ហិរញ្ញវត្ថុ

សម្ដេចតេជោ៖ ថវិកាដែលសប្បុរសជន ចូលរួមរហូតពេលនេះ មានជាង ១៨លានដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថាបន្ទាប់ពីសម្ដេចប្រកាសពីការទិញវ៉ាក់សាំងការពារ កូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកាស ដែលរហូតដល់ពេលនេះមានជាង១៨លានដុល្លារអាមេរិក។

តាមរយៈហ្វ៊េសប៊ុករបស់សម្ដេចតេជោ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ថា “បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំង ការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារ
សុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សរុបថវិកាដែលសប្បុរសជន ចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះ មានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត”

សម្ដេចបន្តថា នៅមានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

សម្ដេចបន្ថែមថា “ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេននិងជំរាបជូនថា ក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណ ចំឈ្មោះពិតប្រាកដ។ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃនិងបងប្អូនជនរួមជាតិ ក្នុងចលនាប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារសុខភាពរបស់ប្រជាជន)”

Most Popular

To Top