ហិរញ្ញវត្ថុ

រដ្ឋមន្រ្តីកសិកម្ម៖ សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងរួមចំណែកសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដឹកនាំ ដោយ លោក Le Thanh Hung អគ្គនាយក VRG ចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារនាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១) រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា , ២) បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ, ៣) ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ផងដែរ, ៤) បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។

ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ លោករដ្ឋមន្រ្តី មានក្តីសង្ឃឹមថាសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ ។

បើតាម លោក Le Thanh Hung ឲ្យដឹងថា ក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងកសាងរោងចក្រនៅកម្ពុជាកន្លងមក ជាក់ស្តែងនៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាមបានសម្រេចផលិតជ័រកៅស៊ូចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថានឹងសម្រេចបានចំនួន ១៤០ ០០០ តោន៕

Most Popular

To Top