វៀតណាម-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល

Date:

ភ្នំពេញ៖ ក្នុងគោលបំណងតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាម ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគ តភ្ជាប់សហគមន៍ធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេដ្ឋកិច្ចឌីជីថល»។ នេះជាវេទិកាជំរុញពាណិជ្ជកម្មលើកដំបូងគេបង្អស់ដែលរៀបចំឡើងដោយ VCBA នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការសម្របសម្រួល សហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ។

វេទិកានេះបានទាក់ទាញគណៈប្រតិភូជាង ១៤០ នាក់ដែលជាថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកគ្រប់គ្រងនិងសហគមន៍ធុរកិច្ចអញ្ជើញមកពីប្រទេសទាំងពីរ ដូចជាក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម គណៈប្រតិភូធុរកិច្ចខេត្ត ដុងថាប់ ក្រសួងពាណិជ្ជកម្មកម្ពុជា គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC)។ល។ ក្នុងចំណោមប្រតិភូទាំងនោះ មានជាង ១០០ នាក់ដែលជាពាណិជ្ជករនិងជាអ្នកដឹកនាំអាជីវកម្មសមាជិកនៃ VCBA និង CCC និងសហគមន៍ធុរកិច្ចនៃប្រទេសវៀតណាម និងកម្ពុជា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីបើកវេទិកានេះ។

អញ្ជើញថ្លែងក្នុងពិធីបើកវេទិកា ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជា បានគូសបញ្ជាក់ថា វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា នឹងជួយឱ្យអ្នកវិនិយោគនៃប្រទេសទាំងពីរចាប់យកឱកាសស្វែងយល់អំពីគោលនយោបាយ និងស្វែងរកដៃគូសមស្របរបស់ខ្លួន។ វេទិកានេះក៏នឹងផ្សារភ្ជាប់អាជីវកម្ម បង្កើតស្ពានទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគក្នុងតំបន់ និងវិស័យមានសក្ដានុពល រួមដំណើរជាមួយក្រុមហ៊ុន សហគ្រាស ក្នុងការផ្លាស់ប្តូរឌីជីថល ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

ឧកញ៉ាប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជាសង្ឃឹមថាវេទិកានេះនឹងទទួលបានជោគជ័យ បង្កើតបានជាលទ្ធផលជាក់ស្តែង រួមចំណែកធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកាន់តែអភិវឌ្ឍន៍ឈានឡើងថែមមួយកម្រិតទៀត។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា តែងតែត្រូវបានពូនជ្រុំ និងអភិវឌ្ឍជាបន្តបន្ទាប់។ ហើយប្រទេសទាំងពីរ នៅតែបន្តមានទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មបំពេញឱ្យគ្នាទៅវិញទៅមក។

ចំណែកឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា «ទៅថ្ងៃមុខយើងនឹងមើលឃើញថា ការទិញលក់នៅតាមបណ្ដាហាង និងក្រុមហ៊ុន ដោយផ្ទាល់នឹងមាននិន្នាការថយចុះ ដូច្នេះការពង្រឹងទំនាក់ទំនងនៃប្រទេសយើងទាំងពីរក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលនេះ គឺជាកិច្ចការងារដែលមិនអាចខ្វះបាន»។

ថ្លែងក្នងវេទិកានេះ ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានសង្កត់ធ្ងន់ថា ការប្រារព្វធ្វើវេទិកានេះដោយយកប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល» សម្រាប់ការពិភាក្សាគឺត្រឹម្រូវនិងមានអត្ថន័យបំផុត ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាម និងកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

នេះជាវេទិកាដ៏មានអត្ថន័យដែលជួយធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសនីមួយៗ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដោយរួមចំណែកជំរុញពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជានាពេលខាងមុខ។

វាយតម្លៃលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលជារួម ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានឲ្យដឹងថា ទាំងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យនេះ ក៏ដូចជា សកម្មគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ទាំងនេះគឺជាមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌអំណោយផលដែលមានសារៈសំខាន់សម្រាប់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។ បើតាមប្រសាសន៍ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។

ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

នៅខែ មិថុនា ឆ្នាំ ២០២៣ កម្ពុជាបានបង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនោះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់កម្ពុជា ក៏ផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ប្រទេសជិតខាងនិងអាស៊ាន ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម 4.0 និងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងនិន្នាការអភិវឌ្ឍនៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅលើពិភពលោក។

ចំណែកនៅប្រទេស វៀតណាម សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងដ៏ច្រើននៃផលធៀបក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ដែលក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាវិស័យត្រួសត្រាយផ្លូវនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម។ របាយការណ៍សន្ទស្សន៍ពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាមឆ្នាំ ២០២៤ របស់សមាគមពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម បានឲ្យដឹងថា អត្រាកំណើនប៉ាន់ស្មាននៃពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម នៅឆ្នាំ ២០២៣ គឺលើសពី ២៥ ភាគរយបើធៀបនឹងឆ្នាំមុន ហើយឈានដល់ ២៥ ពាន់លានដុល្លារ។ ក្នុងនោះ ទំហំនៃការលក់រាយតាមអ៊ីនធឺណិតបានឈានដល់ ១៧,៣ ពាន់លានដុល្លារ។ ជាមួយនឹងអត្រាកំណើននេះ វៀតណាម គឺជាប្រទេសដែលរីកចម្រើនលឿនបំផុតនៅអាស៊ីបូព៌ា និងក្នុងចំណោមប្រទេសទាំង ១០ ដែលមានកំណើនលឿនបំផុតនៅលើពិភពលោក …។

បន្ទាប់ពីវេទិកាបើកខាងលើ គណៈប្រតិភូដែលចូលរួមវេទិកាបានស្វែងយល់អំពីទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថលរវាង វៀតណាម និង កម្ពុជា តាមរយៈបទបង្ហាញ «ការអនុវត្តនិងគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៅ វៀតណាម», «សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ មនិងវិនិយោគរវាង វៀតណាម និង កម្ពុជាក្នុ ងបរិបទនៃការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន», «ការបំពេញក្របខ័ណ្ឌច្បាប់ស្តីពីការលើកទឹកចិត្តពាណិជ្ជកម្មទ្វេភាគី វៀតណាម – កម្ពុជា» និង «ស្ថានភាពនៃការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា» ដែលបានបង្ហាញដោយអ្នកជំនាញ និងអ្នកគ្រប់គ្រងឈានមុខក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលនៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ក៏មានកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្កររវាង ក្រុមហ៊ុនរោងចក្រម៉ាស៊ីនកិនស្រូវ Kon Khmer Co., Ltd ដែលជាសហគ្រាសក្នុងស្រុក ជាមួយក្រុមហ៊ុននិងអាជីវកម្មវៀតណាមមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនោះ ក៏មានសកម្មភាពជំរុញនិងទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រិនមកពី VCBA, CCC និងសហគមន៍ធុរកិច្ចវៀតណាម-កម្ពុជា៕

ដោយ៖ សុខ វិសាល

Share post:

spot_imgspot_img

Popular

More like this
Related

លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ប្រធានក្រុមហ៊ុន Vietjet​ ទទួលបានងារជាវីរនារីពលកម្មឆ្នើមរបស់វៀតណាម 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥- ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន...

ក្រុមហ៊ុនអង្គរមីល អះអាងថាមិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ

រោងចក្រផលិតទឹកដោះគោអង្គរមីល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូ អិលធីឌី...

អបអរសាទរ! ស្រាបៀហ្គ្រីតត្រៀមនាំចេញទៅ ប្រទេសអូស្រ្តាលី

ភ្នំពេញ៖ ក្រុមហ៊ុន ឆេមពានគ្រុប បានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន ខេមរា (Khemera) ក្នុងការនាំចេញស្រាបៀហ្គ្រីតទៅកាន់ប្រទេសអូស្រ្តាលី នៅក្នុងពិធីការចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ...

ក្រុមហ៊ុនកូនខ្មែរនាំចូលទឹកដោះគោស្រស់ សូណេឆើរ៉ាល់ (So Natural) ពីប្រទេសអូស្រ្តាលី ផ្តល់ជំនួយរហូតដល់ ១០០,០០០,០០០រៀល ជូនជនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹក

កម្ពុជាកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាកូនខ្មែរជាច្រើនរូប មានទាំងសមត្ថភាព និងចំណេះដឹង ជាកត្តាដែលជំរុញគ្រប់វិស័យទាំងអស់កាន់តែចម្រើន។ ចំណែកឯកូនខ្មែរ លោក...