អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា

Date:

ភ្នំពេញ៖​ ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វ អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា។

ប្រព័ន្ធរាយការណ៍អនឡាញនេះ លើកទឹកចិត្តដល់សាធារណជន និងភ្ញៀវទេសចរ ក្នុងការចែករំលែកព័ត៌មាន និងរាយការណ៍ដោយស័្មគ្រចិត្តពាក់ព័ន្ធនឹងសកម្មភាពហិង្សា និងការជួញដូរសាច់ឆ្កែនិងឆ្មានៅកម្ពុជា។

រាល់ការរាយការណ៍របស់លោកអ្នក នឹងត្រូវបានរក្សាជាអនាមិក និងមានសុវត្ថិភាព ហើយព័ត៌មានទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការងារអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងសាធារណៈ និងជាទិន្នន័យមូលដ្ឋានសម្រាប់ការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាសុខុមាលភាពសត្វ និងសុខភាពសាធារណៈនៅកម្ពុជា។

ជារឿយៗ អង្គការ FOUR PAWS តែងទទួលបានការរាយការណ៍អំពីបញ្ហាពាក់ព័ន្ធនឹងសុខុមាលភាពសត្វចិញ្ចឹមពីអ្នកគាំទ្រ និងអ្នកស្រលាញ់សត្វឆ្កែនិងឆ្មា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ។ ការរាយការណ៍ទាំងនេះភាគច្រើនពាក់ព័ន្ធនឹងករណីលួចសត្វចិញ្ចឹម ការឃើញទីតាំងសត្តឃាត ការធ្វើទារុណកម្មលើសត្វ និងសកម្មភាពដឹកជញ្ជូនសត្វ។ល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកគាំទ្រ និងសាធារណជន ព្រមទាំងធានាឱ្យការប្រមូលទិន្នន័យមានលក្ខណះស្តង់ដារ មានរបៀបរៀបរយ និងជាប្រព័ន្ធ អង្គការ FOUR PAWS បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញនេះឡើង។

ប្រព័ន្ធនេះមានគោលបំណងប្រមូល និងចងក្រងព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសុខុមាលភាពសត្វ ករណីហិង្សារ និងសកម្មភាពជួញដូរសត្វឆ្កែនិងឆ្មានៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រមូលព័ត៌មាន ដើម្បីប្រើប្រាស់ជាទិន្នន័យមូលដ្ឋានដែលមានភាពច្បាស់លាស់ ដើម្បីគាំទ្រដល់ការពិភាក្សា និងការរៀបចំផែនការយុទ្ធសាស្ត្រ បង្កើនការយល់ដឹង និងរួមចំណែកស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងការពារសុខភាពសាធារណៈនៅកម្ពុជា។

លោកស្រី ឯក សុធា អ្នកគ្រប់គ្រងប្រចាំប្រទេសនៃអង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញនេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា។

យើងជឿជាក់ថា ការចូលរួម និងការគាំទ្រពីសាធារណជន និងសហគមន៍អ្នកស្រលាញ់សត្វ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធនេះទទួលបានជោគជ័យ។ ប្រព័ន្ធនេះ មិនត្រឹមតែជួយសម្រួលដល់ការប្រមូលទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសាធារណជនចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធ ដោយផ្អែកលើទិន្ន័យជាក់លាក់ស្តីពីសុខុមាលភាពសត្វចិញ្ចឹម។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ យើងមានគោលបំណងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់បញ្ហាប្រឈមទាំងនេះនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ ការចូលរួមនេះនឹងរួមចំណែកក្នុងការកែលម្អសុខុមាលភាពសត្វចិញ្ចឹមរាប់លានក្បាល ហើយសំខាន់ជាងនេះ គឺការជួយកាត់បន្ថយហានិភ័យផ្នែកសុខភាពសាធារណៈដែរ។”

លោក ប៊ន ប៊ុនឈាង មន្ត្រីផ្នែកយុទ្ធនាការផ្សព្វផ្សាយរបស់អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍នេះ ដែលជាលើកដំបូងនៅកម្ពុជា មានគោលបំណង មិនមែនត្រឹមតែរួមចំណែកក្នុងការលុបបំបាត់ការជួញដូរសាច់ឆ្កែ និងឆ្មាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់វប្បធម៌នៃការសណ្តោសប្រណី និងការសន្ទនាដោយស្ថាបនា ដើម្បីស្វែងរកដំណោះស្រាយរួមក្នុងការលើកស្ទួយសុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា។

ប្រព័ន្ធនេះផ្តល់ឱកាសឱ្យសាធារណជននៅកម្ពុជា អាចចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងប្រើប្រាស់សំឡេងរួមរបស់យើង ជាតំណាងឱ្យសត្វចិញ្ចឹមដែលមិនអាចនិយាយបានដោយខ្លួនឯង។

តាមរយៈការចូលរួមពីសាធារណជន និងសហគមន៍អ្នកស្រលាញ់សត្វ យើងជឿជាក់ថា នឹងអាចជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ព្រមទាំងបង្កើតបរិយាកាសដែលមានសុវត្ថិភាព និងពោរពេញដោយសេចក្តីអាណិតស្រឡាញ់សម្រាប់សត្វចិញ្ចឹមទាំងអស់នៅកម្ពុជា។”


អង្គការ FOUR PAWS សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ ដែលបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពហិង្សា និងការជួញដូរសាច់ឆ្កែនិងឆ្មា សូមចូលរួមរាយការណ៍តាមរយៈប្រព័ន្ធអនឡាញនេះ។ ដើម្បីពង្រីកការចូមរួម អង្គការក៏សូមអំពាវនាវឱ្យជួយផ្សព្វផ្សាយប្រព័ន្ធរាយការណ៍នេះឱ្យបានទូលំទូលាយ តាមរយៈការចែករំលែកតំណភ្ជាប់ ឬស្កែន QR code ខាងក្រោម។

របៀបធ្វើការរាយការណ៍៖
● ចូលទៅកាន់៖ https://dogcatmeat.kh.four-paws.org/help-us-report-a-case ឬស្កែន QR code
● បំពេញព័ត៌មានលម្អិតអំពីសកម្មភាពហិង្សា ឬហេតុការណ៍ដែលអ្នកបានឃើញ
● ចុចបញ្ជូនការរាយការណ៍របស់អ្នកទៅកាន់ប្រព័ន្ធ


ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់ នឹងត្រូវបានរក្សាទុកដោយការការពារយ៉ាងហ្មត់ចត់ និងអាចរក្សាជាអនាមិក ឬលុបចោលស្របតាមគោលការណ៍ការពារទិន្នន័យ។


ទិន្នន័យដែលទទួលបានតាមរយៈប្រព័ន្ធរាយការណ៍នេះ នឹងត្រូវយកមកប្រើប្រាស់ជាមូលដ្ឋានសម្រាប់គាំទ្រកិច្ចពិភាក្សា និងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងក្នុងការអប់រំនិងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយ និងលុបបំបាត់សកម្មភាពហិង្សា និងការជួញដូរសាច់ឆ្កែ និងឆ្មានៅកម្ពុជា។

អង្គការ FOUR PAWS បន្តប្តេជ្ញាចិត្តក្នុងការសហការជាមួយសហគមន៍មូលដ្ឋាន អ្នកស្រលាញ់សត្វ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តវិធីសាស្ត្រដែលមានលក្ខណៈមនុស្សធម៌ លើកស្ទួយសុខុមាលភាពចិញ្ចឹម និងការពារសុខភាពសាធារណៈនៅកម្ពុជា។

កំណត់ចំណាំសំខាន់៖ ប្រព័ន្ធរាយការណ៍នេះមានគោលពំណងប្រមូលទិន្នន័យ និងព័ត៌មានពាក់ព័ន្ធសកម្មភាពហិង្សា និងការជួញដូរសាច់ឆ្កែនិងឆ្មាប៉ុណ្ណោះ មិនមានគោលបំណងប្រើប្រាស់សម្រាប់ការអនុវត្តច្បាប់ ឬផ្តល់អន្តរាគមន៍បន្ទាន់នោះទេ។ ក្នុងករណីដែលលោកអ្នកត្រូវការជំនួយ ឬអន្តរាគមន៍បន្ទាន់ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាន ឬក្រុមជួយសង្គ្រោះសត្វដែលនៅជិតលោកអ្នក។

បទពិសោធន៍ជោគជ័យពីការដាក់ដំណើរការប្រព័ន្ធរាយការណ៍នៅប្រទេសវៀតណាម
ចាប់តាំងពីដាក់ឱ្យដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប្រព័ន្ធរាយការណ៍របស់អង្គការ FOUR PAWS ប្រចាំនៅប្រទេសវៀតណាម បានទទួលការចាប់អារម្មណ៍ និងការចូលរួមយ៉ាងច្រើនពីសាធារណជន។ មកទល់បច្ចុប្បន្ន យើងបានទទួលការរាយការណ៍រាប់រយករណី ដែលបង្ហាញពីការព្រួយបារម្ភយ៉ាងទូលំទូលាយអំពីបញ្ហានេះនៅទូទាំងប្រទេស។

លើសពីនេះ ទិន្នន័យដែលបានប្រមូលបង្ហាញថា មានសត្វឆ្កែ និងឆ្មារាប់ពាន់ក្បាល ព្រមទាំងមនុស្សរាប់រយនាក់ បានរងផលប៉ះពាល់ពីសកម្មភាពជួញដូរនេះ។ ព័ត៌មានទាំងនេះបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធរាយការណ៍ក្នុងការប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ជាមូលដ្ឋានលើកកម្ពស់ការយកចិត្តទុកដាក់ និងគាំទ្រការរៀបចំគោលនយោបាយពាក់ព័ន្ធ។

យើងមានជំនឿថា ការដាក់ឱ្យដំណើរការប្រព័ន្ធនេះនៅកម្ពុជា នឹងទទួលបានគាំទ្រ និងការចូលរួមច្រើនពីសាធារជន ដើម្បីសម្រេចបានលទ្ធផលជោគជ័យស្រដៀងគ្នា ព្រមទាំងរួមចំណែកលើកកម្ពស់គំនិតផ្តួចផ្តើមក្នុងការកែលម្អរសុខុមាលភាពសត្វចិញ្ចឹម និងការពារសុខភាពសាធារណៈនៅកម្ពុជា។


ការជួញដូរសាច់ឆ្កែនៅកម្ពុជា ជាបញ្ហាមួយមានវិសាលភាពទូលំទូលាយ និងប៉ះពាល់ដល់ជីវិតសត្វឆ្កែប្រមាណជាង ៣ លានក្បាលក្នុងមួយឆ្នាំ។ ជាទូទៅ សត្វឆ្កែទាំងនេះភាគច្រើនជាសត្វចិញ្ចឹមដែលត្រូវបានលួច ឬត្រូវបានជួញដូរ ព្រមទាំងសត្វវង្វេង ដែលត្រូវបានចាប់ដោយប្រើវិធីសាស្ត្រដែលមានលក្ខណៈឃោរឃៅ ដូចជា ការដាក់ថ្នាំបំពុល ការវាយដំ និងការទាក់ចាប់យកដោយប្រើខ្សែទាក់ក ជាដើម។

បន្ទាប់ពីត្រូវបានចាប់ សត្វឆ្កែត្រូវបានដាក់បង្ខាំងនៅក្នុងទ្រុងតូចចង្អៀត គ្មានអនាម័យ និងត្រូវដឹកជញ្ជូនចម្ងាយឆ្ងាយដោយគ្មានការផ្តល់ចំណី ឬទឹកផឹក។ ស្ថានភាពទាំងនេះបណ្តាលឱ្យសត្វឆ្កែជាច្រើនស្លាប់ មុនពេលទៅដល់ទីកន្លែងសត្តឃាត។

ទោះបីជាការជួញដូរនេះមានទំហំធំ និងមានភាពឃោរឃៅក៏ដោយ ក៏មានតែប្រជាជនកម្ពុជាមួយភាគតូចប៉ុណ្ណោះដែលបរិភោគសាច់ឆ្កែ ខណៈដែលប្រជាជនភាគច្រើនកំពុងបង្ហាញការព្រួយបារម្ភអំពីបញ្ហាសុខុមាលភាពសត្វចិញ្ចឹម សុខភាពសាធារណៈ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។

បន្ថែមពីនេះ ការជួញដូរសាច់ឆ្កែ ក៏បង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈផងដែរ។ វាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរីករាលដាលនៃជំងឺឆ្កែឆ្កួត ដែលនៅតែជាបញ្ហាសុខភាពសាធារណៈដ៏គួរឱ្យព្រួយបារម្ភនៅកម្ពុជា ហើយក៏អាចរារាំងដល់ការអនុវត្ត និងការសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិ និងក្នុងតំបន់ ក្នុងការលុបបំបាត់ជំងឺនេះផងដែរ។

ការស្ទង់មតិនាឆ្នាំ២០២១ ដោយអង្គការ FOUR PAWS បានបង្ហាញថា៖
● ៩៤% នៃអ្នកចូលរួមឆ្លើយសំនួរ បានបញ្ជាក់ថា ការបរិភោគសាច់ឆ្កែមិនមែនជាផ្នែកមួយនៃវប្បធម៌ខ្មែរនោះទេ
● ៩០% បានសម្តែងការគាំទ្រឱ្យមានការហាមឃាត់ការជួញដូរសាច់ឆ្កែនៅទូទាំងប្រទេស
● ៨៦% បានបង្ហាញថា ពួកគេចង់ឱ្យជ្ញាធរពាក់ព័ន្ធចាត់វិធានការរឹងមាំ ដើម្បីលុបបំបាត់ការជួញដូរនេះ

លទ្ធផលទាំងនេះបង្ហាញថា ការជួញដូរសាច់ឆ្កែមានលក្ខណៈផ្ទុយពីនិន្នាការរីកចម្រើននៃសង្គមកម្ពុជាបច្ចុប្បន្ន ដែលផ្តោតសំខាន់លើការការពារសុខភាពសាធារណៈ ក៏ដូចជាការលើកកម្ពស់ក្តីមេត្តា ការស្រលាញ់ និងការថែរក្សាសត្វចិញ្ចឹម។

ការលុបបំបាត់ការជួញដូរនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតសត្វឆ្កែរាប់លានក្បាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមគុណតម្លៃ និងទស្សនៈដែលប្រជាជនកម្ពុជាបានទទួលយក និងប្រកាន់ខ្ជាប់រួចមកហើយផងដែរ៕

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា ភ្នំពេញ៖​ ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វ អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…