បច្ចេកវិទ្យា

ផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ បានសម្ពោធដាក់ឱ្យដំណើរការ សម្រាប់ការលក់ផលិតផលកម្ពុជា ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យដំណើរការនូវផ្សារតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ ក្រោមអធិបតីភាពរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ សមាគម និងវិស័យឯកជននៅកម្ពុជា ជាច្រើនរូប នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។ ពិធីសម្ពោធនេះ រៀបចំឡើងស្របពេលដែលវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានមន្ត្រីជាន់ខ្ពស់អន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍ សមាគម និងតំណាងវិស័យឯកជន ព្រមទាំងបានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូល្អរវាងក្រសួងពាណិជ្ជកម្ម និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) តាំងពីឆ្នាំ២០១០ រហូតទទួលបានលទ្ធផលជោគជ័យ និងផ្លែផ្កា។

ផ្សារខេមបូឌាត្រេដ គឺជាសមាសភាគមួយយ៉ាងសំខាន់ ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយកម្មវីធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តក្នុងរយៈពេល ៣ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មរហូតដល់ខែមិថុនា ឆ្នាំ២០២៣។ គម្រោង Go4eCAM គឺជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់មួយ ដែលត្រូវបានអនុម័តនៅខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច និងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាសក្ខីភាពនៃការសម្ពោធដាក់ឱ្យដំណើរការនូវផ្សារតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដនារសៀលនេះ។

ក្នុងឱកាសនោះ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងពាណិជ្ជកម្ម និងEIF កន្លងមកដោយសម្រេចបានលទ្ធផលល្អប្រសើរ។ លោកបណ្ឌិត បានបន្ថែមទៀតថា កម្ពុជាគឺជាប្រទេសគំរូមួយដ៏ល្អ ដែលបានអនុវត្តគម្រោងពាណិជ្ជកម្មពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ដោយមានការចូលរួមយ៉ាងសកម្មពីដៃគូក្នុងប្រទេស ដោយឈរលើគោលការណ៍ជាមូលដ្ឋានភាពជាម្ចាស់ការ។ លោកបណ្ឌិតបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វិស័យពាណិជ្ជកម្មកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីធានាថាកម្ពុជានៅតែមានការប្រកួតប្រជែងក្នុងបរិបទពាណិជ្ជកម្មពិភពលោក។

ផ្សារខេមបូឌាត្រេដ គឺការគាំទ្រលើកទីមួយបង្អស់របស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ក្នុងការរៀបចំ និងបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការពង្រើកការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាទីកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានោះដែរ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផ្សារខេមបូឌាត្រេដនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងនាំចេញផលិតផលខ្មែរទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលនេះគឺស្របទៅតាមចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោកផងដែរ។ បរិបទបដិវដ្តឧស្សាហកម្ម៤.០ និងបច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លើសពីនេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចទាញយកប្រយោជន៍ និងនាំចេញក្នុងក្របខណ្ឌដែលកម្ពុជាមានស្រាប់តាមរយៈប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន កិច្ចព្រមព្រៀងសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយក្នុងតំបន់ (ហៅកាត់ថា RCEP) និងកិច្ចព្រមព្រៀងពហុភាគីដែលមានជាធរមាន។ ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្សារខេមបូឌាត្រេដជាផ្លូវការ ដោយមានការសាទរពីអង្គពិធីទាំងមូល។

លោកមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម ក្រុមការងារបច្ចេកទេស និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF) ក្នុងការបង្កើតនូវផ្សារខេមបូឌាត្រេដ ជាពិសេសជំរុញការបញ្ជាទិញពីផ្សារខេមបូឌាត្រេដឱ្យកាន់តែច្រើន៕

Most Popular

To Top