ហិរញ្ញវត្ថុ

កម្ពុជា ទទួលបានថវិកា ៤៦ពាន់លានរៀល ពីការលក់ស្លាកលេខពិសេស

ភ្នំពេញ៖ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជាបានទទួលចំណូលពីការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ស្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀល ចូលថវិកាជាតិ ។

ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារ សម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “ការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិ”

សូមជម្រាបជូនថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត​ និងលក់លេខពិសេស​ មានអាសយដ្ឋាន​ https://vehicle.mpwt.gov.kh​ ។

ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%៕

Most Popular

To Top