង្ឃឹម​ថា​នឹង​បង្កើត​ឱ្យមាន​ផលវិជ្ជមាន​​បន្ថែម​ទៀត នៅ​ក្នុង​សហគមន៍​ដែលយើង​ធ្វើការងារ​ជាមួយ។ មហិច្ឆតា “ធ្វើឱ្យ​ប្រទេសកម្ពុជាកាន់តែប្រសើរ” របស់​យើង​​បាន​បង្កប់​យ៉ាង​ជ្រៅ​នៅក្នុង​អាជីវកម្មរបស់​យើង​អស់រយៈ​ពេលជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​​​ការ​បើកដំណើរការ​រោងចក្រថាមពល​ថ្មីនេះ​​បង្ហាញឱ្យឃើញថា មហិច្ឆតានេះ​នឹង​ដឹកនាំ​យើង​ឱ្យ​ដើរ​ឆ្ពោះ​ទៅ​មុខសម្រាប់​មនុស្ស​​ជា​ច្រើន​ជំនាន់​​​ទៅមុខ​ទៀត»។

ការ​សាងសង់​រោងចក្រថាមពលកម្តៅជីវម៉ាស​នេះ​ត្រូវបាន​បញ្ចប់​​​ក្រោមការ​សហការ​ជាមួយ​ក្រុមហ៊ុន BECIS ដែល​ជា​ក្រុមហ៊ុនផ្តល់​សេវា​​​ថាមពល​​ (EaaS) ឈានមុខគេ​​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី។ កិច្ចសហការ​នេះ​ធ្វើឡើង​ក្នុង​រូបភាពជា​កិច្ចព្រមព្រៀង​​​ទិញថាមពល​ក្នុង​រយៈពេល​វែង​ (PPA)។

លោក Eren Ergin អគ្គនាយក​​ក្រុមហ៊ុន BECIS មានប្រសាសន៍ថា៖ «វា​ជាកិត្តិយសណាស់​ក្នុង​ការ​ចាប់​ដៃគូជា​មួយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីនាំយក​គម្រោងដ៏សំខាន់នេះ​មក​កាន់​ប្រទេស​​កម្ពុជា។ ការផ្លាស់​ប្តូរ​ឆ្ពោះ ទៅកាន់ការប្រើប្រាស់​ថាមពលដែល​មាន​​និរន្តរភាព នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ និងកែប្រែ​របៀប​ដែល​យើង​ធ្វើ​អាជីវកម្ម​និង​​ផ្តល់ជូនអតិថិជន។ យើង​ជឿថា ការ​ប​ង្កើត​តម្លៃ​និងការអភិវឌ្ឍប្រកប​ដោយ​និរន្តរភាព គឺ​ជា​គោលដៅ​បំពេញ​បន្ថែម​ដែល​ពឹង​ផ្អែក​​​​គ្នា​ទៅវិញ​ទៅមក​យ៉ាងខ្លាំង»។

ធ្វើឱ្យ​ពិភពលោកកាន់តែប្រសើរ, ធ្វើឱ្យ​ប្រទេសកម្ពុជាកាន់តែប្រសើរ

នៅឆ្នាំ២០២១ ក្រុមហ៊ុន HEINEKEN Group បាន​បង្ហាញ​​គោលបំណង​ថ្មីៗ​ជា​លក្ខណៈ​អន្តរជាតិ និង​​សម្រាប់​​ប្រទេសកម្ពុជា ដើម្បីឈាន​ទៅដល់​ការបំភាយ​ឧស្ម័នសូន្យ​​​នៅ​ក្នុង​ផលិតកម្ម​របស់​ខ្លួន​នៅ​ឆ្នាំ២០៣០ និង​នៅ​ទូទាំង​ខ្សែសង្វាក់ផលិតកម្មទាំង​មូល​នៅ​ឆ្នាំ២០៤០។ ក្រុមហ៊ុន​កំពុង​ប្រកាន់​យក​វិធីសាស្រ្ត​ផ្អែក​លើ​វិទ្យាសាស្ត្រ ដោយ​ធ្វើ​ការ​ងារ​យ៉ាងជិត​​ស្និទ្ធ​ជា​មួយ Science Based Targets initiative (SBTi) ដើម្បី​ធ្វើ​ឱ្យ​​ការ​ប្តេជ្ញាចិត្ត​របស់​​ក្រុមហ៊ុន​មាន​ភាព​ស្រប​តាម​ស្តង់ដា​សកល ហើយ​ក្រុមហ៊ុន​ផ្តោតលើ​សកម្មភាព​​ជាក់​ស្តែង​ដោយ​ធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជា​មួយអតិថិជន អ្នក​ប្រើប្រាស់ និង​អ្នកផ្គត់ផ្គង់ ដើម្បី​ជម្រុញសេដ្ឋកិច្ច​វិលជុំ។

មុននឹង​បង្កើត​រោងចក្រថាមពលកម្តៅ​ជីវម៉ាសនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​វិនិយោគ​រួចហើយ​លើ​​រោងចក្រប្រព្រឹត្តិកម្ម​សំណល់រាវ​​ដ៏ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​​​នៅរោងចក្រផលិត​ស្រាបៀរ​​របស់ក្រុមហ៊ុននៅ​រាជធានី​ភ្នំពេញ។ ជីវឧស្ម័ន​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់រាវនេះក៏ត្រូវ​បាន​ប្រើប្រាស់​ជា​​ថាមពល​កម្តៅ​ក្នុង​ប្រតិបត្តិការ​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន​​ផងដែរ​ ក្នុង​ទម្រង់​ជា​​​ថាមពលកកើតឡើងវិញ​។ ចាប់​ពីថ្ងៃនេះ​ត​ទៅ ថាមពល​កម្តៅ​​ដែលអាច​កកើត​ឡើង​វិញ​បាន ១០០% របស់​ក្រុមហ៊ុន នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​​ជីវឧស្ម័ន និងជីវម៉ាស។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់​លើ​​ការប្តេជ្ញាចិត្តរបស់​ខ្លួន​ខាងផ្នែក​​បរិស្ថាន​តាមរយៈការ​ឈ្នះពានរង្វាន់ EuroCham CSR Environmental Award និង​ការឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ​នៅ​កម្ពុជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០២១។

​​​​និរន្តរភាព​​ផ្នែក​បរិស្ថាន ​និងសង្គម រួម​ជាមួយ​នឹង​ការលើក​កម្ពស់​ការ​ពិសាគ្រឿង​ស្រវឹង​​ដោយការ​ទទួល​​ខុស​ត្រូវ ​​​បង្កើត​​បានជា​សសរស្តម្ភទាំង​​បី​ ដែល​បង្កើតបាន​ជា​មហិច្ឆតា “ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់​តែប្រសើរ” រយៈ​ពេល​វែង​របស់​ក្រុមហ៊ុន៕

អំពី​ក្រុមហ៊ុន HEINEKEN

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសារ និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសារ​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពីក្រុមហ៊ុន​ BECIS 

​​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី និង​មាន​​ក្រុមហ៊ុនបុត្រ​​សម្ព័ន្ធ​មួយ​​នៅ​កម្ពុជា​ ក្រុមហ៊ុន BECIS មាន​ផល​បត្រ​​​វិនិយោគ​ដ៏ច្រើន​​នៅ​ទូទាំង​តំបន់​អាស៊ី​។ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ថាពមល​ (EaaS) ឈាន​មុខ​គេ​មួយ ​ក្រុមហ៊ុន BECIS ជឿជាក់​ថា ការ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​​​កាបូន ​វិមជ្ឈការនីយកម្ម និង​​ឌីជីថលូបនីយកម្ម​​​​នៃ​​ថាមពល​ គឺជា​គន្លឹះ​ក្នុងការ​បើក​ឱកាស​​ឱ្យ​ក្រុមហ៊ុន​នានា​សម្រេច​គោលដៅ​ប្រតិបត្ដិការ​ប្រកប​ដោយ​​ចីរភាព។

ការ​ផ្គត់ផ្គង់​សេវា​ថាពមល​ (EaaS)៖ ជាមួយគំរូ​អាជីវកម្ម EaaS ក្រុមហ៊ុន BECIS អភិវឌ្ឍ​ សាង​សង់ ប្រតិបត្តិការ​​ និង​កាន់កាប់​ដំណោះ​ស្រាយ​​ចែកចាយ​ថាមពល​។ គំរូ​អាជីវកម្ម​នេះកាត់​បន្ថយ​ហានិភ័យ​ និង​ភាព​ស្មុគស្មាញ​សម្រាប់​អតិថិជន​ ខណៈ​​​សម្រេច​​​គោលដៅ​សំខាន់​ៗ​​ពាក់​ព័ន្ធ​នឹង​និរន្តរភាព​ បង្កើន​​ប្រសិទ្ធភាព​ចំណាយ និង​លទ្ធភាព​​ស្ទុះ​ងើប​​នៃ​ហេដ្ឋរចនាសម្ព័ន្ធ​ថាមពល​ ដែល​ទាំង​​អស់​នេះ​មិន​ត្រូវ​ការ​ការ​​​​វិនិយោគ​មូលធន​ឡើយ​៕

Most Popular

To Top