ហិរញ្ញវត្ថុ

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី ការកំណត់អត្ដសញ្ញាណ និងការផ្សព្វផ្សាយ ផលិតផលសក្ដានុពលកម្ពុជា នៅខេត្តព្រៃវែង

ភ្នំពេញ៖នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង រៀបចំសិក្ខាសាលាស្តីពីការកំណត់អត្ដសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជាដែលប្រព្រឹត្តទៅ ក្រោមអធិបតី ភាពរបស់ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្មកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ឡាច ភីរ៉ាត់ នាយករងរដ្ឋបាលសាលាខេត្ដព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្ត ជាពិសេស លោក លោកស្រីជាម្ចាស់ផលិតករ សិប្បករ សមាគម អាជីវករ ពាណិជ្ជករ សិស្ស និស្សិតក្នុងខេត្ត។ នេះបើយោងតាម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម General Directorate of Trade Promotion

សិក្ខាសាលានេះមានវាគ្មិនមកពី នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សភាពាណិជ្ជកម្មកម្ពុជា និងម្ចាស់រោង ម៉ាស៊ីនកិនស្រូវ ក្រោមប្រធានបទចំនួន៤ គឺ៖ ១-យុទ្ធសាស្រ្តជំរុញផលិតផលសក្ដានុពលកម្ពុជាដើម្បីនាំចេញ ២-ការបង្កើនផលិតភាពនិងផលិតកម្មដំណាំកសិកម្ម ៣-ជីអេស១ កម្ពុជា (បារកូដកម្ពុជា) និង៤-ការចែករំលែកបទពិសោធន៍ អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវក្នុងខេត្ដព្រៃវែង។

ការរៀបចំសិក្ខាសាលានាថ្ងៃនេះ ជាផ្នែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈ សកម្មភាពចងក្រងកំណត់អត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពល និងផលិតផលនានាប្រចាំតំបន់ដែលផលិតនៅតាមបណ្តារាជធានី-ខេត្ត ព្រមទាំងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយជូនសាធារណជនបានស្គាល់ និងគាំទ្រប្រើប្រាស់ផលិតផលសក្តានុពលទាំងនោះឱ្យកាន់តែច្រើន។ ការកំណត់បាននូវអត្តសញ្ញាណផលិតផលសក្តានុពលរបស់ខេត្តនីមួយៗ គឺជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជាជាមួយធុរជន អ្នកនាំចេញ និងពាណិជ្ជករអន្តរជាតិ ដែលមានបំណងស្វែងរកផលិតផលកម្ពុជាសម្រាប់កិច្ចការពាណិជ្ជកម្ម។

ជាក់ស្តែងជាលទ្ធផលនៃអង្គសិក្ខាសាលានាព្រឹកនេះ បានកំណត់នូវផលិតផលសក្តានុពលរបស់ខេត្ដព្រៃវែង ចំនួន១៩មុខ ដែលក្នុងនោះមាន ៩មុខជាផលិតផលភូមិមួយផលិតផលមួយមានសាច់ក្រកម៉ាកមហាលាភនិងម៉ាកសុភមង្គល(ពារាំង) អំបុក(ឃុំត្នោត ស្រុកកញ្ចៀច) នំទ្រាំ(ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ) សម្ភារៈប្រើប្រាស់ធ្វើពីឫស្សី(ឃុំព្រៃឃ្នេស ស្រុកមេសាង) វត្ថុសិល្បៈធ្វើពីរំពាក់(ឃុំក្របៅ ស្រុកកំចាយមារ) កន្ទេលកក់(ឃុំកំពង់ពពិល ស្រុកពារាំង) ហូលព្រែកចង្ក្រាន ក្រម៉ា(ឃុំល្វេ ស្រុកស៊ីធរកណ្ដាល) និងសម្ភារៈធ្វើពីផ្លាស្ទិក(ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍)។

ចំណែកផលិតផល១០មុខទៀតជាផលិតផលប្រចាំតំបន់ដែលមានសក្តានុពលគួរកត់សម្គាល់ ហើយកំពុងត្រូវបានជំរុញចូលទីផ្សារឱ្យកាន់តែទូលំទូលាយរួមមាន ទឹកសុទ្ធ មាន់ស្រែ និងស្រូវពូជ(បាភ្នំ) បន្លែសុវត្ថិភាព សរីរាង្គ(ពាមជរ) ទឹកត្រីទឹកស៊ីអ៊ីវ ម៉ាកបង្កងពីរត្រីកន្ធរ អង្ករស្រែធម្មជាតិ ទឹកម្ទេសនិងប្រហិតសាច់គោ(ពាមរក៍) ប្រេងដូង ប្រេងល្ងខ្មៅ ប្រេងកូឡា និងតែធ្វើពីស្លឹកគ្រៃ ទំពារ(ពារាំង) និងខ្ទឹមខ្មៅ។ ម្ចាស់ផលិតផលសក្តានុពលចំនួន៥រូប បានណែនាំខ្លួន និងបង្ហាញអំពីសាវតា សហគមន៍ លក្ខណៈពិសេសផលិតផល ទីផ្សារ បញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់។

អង្គសិក្ខាសាលាបានអបអរសាទរនូវការខិតខំប្រឹងប្រែងរបស់ផលិតករក្នុងស្រុក ហើយបានជំរុញ លើកទឹកចិត្តដល់ផលិតករក្នុងខេត្ត ដើម្បីពង្រីក និងពង្រឹង គុណភាព នវានុវត្តន៍ តាមរយៈការកសាងម៉ាកសញ្ញាសម្គាល់ផលិតផលកម្ពុជា ការដាក់ឈ្មោះម៉ាក/យីហោ របស់ក្រុមហ៊ុន សហគ្រាសឱ្យបានត្រឹមត្រូវ រួមជាមួយថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកតម្លៃ លេខបារកូដផលិតផលឱ្យបានច្បាស់លាស់ ដើម្បីបង្កើនតម្លៃផលិតផល និងទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអាចប្រកួតប្រជែង ជាមួយផលិតផលនាំចូល ព្រមទាំងឈានចូលទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

សិក្ខាកាមបានទទួលនូវព័ត៌មាននិងចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់សម្រាប់ បង្កើនការផលិត ការកែច្នៃ និងប្រាក់ចំណូល បង្កើតឱកាសការងារ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងដើម្បីស្វែងរកឱកាសក្នុងការពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួននាពេលបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាចិត្តរិះរក និងសិក្សាបន្ថែមក្នុងការបង្កើតផលិតផលសក្ដានុពលថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍខេត្ដ និងប្រកួតប្រជែង ជាមួយផលិតផលនាំចូល។

ទន្ទឹមនឹងនេះ អង្គសិក្ខាសាលាបានលើកសំណូមពរដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជួយលើកទឹកចិត្តដល់ផលិតករខ្មែរ និងបង្កើនផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរណ៍បរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ «រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ»។

សិក្ខាកាមបានបង្ហាញពីក្តីសប្បាយរីករាយក្រោយបញ្ចប់អង្គសិក្ខាសាលា ហើយបានសំណូមពរឱ្យមានសិក្ខាសាលានេះជារៀងរាល់ឆ្នាំ ដើម្បីរៀបចំបញ្ចូលផលិតផលរបស់ពួកគាត់ទៅជាផលិតផលសក្ដានុពលនិងងាយស្រួលក្នុងការពង្រីកទីផ្សារបន្ថែមទៀត៕

Most Popular

To Top