ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និងពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មីនៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

Date:

នាព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៥ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ចំនួន ១៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។គម្រោងទាំងនេះ រួមមាន ជាអាទិ៍ គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់, គម្រោងរោងចក្រផលិតក្តារប៉ាកេ, គម្រោងអគារពហុមុខងារ, គម្រោងផ្សាររាត្រី, គម្រោងរមណីយដ្ឋាន និង គម្រោងអគារពហុមុខងារ ក្រោមទុនវិនិយោគជាង ៣៩ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង ។

លោក បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការងារជំរុញវិនិយោគ ត្រូវធ្វើទន្ទឹមគ្នា ទាំងលើការពិនិត្យផ្តល់ការលើកទឹកចិត្តជាកញ្ចប់ និង ទាំងលើការសម្រួលនីតិវិធី ការថែទាំវិនិយោគ ការប្រឹក្សាយោបល់ និង ការសម្របសម្រួលផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និង សំណូមពរនានារបស់វិនិយោគិន ។ ក្រៅពីនេះ, ក្រុមការងារត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល រួមទាំងការបណ្តុះបណ្តាល​ជំនាញ ការជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និង ការតភ្ជាប់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ។

ជាមួយនេះ, អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សិក្សាអំពីសក្តានុពល និង កាលានុវត្តភាពនៃការអភិវឌ្ឍកោះតាមប្រទេសនានា និង កោះរ៉ុង ក្នុងខេត្តព្រះសីហនុ ព្រមទាំងលទ្ធភាពដាក់ចេញវិធានការបន្ថែម និង/ឬ យុទ្ធសាស្ត្រទាក់ទាញការវិនិយោគនៅកោះរ៉ុង ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីប្រែក្លាយកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយ ក្នុងពិភពលោក ដោយផ្តោតលើទេសចរណ៍ធម្មជាតិ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ និង ទេសចរណ៍សុខភាព ។ល។

សូមបញ្ជាក់ជូនថា, ក្រុងកោះរ៉ុង មានផ្ទៃដីសរុប ១១ ៣២៣,៨៩ ហិកតា, មានឆ្នេរសរុបប្រមាណ ៦១ គីឡូម៉ែត្រ ក្នុងនោះ ប្រមាណ ៤៣ គីឡូម៉ែត្រ ជាឆ្នេរខ្សាច់ ដែលទទួលបានចំណាត់ថ្នាក់លេខ ៩ ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង ៥០ នៅលើពិភពលោក ប្រចាំឆ្នាំ ២០២៦, ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្ដាញផ្លូវ, គម្រោងអាកាសយានដ្ឋានកម្រិត 4C និង បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ជាដើម ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គោលដៅទេសចរណ៍កោះរបស់កម្ពុជា នៅមានសក្តានុពលវិនិយោគធំធេង ខណៈដែលភ្ញៀវទេសចរតាមបណ្ដាកោះ មានចំនួនកើនឡើងជាលំដាប់ ជាពិសេសភ្ញៀវមកពីអឺរ៉ុប ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ស្ថានភាពនេះ ទាមទារឱ្យមានការគិតគូរទុកមុន ឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញវិធានការជាក់លាក់និង/ឬ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍកោះរ៉ុង ជាទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញ និង បង្កើតតម្លៃបន្ថែមខ្ពស់ ព្រមទាំងចូលរួមទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ ការដោះស្រាយបញ្ហាអគារជាប់គាំង និង ការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀត ។

លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគ នៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្ត អនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

លោកបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ និង លើកកម្ពស់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និង ការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៌រួមជាចំបង ។ សម្រាប់ការងារចំពោះមុខ, លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ស្ថានភាពវិវត្តថ្មីៗនេះ ទាំងក្នុងពិភពលោក និង ក្នុងប្រទេស បានបង្កើតបញ្ហាប្រឈមផង និង កាលានុវត្តភាពផង ដូច្នេះ ពេលនេះ ជាងពេលណាៗ ដែលក្រុមការងារត្រូវខិតខំ ដោយបុរេសកម្ម និង សកម្មជានិច្ច ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរ សម្រាប់ការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី ។ វិនិយោគិនអាចទំនាក់ទំនងមកការិយាល័យ របស់ក្រុមការងារ នៅ ៖ ១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០) និង ២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕

Share post:

spot_imgspot_img

Popular

More like this
Related

អត្តសញ្ញាណវប្បធម៌ខ្មែរ ក្នុងជិវភាពរបស់នៅថ្មី នៅប្រទេសវៀតណាម

តាមរយៈកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ការងារអភិរក្សវប្បធម៌ខ្មែរក្នុងអំឡុងពេលពេលកន្លងមកត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងការប្រកបមុខរបរចិញ្ចឹមជីវិត ការអប់រំ ការកាត់បន្ថយភាពក្រីក្រ...

អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹមនៅកម្ពុជា

ភ្នំពេញ៖​ ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពសត្វ អង្គការ FOUR PAWS ប្រចាំនៅកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធរាយការណ៍អនឡាញថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសត្វចិញ្ចឹម និងបង្កើនការយល់ដឹងបន្ថែមអំពីបញ្ហាពាក់ព័ន្ធនឹងការជួញដូរសាច់ឆ្កែ...

Vietjet កំពុងលក់សំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ ផ្តល់ជូនជម្រើសធ្វើដំណើរថ្មីទៅកាន់អឺរ៉ុប

ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់...