ហិរញ្ញវត្ថុ

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ ខណៈសម្រេចបាន ៥៥,០៥% ហើយ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក ហើយបើគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូចំរុះចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន សាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ពន្លឿនការងារសាងសង់របស់ខ្លួន ឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាត ឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបានស្វែងយល់ពីផ្លូវនេះ។

ឆ្លើយតបទៅកាន់សំណួរ របស់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បាន ទេ និងអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។

បន្ថែមលើនេះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំ ដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងបានសំណូមពរឱ្យអ្នកប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់គោរព ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងសូមចូលរួមទាំងអស់ គ្នាក្នុងការថែរក្សាផ្លូវថ្នល់ របស់យើងឱ្យបានគង់វង្សដើម្បីកាត់បន្ថយ ការចំណាយថវិការបស់រដ្ឋាភិបាល ដែលរកបានដោយលំបាក។

គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារ កម្មផងដែរ៕

Most Popular

To Top