Vietjet ពង្រីកភាពជាដៃគូដើម្បីបង្កើនសមត្ថភាពផ្នែកថែទាំ ជួសជុល និងត្រួតពិនិត្យបច្ចេកទេស (MRO) និងបច្ចេកវិទ្យាអាកាសចរណ៍ ដើម្បីគាំទ្រដល់បណ្តាញប្រតិបត្តិការហោះហើរដែលកំពុងរីកចម្រើនរបស់ខ្លួន

Date:

ភ្នំពេញ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Thales និង CFM International លើវិស័យនានា រួមមាន៖ ការថែទាំ ជួសជុល និងត្រួតពិនិត្យបច្ចេកទេស (MRO) ការផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ អាកាសចរណ៍ឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត។

ភាពជាដៃគូនេះ នឹងជួយគាំទ្រដល់ការកើនឡើងនៃចំនួនយន្តហោះ និងបណ្តាញប្រតិបត្តិការអន្តរជាតិរបស់ Vietjet រួមទាំងជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងទីក្រុងសៀមរាប និងទីក្រុងហាណូយ ព្រមទាំងពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស ប្រតិបត្តិការ និងឌីជីថលរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនបន្តពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើឆាកអន្តរជាតិ។

កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានប្រកាសឡើងនៅទីក្រុងប៉ារីស ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំងរបស់លោក To Lam អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម។ ព្រឹត្តិការណ៍នេះ បានពង្រឹងកិច្ចសហប្រតិបត្តិការរវាង Vietjet និងដៃគូអន្តរជាតិធំៗទាំងពីរលើវិស័យបច្ចេកវិទ្យាអាកាសចរណ៍ និងអវកាស ព្រមទាំងរួមចំណែកដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏ទូលំទូលាយរវាងវៀតណាម និងបារាំង។

ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Thales លើវិស័យថែទាំ និងជួសជុលយន្តហោះ (MRO) បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមទៅកាន់ប្រទេសបារាំងនៅថ្ងៃទី ១០ ខែកញ្ញា ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Thales បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយស្តីពីសេវាកម្មថែទាំ និងជួសជុលយន្តហោះ (MRO)។ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រប្រភេទ “Repair-By-The-Hour” (RBTH) នេះ ក្រុមហ៊ុន Thales នឹងផ្តល់សេវាកម្មថែទាំគ្រឿងបន្លាស់យ៉ាងទូលំទូលាយសម្រាប់កងយន្តហោះ Airbus របស់ Vietjet ដែលរួមមានម៉ូដែល A320/A321, A321neo/A321XLR, A330 និង A330neo។

ភាពជាដៃគូនេះ នឹងជួយបង្កើនភាពជឿជាក់ផ្នែកបច្ចេកទេស និងលទ្ធភាពនៃការប្រើប្រាស់យន្តហោះ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពនៃការចំណាយ និងប្រតិបត្តិការផងដែរ។

លើសពីនេះ ក្រុមហ៊ុន Vietjet និង Thales ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ឌីជីថល ប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ (avionics) សន្តិសុខតាមអ៊ីនធឺណិត និងប្រតិបត្តិការអាកាសចរណ៍ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតលើការស្វែងយល់ និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យា Cloud ដែលមានសុវត្ថិភាព ការវិភាគទិន្នន័យបែបព្យាករណ៍ (predictive analytics) និងបច្ចេកវិទ្យាគាំទ្រការសម្រេចចិត្តសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។

ការស្វែងយល់អំពីសមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យឡើងវិញ (MRO) សម្រាប់ម៉ាស៊ីន LEAP ជំនាន់ថ្មី រួមគ្នាជាមួយក្រុមហ៊ុន CFM International

ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន CFM International ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង LOI ដើម្បីវាយតម្លៃលទ្ធភាពនៃការអភិវឌ្ឍដំណោះស្រាយផ្ទាល់ខ្លួនរបស់ Vietjet សម្រាប់សមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យឡើងវិញ (MRO) នៃម៉ាស៊ីន LEAP នៅក្នុងប្រទេសវៀតណាម។

យោងតាមលក្ខខណ្ឌនៃលិខិតបង្ហាញពីបំណង (LOI) នេះ ក្រុមហ៊ុន CFM នឹងស្នើកិច្ចព្រមព្រៀងផ្តល់ប្រឹក្សាយោបល់ ដើម្បីផ្តល់សេវាកម្មប្រឹក្សាដល់ Vietjet ពាក់ព័ន្ធនឹងការវាយតម្លៃលើតម្រូវការ MRO របស់ម៉ាស៊ីន សមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម និងកត្តាផ្សេងៗទៀតក្នុងវិស័យឧស្សាហកម្ម ដែលទាក់ទងនឹងដំណោះស្រាយថែទាំក្នុងស្រុកដែលអាចកើតមានឡើងនៅក្នុងប្រទេសវៀតណាម។

គំនិតផ្តួចផ្តើមនេះ កើតឡើងស្របពេលដែលក្រុមហ៊ុន Vietjet កំពុងពង្រីកកងយន្តហោះជំនាន់ថ្មីដ៏ធំរបស់ខ្លួន។ សមត្ថភាពថែទាំ ជួសជុល និងត្រួតពិនិត្យ (MRO) សម្រាប់ម៉ាស៊ីនយន្តហោះប្រភេទ LEAP នៅពេលអនាគត អាចជួយគាំទ្រដល់ប្រតិបត្តិការរយៈពេលវែងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ព្រមទាំងជួយប្រទេសវៀតណាមក្នុងការអភិវឌ្ឍសេវាកម្មវិស័យអាកាសចរណ៍ដែលមានតម្លៃខ្ពស់ បណ្តុះបណ្តាលវិស្វករដែលមានគុណវុឌ្ឍិស្តង់ដារអន្តរជាតិ និងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាកាសចរណ៍សកល។

លោក Nguyen Thanh Son នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «ឧស្សាហកម្មអាកាសចរណ៍ដ៏រឹងមាំមួយ មិនត្រឹមតែមានកងយន្តហោះទំនើប និងបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវការជំនាញបច្ចេកទេសស៊ីជម្រៅ និងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ផងដែរ។ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយក្រុមហ៊ុន CFM គឺជាផ្នែកដ៏សំខាន់មួយនៃមហិច្ឆតារបស់ Vietjet ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏ពេញលេញមួយនៅក្នុងប្រទេសវៀតណាម។ យើងសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់សមត្ថភាពថែទាំម៉ាស៊ីនយន្តហោះជំនាន់ថ្មី អភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មកម្រិតពិភពលោក និងជួយឱ្យប្រទេសវៀតណាមអាចដើរតួនាទីកាន់តែសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃអាកាសចរណ៍សកល»។

ស្ថាប័ន CFM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចាប់តាំងពីក្រុមហ៊ុននេះទទួលបានយន្តហោះ Airbus A320ceo ដើរដោយម៉ាស៊ីន CFM56 ដំបូងគេនៅឆ្នាំ ២០១៤។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងប្រតិបត្តិការយន្តហោះ A320ceo និង A321ceo ចំនួន ៥០ គ្រឿង ដែលបំពាក់ដោយម៉ាស៊ីន CFM56។ ទំនាក់ទំនងថ្មីនេះ កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយទៀត តាមរយៈការបញ្ជាទិញយន្តហោះ Boeing 737-8 ចំនួន ២០០ គ្រឿងរបស់ Vietjet នាពេលថ្មីៗនេះ ដែលរួមមានម៉ូដែល 737-8 និង 737-8-200 បំពាក់ដោយម៉ាស៊ីន CFM LEAP-1B។

ការកសាងសមត្ថភាពដើម្បីគាំទ្រដល់កំណើនជាសកលរបស់ Vietjet

ភាពជាដៃគូរវាង CFM International និង Thales បានរួមគ្នាពង្រឹងសមត្ថភាពរបស់ Vietjet លើផ្នែកថែទាំ ជួសជុល និងត្រួតពិនិត្យ (MRO) សម្រាប់ម៉ាស៊ីននិងគ្រឿងបន្លាស់យន្តហោះ បច្ចេកវិទ្យាអាកាសចរណ៍ឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត ដែលទាំងអស់នេះជួយគាំទ្រដល់ការពង្រីកកងយន្តហោះ និងបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនឱ្យកាន់តែទូលំទូលាយ។

ក្រុមហ៊ុននេះ មានជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរពីប្រទេសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាមនិងបន្តជើងហោះហើរទៅកាន់គោលដៅសំខាន់ៗនានាទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ខណៈដែល Vietjet បន្តពង្រីកបណ្តាញហោះហើរ និងត្រៀមខ្លួនបើកដំណើរការជើងហោះហើរដំបូងទៅកាន់ទ្វីបអឺរ៉ុបនៅខែតុលាខាងមុខនេះ ការវិនិយោគរបស់ក្រុមហ៊ុនលើផ្នែកថែទាំ និងជួសជុលយន្តហោះ (MRO) បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាកាសចរណ៍បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត នឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីគាំទ្រដល់ប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់ខ្លួន។

អានក្នុង ១ នាទី

Home›ព័ត៌មានចុងក្រោយ›Vietjet ពង្រីកភាពជាដៃគូដើម្បីបង្កើនសមត្ថភាពផ្នែកថែទាំ ជួសជុល និងត្រួតពិនិត្យបច្ចេកទេស (MRO) និងបច្ចេកវិទ្យាអាកាសចរណ៍ ដើម្បីគាំទ្រដល់បណ្តាញប្រតិបត្តិការហោះហើរដែលកំពុងរីកចម្រើនរបស់ខ្លួន ភ្នំពេញ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានពង្រីកភាពជាដៃគូយ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើលចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យនៃការត្រួតពិនិត្យមាតិកា ​

បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តីនៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័ននិយតកររបស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាងមុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកាដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។ ​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។ ​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។ ​ការទាមទារនោះរួមមាន…