ហិរញ្ញវត្ថុ

ក្រសួងកសិកម្ម និងកិច្ចការជនបទចិន បង្ហាញគម្រោងចំនួន៦ ដើម្បីឲ្យផែនការមេអភិវធ្ឍន៍ កសិកម្មទំនើបនៅកម្ពុជា អាចអនុវត្តសម្រេចបានជោគជ័យ

ភ្នំពេញ៖មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានបង្ហាញគម្រោងផែនការសកម្មភាពចំនួន៦សំខានៗ ដើម្បីឲ្យផែនការមេអភិវធ្ឍន៍ កសិកម្មទំនើបនៅកម្ពុជា អាចអនុវត្តសម្រេចបានជោគជ័យ។

ការបង្ហាញគម្រោងផែនការសកម្មភាពនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយលោកបណ្ឌិត Zhang Lubiao ជួបពិភាក្សា និងរាយការណ៍ពីលទ្ធផលនៃការសិក្សាបឋមលើការកសាងផែនមេអភិវឌ្ឍន៍ការកសិកម្មទំនើបនៅកម្ពុជា។

លោកបណ្ឌិត Zhang Lubiao ក៏បានជម្រាបជូនអំពីការជួបពិភាក្សាជាមួយក្រសួងស្ថាប័ននានា ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម CDC អង្គ្កការអន្តរជាតិពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីស្វែងយល់ពីការតភ្ជាប់ទំនាក់ទំនងក្នុងវិស័យកសិកម្មនៅកម្ពុជា។

ជាការសន្និដ្ឋានបឋម លោកបណ្ឌិតបានលើកឡើងនូវគម្រោងផែនការសកម្មភាព ចំនួន៦សំខាន់ៗដែលត្រូវធ្វើការសិក្សាលំអិត ដើម្បីឲ្យផែនការមេអភិវធ្ឍន៍កសិកម្មទំនើបនៅកម្ពុជាអាចអនុវត្តសម្រេចបានជោគជ័យរួមមាន៖
១- ការរៀបចំបង្កើតជាតំបន់ដាំដុះ (Agricultural Zoning)
២- ការរៀបចំខ្សែរច្រវ៉ាក់តំលៃ និងខ្សែរច្រវ៉ាក់ផ្គត់ផ្គង់ (Value and Supply Chain)
៣- ការពង្រឹងសហគមន៍កសិករ (Farmer Cooperatives) និង ការបង្កើតបណ្តាញទំនាក់ទំនងជាមួយអង្គការអន្តរជាតិ (Local and International GNOs Linkages) និងទីផ្សារកសិផល
៤- ការកសាងហេដ្ឋារចនាសម្ព័នឆ្លើយតបទៅនឹងតំបន់ផលិតផលិតផលកសិកម្ម
៥- ការវិនិយោគលើកសិ-ពាណិជ្ជកម្ម
៦- ការបង្កើតអង្គភាពទំនាក់ទំនងសម្រាប់សម្របសម្រួលការងារកសិកម្មជាមួយក្រសួងពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបានឯកភាពចំពោះការលើកឡើងរបស់លោកបណ្ឌិត ជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងបានស្នើអោយក្រុមការងារនៃភាគីទាំង២សហការគ្នាអោយបានល្អបន្តទៀត ដើម្បីរៀបចំផែនការមេនេះឡើង ឲ្យបានចេញជាសកម្មភាពឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន និងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការអនុវត្ត និងស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕

Most Popular

To Top