ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង និង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី ដែលមានទីតាំងឋិតនៅជាន់ទី៣នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) មានអាសយដ្ឋានស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ ១០០ (វីថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី សារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវា សាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងនឹងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពី គម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅទីតាំងមួយចំនួនតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់ សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានាដើម្បីជំរុញការដំឡើងស្ថានីយបញ្ចូលថាមពល អគ្គិសនីឱ្យបានច្រើនថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង ផ្សារ FURI TIMES SQUARE MALL ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយ ឥតគិតថ្លៃរយៈពេល៥ឆ្នាំក្នុងការជំរុញការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងការប្រមូលចំណូលពន្ធ និងអង្គការUNDP ដែលបានផ្តល់ការគំាទ្រក្នុងយុទ្ធនាការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី រួមទំាង ស្ថានីយបញ្ចូលថាមពលអគ្គិសនី និងក្រុមហ៊ុនKTS ដែលបានសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើម របស់ក្រសួង។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអរគុណផងដែរដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមការងារ និងមន្រ្តីជំនាញ ដែលបានខិតខំប្រឹងប្រែងរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសតភ្ជាប់ប្រព័ន្ធ និង បានរៀបចំកម្មវិធីដើម្បីបានដាក់ដំណើរការជាស្ថាពរនាថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី បានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុត សុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឱ្យស្រប ច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះសម្រាប់សេវាប្ដូរ ឬពន្យារបណ្ណបើកបរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់ថា៖ ដើម្បីយើងអនុវត្តគោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវធ្វើការងារអាទិភាពចំនួនបួនឱ្យបានគឺ៖ ទី១. ត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ទី២. ត្រូវ មានធនធានមនុស្សល្អ ទី៣.ត្រូវបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ទី៤. រៀបចំខេត្តព្រះសីហនុទាំង មូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ច ពិសេស ដើម្បីទាក់ទាញវិនិយោគឱ្យមកបណ្ដាក់ទុនបង្កើតការងារធ្វើជូន បងប្អូនប្រជាពលរដ្ឋយើង។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃសុខសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសម្តេចបានប្រើយុទ្ធសាស្រ្ត នយោបាយ ឈ្នះ-ឈ្នះ អភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតដល់ប្រទេសកម្ពុជាមានការរីកចម្រើន គ្រប់វិស័យ និងមានធនធានមនុស្ស និងធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះកិតិ្តយសលើឆាកអន្តរជាតិ ផងដែរ។
សូមជម្រាបជូនថា មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៦ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយ ក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាម ដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។
មណ្ឌលនេះមានទទឹង៩,៣ ម៉ែត្រ និងបណ្តោយ ១១,៨ ម៉ែត្រ ទំហំសរុប ១០៩ ម៉ែត្រការ៉េ រៀបចំឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមហ៊ុនកាំត្រង់ស៊ីប និងផ្សារទំនើប FURI Times Square Mall។ មណ្ឌលនេះមានបំពាក់ដោយ ឧបករណ៍ និងសម្ភារបរិក្ខារចាំបាច់ដូចជា៖ សម្ភារការិយាល័យ កុំព្យូទ័រ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោះពុម្ភបណ្ណ ម៉ាស៊ីនហ្វូតូកូពី ប្រព័ន្ធInternet និងសម្ភារផ្សេងៗទៀតសម្រាប់ដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មានកិច្ច សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ដើម្បីធ្វើការទូទាត់បានឆាប់រហ័សប្រកបដោយ តម្លាភាព នៅពេលប្រជាពលរដ្ឋមកស្នើសុំសេវានៅក្នុងមណ្ឌល។
ក្រសួងនឹងដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈនេះចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នេះតទៅ។ ប្រភេទសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលត្រូវផ្តល់រួមមាន៖ ប្ដូរបណ្ណបើកបរ ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ម៉ោងធ្វើការ៖ ០៧ថ្ងៃ ក្នុង០១សប្ដាហ៍ ពីម៉ោង ០៩ ព្រឹក ដល់ ០៦ល្ងាច សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ ទំនង៖ មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈលេខទូរស័ព្ទHOTLINE ១២៧៥ ទំព័រហ្វេសប៊ុកផ្លូវការ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន៖ www.fb.com/mpwt.gov.kh អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោកំ៖ www.fb.com/gdlt.mpwt.gov.kh ។
គួរកត់សម្គាល់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់ សេវាសាធារណៈបានចំនួន៦ទីតាំង រួមមាន៖ ១)មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1) បានបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់សេវាប្ដូរនិងពន្យាបណ្ណបើកបរ យានយន្តសម្រាប់ជនជាតិខ្មែរ ២)មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2)បាន បើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់សេវាប្ដូរ និងពន្យាបណ្ឌបើកបរយានយន្តសម្រាប់ ជនជាតិខ្មែរ និងបរទេស ៣)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) បានបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់សេវាចុះបញ្ជី យានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ បណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៤)មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាជីវកម្មដឹកជញ្ជូន អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ ៥)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) បានដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ត្រៀមដំណើរការ ផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រួមទាំងមណ្ឌលផ្តល់សេវាសាធារណៈដែលកំពុងបើកឱ្យដំណើរ ការនាពេលនេះផងដែរ៕