event

គម្រោងភូមិឋាន ធម្មជាតិ​ក្រុងភ្នំ គ្រោងសម្ពោធ គម្រោងទី៣របស់ខ្លួន នៅទឹកដីអង្ករ

បន្ទាប់ពីទទួលបានការគាំទ្រ ពីសំណាក់អតិថិជន ទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធ គម្រោងទី៣របស់ខ្លួន ជាផ្លូវការនៅពេលដ៏ឆាប់ៗ ខាងមុខនេះ ដើម្បីបំពេញតម្រូវការ របស់អតិថិជន។

គម្រោងទី៣ របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានឈ្មោះថា The Box Villa ដោយសាងសង់លើផ្ទៃដី ១ហិកតា ស្ថិតនៅតំបន់ប៉ែកខាងកើត នៃក្រុងសៀមរាប ចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីសាលារដ្ឋបាល ខេត្តសៀមរាប និងប្រមាណ ៤គីឡូម៉ែត្រ ពីផ្សារម៉ាក្រូ។

លោក សែម សុខខូយ អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ បានថ្លែងឱ្យដឹងថា គម្រោង The Box Villa គឺមានតែប្រភេទផ្ទះ អាជីវកម្មតែមួយគត់ គឺ The Box Villa តែម្តងដោយមានចំនួនផ្ទះ ប្រណីតៗចំនួន ១០០ ខ្នង។ លោកបន្តថា ផ្ទះបែបអាជីវកម្មនេះ មានតម្លៃ ៧៩៩០០ដុល្លារ ហើយផ្ទះសាងសង់លើទំហំដី ៤.៥ x ២០ ម៉ែត្រ ដោយទំហំផ្ទះ ៤.៥ x ១៥ ម៉ែត្រ។

លោកបន្តថា គម្រោង The Box Villa នេះ បានរៀបចំរួចរាល់ នូវប្រព័ន្ធទឹកនិងភ្លើងរួចជាស្រេចហើយ ដោយឡែកគម្រោងអាចបើកលក់ នៅក្នុងពាក់កណ្តាល ឆ្នាំ២០២១នេះ។ លោកសុខខូយ ថ្លែងថា៖«គម្រោងនេះផ្តោតជាពិសេស លើអតិថិជនដែលមានប្រាក់ចំណូល កំរិតមធ្យម ដោយយើងសង្គេតឃើញថា ប្រាក់ចំណូលរបស់ប្រជាជន នៅក្នុងខេត្តសៀមរាប មានការកើនឡើង គួរឲ្យកត់សម្គាល់ ដូច្នេះពួកគាត់ ក៏មានលទ្ធភាព ទិញផ្ទះបែបទំនើបនេះផងដែរ។»

ដោយឡែក លោក ច្រឹក សុខនឹម ប្រធានសមាគម អ្នកវាយតម្លៃអចលនវត្ថុ បាននិយាយថា គម្រោងផ្ទះលំនៅឋាន ទាំងបែបធម្មជាតិ និងផ្ទះល្វែងបែបអាជីវកម្ម នៅតែមិនទាន់មាន ការសាងសង់ច្រើន នៅឡើយទេនៅក្នុង ខេត្តសៀមរាបនេះ។ លោកបន្តថា ដោយសារខេត្តសៀមរាប គឺជាប៉ូលទេសចរណ៍ ដូច្នេះអ្នកអភិវឌ្ឍន៍ភាគច្រើន សម្លឹងមើលតែលើអភិវឌ្ឍ គម្រោងបែបសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប និងរីសតជាដើម។

លោកថ្លែងថា៖ «ជារួម ខ្ញុំមិនទាន់ដឹងពីស្ថានភាព ទូទៅចំពោះគម្រោងលំនៅឋាន ក្នុងខេត្តសៀមរាបនៅឡើយទេ ដោយសារគម្រោងប្រភេទនេះ នៅមានតិចតួច ក៏ប៉ុន្តែខ្ញុំគិតថា គម្រោងផ្ទះបែបអាជីវកម្មទាំងអស់នេះ អាចនឹងរីកលូតលាស់ច្រើន នាពេលខាងមុខ តែត្រូវប្រាកដថា អតិថិជនអាចមានលទ្ធភាពទិញ និងមិនពិបាកក្នុងលក់ នៅពេលក្រោយ។»

បើទោះបីជាស្ថានភាព នាពេលបច្ចុប្បន្នហាក់មិនទាន់មាន សញ្ញាវិជ្ជមាន និងសេដ្ឋកិច្ចកំពុងស្ថិតនៅក្នុង ស្ថានភាពអ៊ាប់អ៊ូរក៏ដោយ ប៉ុន្តែការលក់គម្រោង របស់ក្រុមហ៊ុន នៅតែមានភាពល្អប្រសើរ ដដែល ដោយមិនទាន់មានសញ្ញាថមថយ គួរអោយកត់សម្គាល់ នៅឡើយទេ។

អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ រូបនេះបន្តថា៖« ស្ថានភាពការលក់នាពេលបច្ចុប្បន្ន របស់គម្រោងយើងនីមួយៗ មានភាពល្អប្រសើរ ហើយអតិថិជនអាចជ្រើសរើស ការបង់ប្រាក់ងាយៗ ពួកគាត់អាចបង់រំលស់ ជាមួយក្រុមហ៊ុនក៏បាន ឫតាមរយៈធនាគារក៏បាន ហើយយើងមានកម្មវិធី ថែមជូនពិសេសជាច្រើនទៀត ។

គូសបញ្ជាក់ថា គម្រោង The Box Villa របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានលក្ខណៈពិសេសមួយចំនួន រួមមានដូចជា ផ្ទះបែរមុខទៅរកអូរធម្មជាតិ ផ្នែកកណ្តាលរបស់ផ្ទះ មានលក្ខណៈជាលំហរ ពីក្រោមដល់ដំបូល និងអាចដាំដើមឈើ បាននៅក្នុងផ្ទះថែមទៀតផង ដែលនេះខុសពីផ្ទះ នៅគម្រោងដទៃៗទៀត។ ក្រៅតែពីនេះ ផ្ទះដេគ័រឡើងស័ក្តសម នឹងអតិថិជនដែលមានបំណង បើកអាជីវកម្ម ហើយការឌីហ្សាញ ស្របតាមស្តង់ដារខ្ពស់ ប្រកបដោយផាសុកភាព និងការរស់នៅបែបធម្មជាតិ សម័យថ្មីដល់អតិថិជន។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក ក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បាននិយាយថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងផ្ទះលំនៅឋាន និងផ្ទះប្រភេទ អាជីវកម្មមានច្រើន នៅតាមតំបន់ជ្រាយក្រុង នៃខេត្តសៀមរាប ក៏ប៉ុន្តែនៅពេល មានការីករាលដាល វីរុសកូវីដ១៩ ការអភិវឌ្ឍក៏មិនសូវមានច្រើននោះដែរ។ លោកបន្តថា គម្រោងទាំងអស់នោះ ភាគច្រើនមានតែអ្នកដែលធ្វើអាជីវកម្ម នៅក្នុងខេត្តសៀមរាប និងអ្នកនៅបទេសទេ ដែលមានសមត្ថភាពទិញ។

លោក អ៊ាវ គង់ ថ្លែងថា៖ «ជារួមខ្ញុំគិតថាទីផ្សារផ្ទះលំហែរ ផ្ទះអាជីវកម្មអីហ្នឹង មានច្រើនហើយនៅជិតក្រុង តែចំនួនអ្នកទិញ នៅក្នុងខេត្តសៀមរាប មានតិច(ប្រជាពលរដ្ឋ) តែដោយសារខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ហើយការវិនិយោគ លើវិស័យអចលនទ្រព្យភាគច្រើន គឺជាអ្នកធ្វើអាជីវកម្មទេសចរណ៍ ដោយអ្នកវិនិ យោគទាំងអស់នោះ សាងសង់សណ្ឋាគារ ដូច្នេះពួកគាត់ត្រូវការ លំនៅឋានមួយសម្រាប់រស់នៅ ក្រោយពេលបញ្ចប់ ការងារអញ្ចឹងទៅ ភាគច្រើនគឺជាអ្នករកស៊ី និងអ្នកចំណូលក្រៅ ។» លោកបន្តថា៖ អ្នកនៅបរទេសក៏មានច្រើនដែរ ដូចជាខ្មែរយើងជាដើម ដែលពួកគាត់ចង់បានផ្ទះមួយ សម្រាប់លំហែរកាយ នៅពេលពួកគាត់មកលេង ហើយក៏មានជនជាតិ បរទេសមួយចំនួនដែរ ។

សូមជម្រាបថា បច្ចុប្បន្ន ខេត្តសៀមរាប មានគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ដូចជា៖ អកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប, គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ, គម្រោងទីក្រុងសៀមរាបថ្មី, គម្រោងសណ្ឋាគារ និងផ្សារ Koulen Central Mall, គម្រោងអភិវឌ្ឍន៍សួនសត្វ និងអាងចិញ្ចឹមត្រី (wildlife park and aquarium) និងគម្រោង Angkor Lake of Wonder រឺ ណាហ្គាវឺលសៀមរាប៕

សូមចូលទៅកាន់ទំព័រផ្លូវការរបស់ គម្រោងភូមិខានធម្មជាតិក្រុងភ្នំ ដើម្បីស្វែងយល់ អំពីគម្រោងបន្ថែម៖
https://www.facebook.com/norkophnom

To Top