សេដ្ឋកិច្ច

ឱកាសអាជីវកម្មតាមអនឡាញ នឹងនៅតែមានជាបន្ត សម្រាប់អ្នកលក់រាយនៅកម្ពុជា បើទោះជាកូវីដ១៩ត្រូវបញ្ចប់ទៅក្ដី

ឱកាសអាជីវកម្មតាមអនឡាញនិងប្រព័ន្ធឌីជីថល ត្រូវបានគេរំពឹងថា នឹងនៅតែមាន សម្រាប់អាជីវករនៅកម្ពុជា ពីព្រោះអតិថិជននិងអ្នកលក់រាយ គឺមានការយល់ដឹងកាន់តែខ្ពស់​ទៅលើបច្ចេកវិទ្យាឌីជីថល។ នេះបើយោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជា របស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook, TikTok និងSpotify

ជាមួយនឹងទីផ្សារអនឡាញក្នុងស្រុកដែលមានតម្លៃរាប់ពាន់លានដុល្លារ Httpoolកំពុងផ្ដល់ការប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនក្នុងស្រុកទាំងឡាយ ឲ្យត្រៀមខ្លួនរួចជាស្រេច ពីព្រោះថា ពាណិជ្ជកម្មអេឡិចត្រូនិច និងអាជីវកម្មតាមអនឡាញ នឹងស្ថិតនៅគង់វង្ស ជាបន្តទៀត។

ការរាតត្បាតនៃវីរុសកូវីដ១៩ គឺជិតកន្លងផុតទៅហើយ។ ចំណែកឯប្រជាពលរដ្ឋវិញ ក៏កំពុងមានកម្លាំងចិត្តឡើងវិញ ដើម្បីដើរឆ្ពោះទៅមុខ។ ជាបន្តបន្ទាប់ គេសង្កេតឃើញថា ករណីឆ្លងថ្មី គឺកាន់តែថយចុះជាលំដាប់។ រីឯការរស់នៅប្រចាំថ្ងៃវិញ ក៏ហាក់បីដូចជាត្រលប់មកជាប្រក្រតីវិញហើយ។ ហើយវិស័យអាជីវកម្មវិញ ក៏កំពុងមានសភាពរស់រវើកវិញហើយ ដូចជាវិស័យបដិសណ្ឋារកិច្ច ទេសចរ និងលក់រាយជាដើម។ ក៏ប៉ុន្តែ វាប្រហែលជាមិនងាយស្រួលទេ ក្នុងការដែលយើងត្រលប់ទៅធ្វើប្រតិបត្តិការអាជីវកម្មដូចពីមុនវិញ និងមានក្ដីរំពឹងថា អាជីវកម្មរបស់យើងនឹងកាក់កបខ្លាំង ដូចកាលពីជំនាន់មុនកូវីដនោះ។

ជាការពិតណាស់ថា ពិភពលោកសព្វថ្ងៃ គឺពិតជាមិនដូចមុនឡើយ ហើយវិធីប្រកបអាជីវកម្ម ក៏មិនដូចមុនទៀតដែរ។ ការដើរទិញទំនិញនៅតាមដងផ្លូវ និងនៅតាមផ្សារទំនើបដែលមានមនុស្សកកកុញ ប្រហែលជាត្រូវបាត់បង់ប្រជាប្រិយភាពហើយ។ អតិថិជនជាអ្នកប្រើប្រាស់ កំពុងតែមានទំនោរកាន់តែខ្ពស់​ទៅលើ ពាណិជ្ជកម្មអេឡិចត្រូនិច និងការទិញទំនិញតាមអនឡាញ។

ប៉ុន្តែ សំណួរសួរថា តើគេត្រូវពង្រឹងនិងវិនិយោគទៅលើវត្តមាននៅលើអនឡាញនៃម៉ាកយីហោ ក្រោយពីចប់កូវីដឬ?

ប្រជាប្រិយភាពនៃការទិញទំនិញតាមអនឡាញ

ជាការពិតណាស់ថា ការរាតត្បាតវីរុសកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវិតមនុស្សនៅទូទាំងពិភពលោក តាមរយៈបំរាមនិងការបិទខ្ទប់ ដែលបណ្តាលឲ្យមនុស្សជាច្រើន ត្រូវបាត់បង់ការងារធ្វើ ហើយអ្នកវិនិយោគទុន ក៏កាត់បន្ថយការវិនិយោគផងដែរ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ នៅខណៈដែលយើងកំពុងចាកចេញពីបញ្ហានេះ ថាតើយើងអាចប្រើការផ្លាស់ប្ដូរទាំងនេះ ដើម្បីជាប្រយោជន៍ពង្រឹងសមត្ថភាពរបស់យើង ឲ្យកាន់តែរឹងមាំដែរឬទេ?

ដូចពាក្យចាស់ពោលថា នៅពេលដែលទ្វាមួយបិទ ទ្វាមួយទៀតប្រហែលជាបើក។ នៅពេលដែលហាងជាលក្ខណៈអគារថយចុះ ហាងជាលក្ខណៈថ្មីមួយទៀត ក៏លេចធ្លោឡើង ពោលគឺការកើនឡើងនៃការប្រើប្រាស់សេវាតាមអនឡាញ។ ចាប់តាំងពីមានការបិទខ្ទប់មក ពាណិជ្ជកម្មអេឡិចត្រូនិច និងពាណិជ្ជកម្មតាមទូរស័ព្ទ បានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ហើយទីផ្សារវិញ ក៏យល់ដឹងភ្លាមៗថា បើទោះជាគេមិនមានហាងជាលក្ខណៈអគារក្ដី ក៏គេនៅតែអាចបន្តលក់ទំនិញតាមអនឡាញ បានដដែល។ ហេតុដូច្នេះហើយ ទើបបានជា អ្នកវិនិយោគ និងអ្នកប្រើប្រាស់ មើលឃើញនូវកំណើនដ៏​ខ្លាំងក្លា​នៃភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិច ដែលទ្រទ្រង់ដល់ការវិលត្រលប់មកវិញ នៃដំណើរការអាជីវកម្មនៅទូទាំងសកលលោក។

ឧទាហរណ៍ជាក់ស្ដែងដូចជា ទីផ្សារអាស៊ីខាងកើត គេសង្កេតឃើញនូវកំណើនដ៏ខ្ពស់នៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ ប្រទេសចិន ដែលគេចាត់ទុកថា ជាទីផ្សារដ៏ធំបំផុតនៅអាស៊ី មានការលក់រាយតាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច សរុបជាទឹកប្រាក់​ចំនួន​ជាង២៧០០លានដុល្លារ។ ម្យ៉ាងទៀត ប្រទេសជិតខាងរបស់ចិន ពោលគឺប្រទេសជប៉ុន ក៏មានការលក់ក្នុងទំហំទឹកប្រាក់ជិត១៧០ពាន់លានដុល្លារផងដែរ លើផ្នែកលក់រាយ។ ករណីទាំងពីរប្រទេសនេះ ឆ្លុះបង្ហាញឲ្យឃើញថា បើទោះជាការរាតត្បាតកូវីដ១៩បានវាយលុកធ្វើឲ្យរាំងស្ទះសកម្មភាពរស់នៅរបស់យើង អស់រយៈពេល២ឆ្នាំក្ដី ក៏ដំណើរការ​អាជីវកម្ម មិនដែល​នៅ​ទ្រឹងឡើយ ពោលគឺវាបាន​បត់បែន​ ដើម្បីឆ្លងផុតពី​ឧបសគ្គផ្សេង ជាបន្តបន្ទាប់។

នាពេលបច្ចុប្បន្ននេះ វាពិតជាចាំបាច់និងបន្ទាន់ ក្នុងការដែលអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនលំដាប់ពិភពលោក ត្រូវកសាងវត្តមានឲ្យបានរឹងមាំនៅលើអនឡាញ។

ក្រុមហ៊ុនstart-upជំនាន់ថ្មីៗនេះ ក៏បានយកចិត្តទុកដាក់ខ្លាំង ទៅលើការរៀបចំយុទ្ធសាស្ត្រឌីជីថលផងដែរ ដើម្បីលក់ផលិតផលនិងសេវាកម្មរបស់ពួកគេ ឲ្យបានជោគជ័យ។ បើនិយាយចំពោះប្រទេសឥណ្ឌាវិញ ក្រុមហ៊ុន Amazon កំពុងផ្ដល់ឱកាសមួយដល់ហាងលក់ទំនិញក្នុងស្រុក ឲ្យមានលទ្ធភាពលក់ផលិតផលគ្រឿងទេសនៅលើភ្លែតហ្វមរបស់ក្រុមហ៊ុនបាន។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការ​កាលពី​ឆ្នាំ​២០២០​ និងពង្រីក​បន្ថែម​រយៈពេល​មួយឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២១​។ បច្ចុប្បន្ន​ កម្មវិធី​របស់​Amazon​មានអ្នក​ចូលរួម​មក​ពី​ជាង​១០០​លាន​ហាង​នៅ​៤៥០ទីក្រុង​ ហើយ​កម្មវិធី​នេះ​កំពុង​មាន​គម្រោង​ពង្រីក​ចំនួន​អាជីវកម្ម​​ដែល​ចូលរួម​ ឲ្យ​ឈាន​ដល់​១លានអាជីវកម្ម​ត្រឹមឆ្នាំ​២០២៥។​

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ប្រទេស​ឥណ្ឌា​ គឺជា​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។ ការសិក្សា​ជាច្រើន​បង្ហាញ​ថា​ ការលក់​រាយតាម​អន​ឡាញបាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ពី​ចំនួន​៦៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​ ឡើងមកចំនួន​៨០​ពាន់​លាន​ដុល្លារ​នាឆ្នាំ២០២២​នេះ។ ការព្យាករណ៍​ជាច្រើន​ក៏​ចង្អុល​បង្ហាញ​ថា​ តួលេខនេះ​នឹង​កើន​ដល់​១៤៥​ពាន់លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​២០២៥។ នៅក្នុង​អត្រា​នេះ​ ឥណ្ឌា​កំពុង​វិវឌ្ឍ​ខ្លួន​ ក្លាយ​ទៅជា​​ប្រទេស​ដែល​រីក​ចម្រើន​លឿន​ជាង​គេ​លំ​ដាប់​ទី​២​នៅ​អាស៊ី​ ដោយសារ​តែមាន​វត្តមាន​ដ៏រឹងមាំ​នៅ​លើ​ពាណិជ្ជកម្ម​អេឡិច​ត្រូ​និច។

ការចាប់យកពិភពឌីជីថល នៅទូទាំងពិភពលោក

បើយោងតាមសន្និបាតអង្គការសហប្រជាជាតិស្ដីអំពីរបាយការណ៍ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ការលក់រាយតាមអនឡាញ បានកើនឡើងយ៉ាងខ្លាំង នៅតាមបណ្ដា​ប្រទេសជឿន​លឿន​។ ការ​លក់​នៅ​ចក្រ​ភព​អង់គ្លេស​ បាន​កើន​ឡើង​ពី​ចំនួន​៨៩​ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ មក​ចំនួន​១៣៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ នៅ​សហ​រដ្ឋ​អាមេរិក​ក៏​មាន​កំណើន​ដ៏​ខ្លាំង​ក្លា​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៩​ ដោយក្នុងនោះ​ ប្រាក់​ចំណេញ​ពី​ការ​លក់​តាម​អនឡាញ​ ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​ថា​ស្ថិត​ក្នុង​ទំ​ហំ​៥៩៨​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​ទី​មួយ​នៃ​ការ​រាត​ត្បាត​វីរុស​កូវីដ​១៩​ ប្រាក់ចំណេញ​បាន​កើន​ឡើង​ចំនួន​២០០​ពាន់​លាន​ដុល្លារ​។​

លើសពីនេះ Amazon និង Alibaba ដែលជាភ្លែតហ្វមពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកនោះ សុទ្ធ​តែ​មាន​កំណើន​ប្រាក់​ចំណេញ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ នាអំឡុង​ពេល​ដែល​កូវីដ​១៩​ចាប់​ផ្ដើម​រាត​ត្បាត​ដំបូង​ៗ​។ Amazon ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជ​កម្ម​អេឡិចត្រូនិច​យក្ស​របស់​អាមេរិក​ មាន​កំណើន​នៃ​ការលក់​សរុប​ចំនួន​១៧%​នៅ​ចន្លោះ​ឆ្នាំ​២០១៩​និង​២០២០​។ រីឯ Alibaba ​ដែល​ជា​គូ​ប្រជែង​យក្ស​មកពី​ប្រទេសចិន​វិញ ​ក៏មានកំណើន​១០%​ផងដែរ។​ ម្យ៉ាង​ទៀត​ ​សូម្បី​តែ​Shopify ដែលជា​ភ្លែតហ្វម​ពាណិជ្ជកម្ម​អេឡិច​ត្រូ​និច​ដ៏ពេញ​និយម​ដែល​មាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ដល់​ទៅ​ជាង​១លាន​នាក់​ ក៏​ទទួល​បាន​កំណើន​ប្រាក់​ចំណេញ​ដ៏​ច្រើន​លើសលប់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០២​០​ផងដែរ។​ ភ្លែតហ្វម​នេះ រក​ប្រាក់​ចំនូល​បាន​រហូត​ដល់​ទៅ​ជិត​៦០​ពាន់​លានដុល្លារ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​។

នៅ​ខណៈ​ដែល​សេវាកម្ម​របស់​អាជីវកម្ម​ជាច្រើន​ត្រូវ​បាន​រារាំង​នា​អំ​ឡុង​ពេល​បិទ​ខ្ទប់​​ ​វត្តមាន​អាជីវកម្ម​នៅលើ​អន​ឡាញ ក៏​​បានអភិវឌ្ឍ​ឈាន​ដល់​កម្រិត​ថ្មី​មួយ។ មិនយូរ​មិន​ឆាប់​នោះទេ​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និច​ នឹងក្លាយ​ទៅ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​វិស័យ​លក់​រាយ​ជាមិន​ខាន​។ អ្នក​ប្រើ​ប្រាស់​នឹងប្រា​កដ​ជា​ជ្រើ​ស​រើស​យក​វិធី​ទិញ​ទំនិញ​តាម​អនឡាញ​ដែល​មាន​ភាព​ងាយស្រួល​ជាងមុន ​ជាក់​ជាមិនខាន។ ​ហើយ​ការរាត​ត្បាត​នៃ​កូវីដ​១៩​ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​ព្យាករណ៍​នេះ​ កាន់​តែ​ប្រាកដ​ជាក់​ច្បាស់​ប៉ុណ្ណោះ​។​ នា​ពេល​សព្វថ្ងៃនេះ​ ដំណើរការ​អាជីវកម្ម​ជា​ទូទៅ​ ស្ទើរ​តែ​មិន​អាចប្រ​ព្រឹត្តិ​ទៅ​បាន​ទៅ​ហើយ ប្រសិន​បើ​មិនមាន​វត្តមាន​ដ៏​រឹង​មាំ​នៅលើ​អនឡាញ។ ការ​ធ្វើ​យុទ្ធ​នាការ​ទីផ្សារ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ និង​ការធ្វើ​ប្រូម៉ូសិន​នៅ​តាម​បណ្ដាញ​​ប្រព័ន្ធ​ឌីជីថល​ផ្សេងៗ​ គឺ​ពិត​ជា​ចាំ​បាច់​ដើម្បី​ឲ្យ​អាជីវកម្មខ្នាត​តូច​និង​មធ្យម​ ​រីកចម្រើន​ទៅ​បាន​ និង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​លំដាប់​សកល​ អាច​រក្សា​បាន​នូវ​ប្រាក់​ចំនូល​ខ្ពស់។

ភាព​រីក​លូត​លាស់​នៃ​អាជីវកម្ម​ ក្រោយ​ពេល​កូវីដ​បញ្ចប់​ទៅ​

វា​គឺ​ជា​​មិន​ងាយ​ស្រួល​ទេ​ក្នុងការ​បង្កើត​និង​រក្សា​អាជីវកម្ម​មួយ​ឲ្យ​ជោគជ័យ​ ​ជាពិសេស​គឺ​នៅ​ក្រោយ​ពេល​កូវីដ​១៩​បញ្ចប់​ទៅ​តែ​ម្ដង​ ពី​ព្រោះ​ថា​ទីផ្សារ​នៅ​តែ​ផុយ​ស្រួយ​និង​ងាយ​រង​គ្រោះ​។​

ក្រុមហ៊ុនជាច្រើន បានបិទទ្វាដោយសារកូវីដ១៩ ហើយក្រុមហ៊ុនខ្លះទៀត ក៏ពិបាករកប្រាក់ចំណេញ​ឲ្យ​បាន​ដូច​កាលពី​សម័យ​មុនកូវីដ​។ ម្យ៉ាងវិញទៀត ប្រជាប្រិយភាព​ថ្មីៗ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ អាជីវកម្ម​ជាច្រើន​ ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ទៅលើ​ការ​កសាងវត្តមាន​លើ​អនឡាញ​ ជាពិសេស​គឺវត្ត​មាន​នៅលើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​តែម្ដង​។ ទីផ្សារ​អ៊ឺរ៉ុប​ខាង​លិច​ មាន​កំណើន​ដ៏​ខ្លាំង​ក្លា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​។ នាឆ្នាំ​២០១៥​ វិស័យ​នេះ​មានចំណូល​ត្រឹមតែ​រង្វង់​២០០​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ដែល​កូវីដ​១៩​ឈាន​ដល់​ចំនុច​កំពូល​ ការទិញ​ទំនិញ​តាម​អនឡាញ​ មានទំហំ​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជាង​៤៥០​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន។​

ទំនោរ​ទាំង​នេះ​បង្ហាញ​ថា​ អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ទិញ​ទំនិញ​តាម​អនឡាញ​កាន់តែ​ច្រើន​ជាង​ពេលណា​ទាំងអស់​។ ហេតុផល​ចំបង​មួយនោះ​​ គឺ​ដោយសារ ​នាសម័យ​កូវីដ​១៩​ គេកាន់តែ​ងាយ​ស្រួល​ទិញ​ទំនិញ​តាម​អនឡាញ​ ​ដោយមិន​ចាំ​បាច់​​ក្រោក​ពីគ្រែ​ឬ​ស្លៀក​ពាក់​ ដើម្បី​ចេញ​ទៅ​ទិញ​ទំនិញ​ទៀត​ទេ​។ ដូច្នេះ​ វា​ច្បាស់​ណាស់​ថា​ វិស័យ​លក់​រាយ​តាម​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ ពិត​ជា​មាន​ប្រៀប​ជាង​ ​និង​បន្ត​មាន​ប្រៀបកាន់​តែ​ខ្លាំង​ នា​ពេល​អនាគត​។ ភាពរីកចម្រើន​នៃបច្ចេកវិទ្យា​ទំនាក់ទំនង​ ធ្វើឲ្យ​អ្នក​ប្រើប្រាស់​មាន​លទ្ធភាព​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​របស់ពួកគេ​បាន​កាន់​តែ​ងាយ​ស្រួល​។ ​ឧទាហរណ៍ដូចជា​ នៅ​ប្រទេស​ឥណ្ឌា​ ៨០%​នៃ​ការលក់​តាម​អនឡាញ​ ប្រ​ព្រឹត្ត​ទៅ​តាម​ទូរស័ព្ទ​ដៃ​។ ​ហេតុ​ដូច្នេះ​ វិស័យ​អាជីវកម្ម​ឌីជីថល​ កំពុង​មើល​ឃើញ​នូវ​កំណើន​នៃ​ពាណិជ្ជ​កម្ម​តាម​ទូរស័ព្ទ​ដៃ។​ គួរ​កត់​សម្គាល់​ថា​ ជាង​៥០%​នៃ​ការលក់​សរុប​នៅ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ គឺ​ធ្វើ​ឡើង​តាម​រយៈ​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​អតិថិជន​។ វិស័យ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ក្មេងខ្ចី​នៅឡើយ​ ព្រម​ទាំង​មាន​សក្ដា​នុពល​ឥត​ដែន​កំណត់​សម្រាប់​អភិវឌ្ឍ​។ ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​លក់​តាម​ពាណិជ្ជ​កម្ម​ទូរស័ព្ទ​ដៃ​សរុប​ បាន​កើន​ឡើង​ចំនួន​៤០%​។

ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ​ ក៏​បាន​ប្រ​ព្រឹត្ត​ទៅ​នៅ​នឹង​កន្លែង​ដោយ​ផ្ទាល់​ផង​ដែរ​។ គេ​សង្កេត​ឃើញ​ថា​ អ្នកប្រើប្រាស់​បច្ចុប្បន្ន​និយម​ទូទាត់​ប្រាក់​ដោយ​ប្រើ​ទូរស័ព្ទដៃ​ ជា​ជាង​ឆូត​កាត​ក្រេឌីត​។ Apple Pay ​ដែលជា​អ្នក​បង្កើត​បច្ចេក​វិទ្យា​នេះ​មុន​គេ​ មានអ្នក​ប្រើប្រាស់​ចំនួន​ជាង​៣៨០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​ ចំនួននេះ​ គឺ​ច្រើន​ជាង​ចំនួន​ប្រជាជន​សរុប​នៅ​ចក្រ​ភព​អង់គ្លេស​ទៅ​ទៀត​។ សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ ​ផ្ដល់​ជូន​អ្នក​ប្រើ​ប្រាស់​ទាំង​ភាព​ងាយ​ស្រួល​និង​សុវត្ថិភាព​ ក្នុងការ​រក្សា​ទុក​កាត​ដេបីដ​និង​កាត​ក្រេឌីដ​ផងដែរ។

មនុស្ស​ជាច្រើន​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ​នា​អំឡុង​កូវីដ​កំពុង​រាត​ត្បាត​។ ​ហើយ​ក្រុមហ៊ុន Lidl ​ដែល​ជា​ផ្សារ​ទំនើប​ដ៏ធំ​ បាន​ចាប់​យក​ឱកាស​នេះ​ ដើម្បី​បង្កើត​មុខងារ​ថ្មី​សន្លាង​មួយ។ គេ​បាន​ហៅ​មុខ​ងារ​នេះ​ថា​ Lidl Plus ដែល​ផ្ដល់​ជូន​អតិថិជន​នូវ​មធ្យោបាយ​ទិញ​ទំនិញ​ តាម​ទូរស័ព្ទ​ស្មាត​ហ្វូន​។ ​បើយោង​តាម​ទិន្នន័យ​ពី​Google Play និង​ Apple Store, Lidl Plus មាន​គេ​ទាញ​យក​ចំនួន​ជាង​១៣០០​លាន​ដង​ ក្នុង​ខែ​កញ្ញា​។

បើសង្ខេប​មកវិញ​ ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​និងពាណិជ្ជកម្ម​តាម​ទូរស័ព្ទ​ដៃ​ មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​តួអង្គ​ឯក​​នៅ​ក្នុង​វិស័យ​លក់​រាយ​។ ពាណិជ្ជ​កម្ម​ទាំង​២​ប្រភេទ​នេះ​ សុទ្ធ​តែ​នៅ​ក្មេង​ខ្ចី​ និង​ទទួល​បាន​ប្រាក់​ចំនូល​ក្នុង​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន។ យូរ​ៗ​ទៅ​ អ្នក​ទិញ​ទំនិញ​នឹង​ធ្វើ​ការ​ទិញ​តាម​ឌីជីថល​ទាំង​ស្រុង​តែ​ម្ដង​។ បណ្ដាញ​សង្គម​និង​ការផ្សព្វផ្សាយ​ទំនិញ​តាម​អនឡាញ​ គឺ​ជា​ផ្នែក​ដ៏​សំ​ខាន់​សម្រាប់​ជួយ​ឲ្យ​ម៉ាក​យីហោ​ទាំង​ឡាយ​ ទទួល​បាន​ជោគ​ជ័យ​ និង​ទំនុក​ចិត្ត​ទៅលើ​ផលិតផល​របស់​ពួក​គេ​។ ឧទាហរណ៍​ថា​ ក្រុមហ៊ុន​មួយ​អាច​ផលិត​ឡាន​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​ ប៉ុន្តែ​ប្រសិន​បើ​គេ​មិន​ផ្សព្វផ្សាយ​វា​នៅលើ​បណ្ដាញ​សង្គម​ទេ ក្រុមហ៊ុន​នោះ​ប្រហែល​ជា​លក់​បាន​តែ​នៅ​ក្នុង​តំបន់​ដែល​គេ​តាំង​នៅ​តែ​ប៉ុណ្ណោះ​។ ការ​ធ្វើ​ទីផ្សារ​ឌីជីថល​ ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ទាំង​ឡាយ​ អាច​ផ្សព្វ​ផ្សាយ​ទៅ​កាន់​អតិថិជន​ដែល​ស្រលាញ់​ក្រុមហ៊ុន​របស់​ខ្លួន​ បាន​កាន់តែ​ទូលំទូលាយ​។ អតិថិជន​ទាំង​នេះ​ គឺ​ពិត​ជា​ចាំ​បាច់​ណាស់​សម្រាប់​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​ ហើយ​នេះ​គឺជា​ការ​ពិត​។

១ទល់នឹង០ រវាង​ការទិញ​ទំ​និញ​តាម​អនឡាញ​និងទិញ​នៅ​កន្លែង​ដោយ​ផ្ទាល់​

ការពិត គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាមរយៈ​លទ្ធផល​នេះ​ឯង​។ ជាក់ស្ដែង​ ទិន្នន័យ​នៅទូទាំងពិភពលោក​បង្ហាញថា​ ក្រោយពេល​កូវីដ​បញ្ចប់​ទៅ​ វិស័យ​ពាណិជ្ជកម្ម​អេឡិច​ត្រូ​និច​ នឹងកាន់​តែ​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​ពាណិជ្ជ​កម្ម​ដែល​តម្រូវ​ឲ្យ​ទៅ​ទិញ​នៅ​នឹង​កន្លែង​។ លើស​ពី​នេះ​ ការ​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ ចំណាយ​ប្រាក់​តិច​ជាង​ និង​មាន​ប្រសិទ្ធ​ភាព​ជាង​ការបើក​ហាង​ជា​លក្ខណៈ​អគារ​។ ការធ្វើ​អាជីវ​កម្ម​អនឡាញ​ អនុញ្ញាត​ឲ្យម្ចាស់​អាជីវកម្ម​ តាម​ដាន​ការ​ចូល​មើល​របស់​អតិថិជន​មកកាន់​គេហទំព័រ​របស់​ខ្លួន​ និង​អាច​វិភាគ​ដឹង​ថា​ ផលិតផល​មួយ​ណា​ លក់​ដាច់​ជាង​។ ទិន្នន័យ​ឌីជីថល​ ផ្ដល់​ព័ត៌មាន​និង​តម្រុយ​បាន​ទូលំទូលាយ​ជាង​។

ភាព​ជោគជ័យ​នៃ​Fashion Nova ដែលជា​ក្រុមហ៊ុន​លក់​រាយសម្ភារ​ស្ត្រី​ បង្ហាញ​ថា​ អាជីវកម្មមួយអាចរីកចម្រើន​ទៅបាន​ ចាំបាច់​ត្រូវ​មាន​វត្តមាន​រឹងមាំ​នៅលើ​អនឡាញ។​ ក្រុមហ៊ុន​នេះ​មាន​ហាង​ជា​លក្ខណៈ​អគារ​ ត្រឹមតែ​៥​កន្លែង​ នៅក្នុង​រដ្ឋ​មួយ​នៃ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​កាលពីឆ្នាំទៅ​ ក្រុមហ៊ុននេះ​រកចំណូល​បាន​រហូត​ដល់​ទៅ​ ៥២០​លាន​ដុល្លារ​។ សំណួរ​សួរ​ថា​ តើ​គេធ្វើ​បែប​នេះ​បាន​ ដោយ​របៀប​ណា​ទៅ​?​ Fashion Nova ដឹកជញ្ជូន​ផលិតផល​របស់​ខ្លួន​ទៅ​ទូទាំង​ពិភពលោក​។ មានន័យថា​ ក្រុមហ៊ុន​មិនត្រឹមតែ​លក់​ផលិតផល​ឲ្យ​អតិថិជន​ដែល​រស់នៅ​រដ្ឋ​កាលីហ្វញ៉ា​ប៉ុណ្ណោះ​ទេ​ តែក៏​លក់ទៅឲ្យមនុស្សគ្រប់​គ្នា​នៅ​ទូទាំងពិភពលោក​ផងដែរ។ ពាណិជ្ជកម្មអេឡិចត្រូនិច​និង​ឌីជីថលកម្ម​នៃ​អាជីវកម្ម​ អនុញ្ញាត​ឲ្យ​សហ​គ្រិន​ទាំង​ឡាយ​អាច​ផ្សព្វ​ផ្សាយ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​បាន​កាន់​តែ​ទូលំ​ទូលាយ​។ ប៉ុន្តែ​ ដើម្បី​រក​ប្រាក់​ចំនូល​ឲ្យ​បាន​ខ្ទង់​លាន​ដុល្លារ​​ ការ​ដែល​មាន​ត្រឹម​តែ​ហាង​អនឡាញ​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ គេ​ចាំបាច់​ត្រូវ​ធ្វើ​យុទ្ធនាការ​ទីផ្សារ​តាម​បណ្ដាញ​សង្គម​ ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៅកាន់​អតិថិជន​គោលដៅ​ ធ្វើ​ប្រូម៉ូសិន​អន​ឡាញ និង​ការផ្ញើ​អ៊ីមែល​ទៅ​កាន់​អតិថិជន​គោលដៅ​ ដើម្បី​ធ្វើ​ឲ្យ​មហាជន​បាន​ស្គាល់​ច្បាស់​អំពី​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​នោះ​។

ភាពងាយស្រួល​និង​គួរ​ឲ្យ​ទុក​ចិត្ត​របស់​ពាណិជ្ជកម្ម​អេឡិចត្រូ​និច​ ជួយ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំនូល​ដ៏​ល្អ​។ គួបផ្សំ​ជាមួយ​នឹង​ការផ្សព្វផ្សាយ​ម៉ាក​យីហោ ​ និង​ការធ្វើ​ប្រម៉ូសិន​តាម​បណ្ដាញ​សង្គម​ដ៏​ល្អ ក្រុមហ៊ុន​ទាំង​ឡាយ​ នឹង​មាន​ឱកាស​ជោគជ័យ​កាន់តែ​ខ្ពស់។

សេចក្ដីសន្និដ្ឋានអំពីឥទ្ធិពលរបស់ពាណិជ្ជកម្មអេឡិចត្រូនិច ទៅលើវិស័យ​អាជីវកម្ម

ពាណិជ្ជកម្មអេឡិច​ត្រូ​និច​ ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ អាច​រក​ប្រាក់​ចំនូល នៅ​ក្រោយ​ពេល​កូវីដ១៩​បញ្ចប់​ទៅ។ ពិភព​ឌីជីថល​មាន​ឱកាស​ឥតដែនកំណត់​ សម្រាប់អតិថិជននិង​ក្រុមហ៊ុន​។ ពិភពលោក គឺជា​កន្លែង​មួយ​ដែល​មិន​អាច​ព្យាករណ៍​ទុក​ជា​មុន​បាន​។ កាលពី​២ឆ្នាំ​មុន​ ការរាតត្បាត​ជា​សកល​នៃកូវីដ១៩ បានផ្ដួល​អាជីវកម្ម​ជាច្រើន​។ ហាងផ្សេងៗ​ត្រូវ​បាន​គេ​បំ​ផ្លាញ​ដោយ​ការ​បាញ់​ស្ព្រៃគំនូរ ចោរកម្ម​ និង​គ្រោះ​ធម្មជាតិ​ដូចជា​ព្យុះ​ឬ​រញ្ជួយ​ដី​ជាដើម។ ពាណិជ្ជកម្មអេឡិចត្រូនិច​ បានលេចរូប​រាង​ឡើង​ ក្នុងនាម​ជា​ពន្លឺ​នៃក្ដី​សង្ឃឹម សម្រាប់មនុស្ស​ជាច្រើន។ ម្យ៉ាងវិញទៀត​ វាក៏ផ្ដល់មុខ​ងារ​វិភាគ​ល្អៗ​ជាច្រើន​ផងដែរ​ សម្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​តាម​ដាន​ទំនោរ​និងចំណាប់​អារម្មណ៍​របស់​អតិថិជន​របស់ពួកគេផងដែរ ដូច្នេះ​ក្រុមហ៊ុន​ទាំងនោះ​អាចបត់​បែន​ទៅ​តាម​ស្ថានការ​ជាក់​ស្ដែង​។

កំណើននៃឥទ្ធិពលនិង​ប្រជាប្រិយភាព​​របស់​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ បាន​ជួយ​ទំនប់​បម្រុង​ដល់​អាជីវកម្ម​ពិភពលោក​ នាអំឡុងពេល​កូវីដ​នេះ​ ហើយបច្ចុប្បន្ន​វាមាន​លក្ខណៈ​គ្រប់​គ្រាន់​ ដើម្បី​កសាង​អនាគត​ឌីជីថល​ដែល​កាន់តែ​រឹងមាំ ទៅ​ថ្ងៃមុខ។​ បន្ទាប់ពី​មាន​ការ​បិទ​ខ្ទប់​ សហគ្រិន​ទាំង​ឡាយ​បាន​មើល​ឃើញ​ថា​ ការ​ធ្វើ​ឌីជីថល​កម្ម​ហាង​របស់​ពួកគេ​ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​គួរ​វិនិយោគ។​

ការ​ពិត​និង​តួ​លេខ​ មិន​កុហក​យើង​ឡើយ​ ហើយពេលនេះ​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ទិដ្ឋ​ភាព​រួម​នៃ​វិស័យ​នេះ​។ អ្នកប្រើប្រាស់​ និយម​ចាយលុយ​តាម​អនឡាញ​ ជាង​ចាយនៅនឹង​ហាង​។ ចំណែក​ឯ​របាយការណ៍​លក់​នារយៈពេល​២​ឆ្នាំ​នេះ​វិញ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូច្នេះ​ដែរ​។

ការវិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​នឹង​ជួយ​ពន្លឿនឲ្យ​អតិថិជន ​ងាកមក​ទិញទំនិញ​តាម​អនឡាញ​។ កាលពីម្ភៃ​សាមសិប​ឆ្នាំ​មុន​ គេកម្រ​ឮពាក្យ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ណាស់​។ តែ​សព្វថ្ងៃ​ គេធ្វើ​ការ​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ ដូចជា​ធ្វើ​កិច្ច​ការ​សាមញ្ញ​ៗទៅហើយ​។ ហើយ​ស្ថានភាព​នេះ​ ត្រូវ​បាន​ជម្រុញ​បន្ថែម​កាន់​តែ​ខ្លាំង​ ពី​កំណើន​ដ៏​ឆាប់​រហ័ស​នៃ​បណ្ដាញសង្គម​ នាពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រុមហ៊ុន​ទាំង​ឡាយ​អាច​ប្រើប្រាស់​ភ្លែតហ្វម​ទាំង​នេះ​ ដើម្បី​ផ្សព្វផ្សាយ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ ក៏ដូចជា​ពង្រីក​អាជីវកម្ម​របស់ពួកគេ​ឲ្យឈានឡើង​មួយ​កម្រិត​ទៀត​។ ដល់ពេល​ហើយ​ ដែល​អ្នក​ត្រូវ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មីនេះ​ ជាមួយ​នឹង​ភាព​រឹងមាំ​កាន់តែ​ខ្លាំង​៕

To Top