ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំពាក់ដែលទទួលបានការជឿទុកចិត្តរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា និង អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា នៅថ្ងៃនេះបានចុះហត្ថលេខាលើកិច្ចសហការជាដៃគូរយៈពេល ២ ឆ្នាំ ក្រោមកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួមក្នុងការពង្រីកឱកាសអប់រំសម្រាប់កុមារ និងយុវជនដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូនេះមានទំហំវិនិយោគប្រមាណ ៧០០ លានរៀល ដោយរួមបញ្ចូលការគាំទ្រផ្នែកអប់រំ ការផ្តល់អាហារូបករណ៍ និងការបរិច្ចាគសម្លៀកបំពាក់សិស្ស ដើម្បីជួយយុវជនកម្ពុជាឱ្យអាចបន្តការសិក្សា និងឈានទៅរកអនាគតកាន់តែប្រសើរ។
ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោកបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិសភាចារ្យ ឧបនាយករដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា សហការីនៃស្ថាប័នទាំងពីរ និស្សិតអាហារូបករណ៍ និងក្រុមគ្រួសារ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់មួយនេះនៃកិច្ចសហការក្នុងការគាំទ្រការអប់រំ និងការអភិវឌ្ឍយុវជន។

ភាពជាដៃគូនេះមានកម្មវិធីសំខាន់ៗចំនួនពីរ៖
១. គាំទ្រការអប់រំតាមរយៈការបរិច្ចាគសម្លៀកបំពាក់សិស្ស
តាមរយៈ កម្មវិធីបរិច្ចាគសម្លៀកបំពាក់សិស្សរបស់ វីសូពិសេស ភាពជាដៃគូនេះមានគោលបំណងផ្តល់អាវសសិស្សដល់សិស្សានុសិស្សដែលងាយរងគ្រោះ នៅតាមសាលារៀន និងសហគមន៍ដែលរងផលប៉ះពាល់ពីជម្លោះតាមព្រំដែន និងការផ្លាស់ទីលំនៅ ដើម្បីជួយឱ្យកុមារអាចត្រឡប់ទៅសាលារៀនវិញដោយមានទំនុកចិត្ត និងភាពថ្លៃថ្នូរ។
ក្នុងរយៈពេល ២ ឆ្នាំ ប្រមាណ ៥.០០០ នាក់ នឹងទទួលបានសម្លៀកបំពាក់សិស្ស ចំនួន ១០.០០០ អាវ ដើម្បីជួយឱ្យពួកគេមានភាពត្រៀមខ្លួនក្នុងការចូលរៀន និងអាចបន្តការសិក្សាបាន។

២. វិនិយោគលើយុវជនជំនាន់ក្រោយតាមរយៈអាហារូបករណ៍
ផ្នែកសំខាន់ទីពីរ គឺ អាហារូបករណ៍ វីសូពិសេស អនាគតភ្លឺត្រចះត្រចង់ ដែលនឹងជួយគាំទ្រយុវជនដែលមានសមត្ថភាព និង/ឬមានជីវភាពខ្វះខាត ឱ្យអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា តាមរយៈការផ្តល់អាហារូបករណ៍ដោយផ្ដល់ការគាំទ្រថ្លៃសិក្សា ការណែនាំ និងឱកាសអភិវឌ្ឍខ្លួន។
កម្មវិធីនេះនឹងគាំទ្រនិស្សិតចំនួន ៤០ នាក់ ក្នុង ២ ជំនាន់ ដោយនិស្សិតម្នាក់ៗនឹងទទួលបានការគាំទ្រក្នុងរយៈពេល ៤ ឆ្នាំនៃការសិក្សានៅសាកលវិទ្យាល័យ។
ជាផ្នែកមួយនៃកម្មវិធីថ្ងៃនេះ និស្សិតជំនាន់ទីមួយចំនួន ២០ នាក់ មកពីទូទាំងប្រទេសកម្ពុជា បានទទួលអាហារូបករណ៍ជាផ្លូវការ ក្រោមវត្តមានរបស់ក្រុមគ្រួសារ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភ្ញៀវកិត្តិយស។ អាហារូបករណ៍នេះផ្តល់ ឱកាសដល់យុវជនដែលមាន ក្តីស្រមៃ ការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការសម្រេចគោលដៅរបស់ខ្លួនជាពិសេសអ្នកដែលអាចប្រឈមនឹងឧបសគ្គក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

សិស្សទទួលបានជ័យលាភីអាហាររូបករណ៍មកពីខេត្ដស្វាយរៀងលោក ឃឹម សុភី ពិតជាមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពជាខ្លាំង ដែលទទួលបានអាហាររូបករណ៍ដ៏មានតម្លៃពីសំណាក់ក្រុមហ៊ុន យូនីលឹវើ។ ឃឹម សុភី បានលើកឡើងថា “ការទទួលបានការគាំទ្រដ៏វិសេសវិសាលនេះ មិនត្រឹមតែជាជំនួយផ្នែកស្មារតី និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករដ៏ធំធេងក្នុងការជួយជ្រោមជ្រែងដល់ដំណើរការសិក្សា និងការអភិវឌ្ឍខ្លួនរបស់ខ្ញុំឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគតផងដែរ”។

សិស្សអាហាររូបករណ៍ម្នាក់ទៀតឈ្មោះ ម៉ម ម៉ាល័យ មកពីខេត្ដបន្ទាយមានជ័យ បានលើកឡើងថា “ខ្ញុំពិតជារំភើប និងសប្បាយចិត្ដជាខ្លាំង ពីព្រោះថា មិនសិស្សច្រើនទេដែលទទួលបានអាហាររូបករណ៍នេះ “។
ដោយជ្រើសរើសយកជំនាញរដ្ឋបាលសាធារណៈ ម៉ាល័យ បានបន្ដថា អាហារូបករណ៍នេះ ពិតជាបានសម្រួលបន្ទុកគ្រួសាររបស់ប្អូនបានជាច្រើន ចំពោះការចំណាយលើថ្លៃសិក្សា និងការចំណាយផ្សេងទៀត ហើយអាចជួយឧ្យប្អូនសម្រេចបាននូវក្ដីស្រម៉ៃ និងកសាងអនាគត់មួយយ៉ាងត្រចះត្រចង់។

ថ្លែងក្នុងពិធីនេះ លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំកម្ពុជា និងឡាវ បានបញ្ជាក់ជាថ្មីពីជំនឿរបស់ វីសូពិសេសថា ម៉ាកផលិតផលអាចដើរតួនាទីដ៏មានអត្ថន័យក្នុងការរួមចំណែកធ្វើឱ្យសហគមន៍រីកចម្រើន។
«អស់រយៈពេលជាងពីរទសវត្សរ៍មកនេះ វីសូពិសេសបាននៅជាមួយគ្រួសារកម្ពុជា។ ក្នុងដំណើរនេះ យើងជឿជាក់ថា គោលបំណងរបស់យើងមិនត្រឹមតែធ្វើឱ្យសម្លៀកបំពាក់ភ្លឺស្អាតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានទំនួលខុសត្រូវក្នុងការចូលរួមបង្កើតអនាគតកាន់តែភ្លឺត្រចះត្រចង់សម្រាប់គ្រួសារកម្ពុជា និងមនុស្សជំនាន់ក្រោយផងដែរ។ តាមរយៈភាពជាដៃគូជាមួយ អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា យើងកំពុងរួមបញ្ចូលការប្តេជ្ញាចិត្តរបស់យើងលើការអប់រំ ឱកាស និងក្តីសង្ឃឹម ដើម្បីឱ្យយុវជនកាន់តែច្រើនមានឱកាសបញ្ចេញសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ»។
ភាពជាដៃគូនេះបន្តពីការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ វីសូពិសេសក្នុងការគាំទ្រវិស័យអប់រំ និងសហគមន៍កម្ពុជា។ កន្លងមក ម៉ាកនេះបានអនុវត្តកម្មវិធីជាច្រើន ដើម្បីបង្កើនឱកាសទទួលបានការអប់រំសម្រាប់យុវជន រួមមានការឧបត្ថម្ភនិស្សិតសាកលវិទ្យាល័យ ការបរិច្ចាគសម្លៀកបំពាក់សិស្សដល់កុមារនៅតាមសហគមន៍ជនបទ និងការគាំទ្រកម្មវិធីសិក្សាដើម្បីជួយសិស្សត្រៀមប្រឡងបាក់ឌុប។

លោកស្រី បណ្ឌិត ថាន ធីហា នាយិកាស្ដីទីនៃអង្គការទស្សនៈពិភពលោកអន្ដរជាតិ ប្រចាំនៅកម្ពុជា បានស្វាគមន៍ភាពជាដៃគូនេះ ដោយលើកឡើងថា ការអប់រំគឺជាកត្តាដ៏មានឥទ្ធិពលមួយសម្រាប់ការរីកចម្រើនសង្គម និងសេដ្ឋកិច្ចក្នុងរយៈពេលវែង។
«នៅពេលកុមារ និងយុវជនទទួលបានឱកាសក្នុងការអប់រំ ពួកគេមិនត្រឹមតែមានឱកាសផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានសម្រាប់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។ យើងមានមោទនភាពក្នុងការចាប់ដៃគូជាមួយ វីសូពិសេស របស់ក្រុមហ៊ុនយូនីលឹវើ ខេមបូឌា ដើម្បីគាំទ្រកុមារ និងយុវជនដែលងាយរងគ្រោះ តាមរយៈដំណោះស្រាយបែបជាក់ស្តែង និងរយៈពេលវែង ដែលជួយឱ្យពួកគេអាចបន្តការសិក្សា និងសម្រេចក្តីស្រមៃរបស់ខ្លួន»។

តំណាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតព្រីតថេន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការអភិវឌ្ឍន៍ ក្នុងការបង្កើតឱកាសប្រកបដោយបរិយាបន្នសម្រាប់យុវជនកម្ពុជា។
កិច្ចសហការថ្មីនេះ ស្របតាមចក្ខុវិស័យរួមរបស់ក្រុមហ៊ុនយូនីលឹវើ ខេមបូឌា និងអង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជាក្នុងការពង្រឹងឱកាសទទួលបានការអប់រំ និងភាពធន់របស់សហគមន៍ដែលងាយរងគ្រោះ។ លើសពីជំនួយផ្នែកហិរញ្ញវត្ថុ កម្មវិធីនេះក៏មានគោលបំណងជួយយុវជនកសាងទំនុកចិត្ត ជំនាញ និងបណ្តាញគាំទ្រដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងអនាគត។
ក្នុងពេលដែលកម្ពុជាបន្តដំណើរអភិវឌ្ឍទៅមុខ វីសូពិសេសនៅតែប្តេជ្ញាបង្កើតផលវិជ្ជមានក្នុងជីវិតរបស់គ្រួសារកម្ពុជា។ តាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ វីសូពិសេសចង់បង្ហាញថា សូម្បីតែសកម្មភាពគាំទ្រតូចៗក៏អាចបង្កើតផលវិជ្ជមានយូរអង្វែង ដោយជួយឱ្យកុមារកាន់តែច្រើនបន្តការសិក្សា ជួយយុវជនដែលស័ក្តិសមឱ្យមានឱកាសចូលរៀនសាកលវិទ្យាល័យ និងរួមចំណែកកសាងអនាគតកាន់តែរឹងមាំសម្រាប់កម្ពុជា។




Home›ព័ត៌មានចុងក្រោយ›Unilever និង World Vision ប្រចាំកម្ពុជាប្រកាសភាពជាដៃគូរយៈពេល២ឆ្នាំក្នុងទំហំទឹកប្រាក់៧០០លានរៀលដើម្បីលើកកម្ពស់វិស័យអប់រំតាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងអនាគតភ្លឺត្រចះត្រចង់ ភ្នំពេញ៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ – វីសូពិសេស ដែលជាម៉ាកផលិតផលបោកសម្លៀកបំព…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





