ហិរញ្ញវត្ថុ

ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យ និងពិក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន ១៥ ដើម្បីពិនិត្យ និងសម្រចជាលើកចុងក្រោយ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញជាច្រើនរូប។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce

ក្នុងឱកាសនោះ លោកបានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

លោកបន្តថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារ ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការសិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ។ តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ទាញអ្នកវិនិយោគសម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។

លោកបញ្ជាក់ថា ក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច និងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។

លោករំលឹកថា ផែនការយុទ្ធសាស្ត្រនេះបានបញ្ចប់សេចក្តីព្រាងតាំងពីឆ្នាំ២០២១ និងបានឆ្លងកាត់ការប្រជុំប្រមូលធាតុចូលពីវិស័យឯកជន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានរាយការណ៍ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom ដើម្បីទទួលបានធាតុចូល និងអនុសាសន៍បន្ថែម ហើយក្រុមការងារក្រសួងពាណិជ្ជកម្មបានធ្វើការកែសម្រួលកិច្ចការងារនេះឱ្យស្របតាមអនុសាសន៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ រួចរាល់ហើយកាលពីខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពី ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីវឌ្ឍនភាពការងារជូនដល់សមាជិកសមាជិកានៃអង្គប្រជុំ ដើម្បីផ្តល់ជាយោបល់ និងធាតុចូលសំខាន់ៗ ក្នុងការកែសម្រួលផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើ និងឈានដល់ការបញ្ចប់ផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែឆាប់។

នៅកិច្ចបញ្ចប់លោកបានជំរុញឱ្យក្រុមការងារខិតខំបញ្ចប់ការងាររៀបចំ ផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ឱ្យបានឆាប់ជាមួយអន្តរក្រសួង ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ហើយនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ខាងមុខនេះផងដែរ៕

Most Popular

To Top