ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈក្រសួងបានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហគ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយ លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គម និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកន្លងមក ជាពិសេសជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈការលើកឡើងនូវសំណូមពរ មតិយោបល់ល្អៗ ដែលបម្រើប្រយោជន៍ដល់សមាគមធុរកិច្ច កែលម្អបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ក៏បានជម្រាបជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា អំពីវឌ្ឍនភាពនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ទោះបីជាទទួលការរំខានក្នុងអំឡុងបរិកាណ៍កូវីដ-១៩ក៏ដោយ។ លោកជំទាវបានបញ្ជាក់ថា យោងតាមរបាយការណ៍ធនាគារពិភពលោកសម្រាប់ខែធ្នូឆ្នាំ២០២១ កម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ២.២% នៅឆ្នាំ២០២១ និងច្រើនជាង ៥% នៅឆ្នាំ២០២៣។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២១ សម្រេចបានប្រមាណ ៣៣,៤ ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ២៦%។
ក្នុងជំនួបនោះដែរ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានជម្រាបជូនអំពីសាវតា និងរចនាសម្ព័ន្ធនៃសមាគម ព្រមទាំងការបោះពុម្ពផ្សាយសៀវភៅស ដែលបានបញ្ចូលនូវបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានបញ្ហាសំខាន់ៗចំនួន ០៣ ដូចជា (១)បញ្ហាការបើកច្រកទីផ្សារ (២)ឱកាសទទួលបានហិរញ្ញប្បទាន និង(៣)ការបណ្តុះបណ្តាលជំនាញឌីជីថល។ លោកជំទាវឧកញ៉ា ក៏បានស្នើសុំនូវទិន្នន័យអ្នកផលិត និងផលិតផល ពីក្រសួងពាណិជ្ជកម្ម ដើម្បីដាក់បញ្ចូលក្នុងសៀវភៅសនោះ និងជួយជំរុញការផ្សព្វផ្សាយពីផលិតផលខ្មែរ។
ជាកិច្ចឆ្លើយតប លោកស្រី តឹករ៉េត កំរង បានទទួលយកនូវសំណូមពរដែលបានលើកឡើង និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការរៀបចំច្បាប់និងបទបញ្ញត្តិថ្មីៗ និងការបើកច្រកទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ដែលកម្ពុជាសម្រេចបាន។ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ៕