សិល្បៈ កម្សាន្ត កីឡា

ម្ចាស់គ្រឿងសម្អាង Bliss អ្នកស្រី សុខ ហេង៖ ចង់ជោគជ័យ ក្នុងរបរអនឡាញ កុំផ្តោតលើ​ការប្រកួតប្រជែង តែផ្តោតសំខាន់ ការងារ និងជឿជាក់ លើគុណភាព ផលិតផលខ្លួនជាចំបង

ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ មិនងាយស្រួលនោះទេ អ្នកខ្លះមានឱកាស មិនចាប់យកឱកាស ក៏ធ្វើឲ្យជីវិតរស់នៅ កាន់តែដុនដាបទៅៗ ចំណែកអ្នកខ្លះ ជួបឱកាសចេះចាប់ឱកាស ក៏ធ្វើឲ្យរាសីឡើងក្រឿតៗ ហើយយើងគ្រប់គ្នា បានដឹងហើយថា មុននឹងទទួលបានជោគជ័យ មនុស្សម្នាក់ៗ ត្រូវឆ្លងកាត់ ឧបសគ្គជាច្រើន ដោយសារប្រឡូក ក្នុងវិស័យលក់ផលិតផល ថែរក្សាសម្ផស្ស តាមអនឡាញ (Online) និងទទួលបានជោគជ័យខ្លាំង អ្នកស្រី សុខ ហេង ដែលមានវ័យ ២០ស្តើង អាចក្លាយជា ម្ចាស់សហគ្រាស នាំចូល និងចែកចាយផ្តាច់មុខ គ្រឿងសម្អាងម៉ាក Bliss នៅកម្ពុជា នាពេលថ្មីៗនេះ បានចែករំលែកបទពិសោធន៍ត្រួសៗ របស់ខ្លួន ផ្តើមចេញពីបាតដៃទទេ រហូតមានលុយកាក់ ចាយវាយពេញៗដៃ ចេញពីដើមទុនតិចតួចប៉ុណ្ណោះ ។

ធ្លាប់ជាស្ត្រីធម្មតា ជាមេផ្ទះ ជាភរិយាម្នាក់ និងជាម្តាយម្នាក់ ដែលពឹងផ្អែកលើចំណូលគ្រួសារ មិនដែលស្គាល់សង្គមខាងក្រៅ តែក្រោយពីឈានជើង ប្រឡូកចូល ក្នុងវិស័យអនឡាញ ពោលអ្នកស្រី សុខ ហេង បានសម្រេចជ្រើសរើស ផលិតផលគ្រឿងសម្អាង ថែរក្សាសម្ផស្ស មកបង្កើតជារបរផ្ទាល់ខ្លួន រកស៊ីពីខ្លួនឯងតែម្នាក់ រហូតមានសមាជិក រាប់ពាន់នាក់ទូទាំងប្រទេស និងក្លាយជាសហគ្រិន ស្ត្រីវ័យក្មេងមួយរូប ដែលជាម្ចាស់សហគ្រាស សុខហេង នាំចូល និងចែកចាយផលិតផល គ្រឿងសម្អាង Bliss ផ្តាច់មុខនៅកម្ពុជា ។

ឆ្លើយនឹងសំនួរ ក្នុងបទសម្ភាសន៍ជាមួយ នឹងក្រុមការងារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលបានសួរថា “តើអ្នកស្រី មានវិធីសាស្ត្រអ្វីខ្លះ ដែលនាំឲ្យអ្នកស្រី ឈានមកដល់ ភាពជោគជ័យដូចសព្វថ្ងៃនេះ ហើយអ្វីដែលធ្វើឲ្យផលិតផល គ្រឿងសម្អាងម៉ាក Bliss ល្បីល្បាញទូទាំងប្រទេសបាន?” ត្រូវបានអ្នកស្រី សុខ ហេង ឆ្លើយតបយ៉ាងជឿជាក់ថា “ចង់ជោគជ័យ ក្នុងរបរអនឡាញ កុំផ្តោតលើការប្រកួតប្រជែង តែផ្តោតសំខាន់ នឹងការងារដែលយើងត្រូវធ្វើ និងជឿជាក់ លើគុណភាព នៃផលិតផលរបស់ខ្លួនជាចំបង អ្វីជាចំណុចពិសេស ត្រូវយកបេះដូង ទៅលក់ជាមួយផលិតផល អោយទៅអតិថិជន”

អ្នកស្រី សុខ ហេង បានចែករំលែកថា ការរកស៊ីមានឡើងមានចុះ តែកុំចុះតាមរាសី បើទោះជាមិនដើរទៅមុខលឿន តែកុំឈប់ ហើយបកក្រោយ ត្រូវបន្តដំណើរទៅមុខ សន្សឹមៗជានិច្ច ។ ចាប់ផ្តើមកាល ចុង២០១៧ រហូតដល់ឥឡូវនេះ បាន២ឆ្នាំហើយ ដោយបានប្រើប្រាស់ទុន ដែលប្រមូល ពីក្រុមគ្រួសារ មកដើររបរនេះ ចាប់ផ្តើមដំបូង ជាមួយប្រាក់ ៣ពាន់ដុល្លារ ។ ២ឆ្នាំមកនេះ អ្នកស្រី បានក្តោបក្តាប់ គ្រឿងសម្អាង ផ្តាច់មុខ ម៉ាក Bliss ដូចជា ប៊ីប៊ីគ្រីម, សាប៊ូ, សារ៉ូម Night Cream និងម៉ាស់ និងមានផលិតផលថ្មី ដែលបានចេញចុងឆ្នាំ២០១៩ ខណៈដែលផលិតផល ថែរក្សាសម្ផស្សនេះ អាចប្រើបានគ្រប់វ័យ ទាំងមនុស្សប្រុស ទាំងមនុស្សស្រី ។

អ្នកស្រី បានឲ្យដឹងថា មុននឹងទទួលបានជោគជ័យ ដូចសព្វថ្ងៃនេះ លោកស្រី បានឆ្លងកាត់ នូវឧបសគ្គជាច្រើន ដែលមានពេលខ្លះអ្នកស្រី ស្ទើរតែដោះស្រាយមិនរួច តែអ្នកស្រី នៅតែជឿជាក់លើខ្លួនឯង និងផ្តល់ការលើកទឹកចិត្ត ចំពោះខ្លួនឯង ដូចជាឧស្សាហ៍ប្រាប់ខ្លួនឯងថា អ្វីៗត្រូវតែបន្តទៅមុខ ទោះមិនដើរលឿន តែកុំឈប់ និងកុំបកក្រោយឲ្យសោះ ។

និយាយពីការងារដំបូង គឺមានតែម្នាក់ឯង មិនទាន់មានអតិថិជន មិនទាន់មានតំណាងចែកចាយ ទើបទាមទារឲ្យអ្នកស្រី ត្រូវតែធ្វើអ្វីៗដោយខ្លួនឯង និងចំណាយពេលជាច្រើន ទៅលើការផ្សព្វផ្សាយ តាមបណ្តាញសង្គម ដើម្បីជម្រុញផលិតផលរបស់ខ្លួន វាយលុកលើទីផ្សារ Online បាន ។ លុះមានអតិថិជន ប្រើប្រាស់ហើយ អ្នកស្រី ព្យាយាម តាមដានលទ្ធផល និងរងចាំការឆ្លើយតប ពីអតិថិជន ដែលធ្លាប់ប្រើប្រាស់ ដើម្បីជាភស្តុតាង ដើម្បីណែនាំ ដល់អ្នកប្រើប្រាស់បន្ត មានទំនុកចិត្ត និងជឿជាក់ មកលើផលិតផល Bliss ។

ដោយជឿជាក់ថា អំពើល្អ ភាពស្មោះត្រង់ និងការតស៊ូព្យាយាម បានធ្វើឲ្យអ្នកស្រី សុខ ហេង ឆ្លងកាត់ឧបសគ្គ ដែលកើតឡើងបាន ពោលអ្វីដែលអ្នកស្រី លក់ទៅអោយអតិថិជន គឺជាផលិតផល ដែលមានគុណភាពពិតៗ មិនបំភ្លើងលើសពីគុណភាព ទៅលើការផ្សព្វផ្សាយ និងបានពន្យល់ យ៉ាងក្បោះក្បាយទៅអតិថិជន ។​ ម្ចាស់សហគ្រាស សុខ ហេង បានរៀបរាប់ឲ្យដឹងថា “មានពេលខ្លះ មានគេប្រកួតប្រជែង ជាមួយយើងដែរ ប៉ុន្តែគេប្រកួតប្រជែង ជារឿងរបស់គេ យើងអត់ខ្វល់ សំខាន់យើងខំប្រឹង ធ្វើការងាររបស់យើងឲ្យល្អ ហើយខំប្រឹងសំរិតសំរាំង គុណភាពអោយល្អ ទីផ្សារយើងល្អ គឺរួចទៅហើយ យើងពុំចាំបាច់ ទៅខ្វល់ជាមួយគេច្រើនពេក”

អ្នកស្រី បាននិយាយថា ជារឿងល្អដែរ ដែលពុំមាន ផលិតផលក្លែងក្លាយ ក្លែងបន្លំម៉ាកសញ្ញាបាន ដោយសារសហគ្រាស សុខហេង បាននាំចូលផ្តាច់មុខ ពីរោងចក្រតែម្នាក់គត់ ។ ក្រោយពីជោគជ័យ ក្នុងស្រុក ផលិតផល Bliss របស់សហគ្រាស សុខហេង ក៏បានបំបែកខ្លួន ធ្វើការនាំចេញ ទៅក្រៅស្រុក បានថែមទៀតផង ដែលមានចេញ ទៅតំបន់អាស៊ី និងអ៊ឺរ៉ុប ជាដើម ដែលបន្តទាញយកអ្នកប្រើប្រាស់ កាន់តែច្រើនឡើងៗ រហូតអ្នកស្រី សន្និដ្ឋានបានថា មកទល់នឹងបច្ចុប្បន្ន មានមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ កំពុងប្រើប្រាស់ ផលិតផល គ្រប់ប្រភេទ របស់ Bliss ។

អ្នកស្រី បន្តឲ្យដឹងថា “បន្ទាប់ពីយល់ជ្រាប ពីការរកស៊ី របរអនឡាញនេះ អ្នកស្រីក៏ព្យាយាម រិះរកគំនិតឆ្នៃប្រៃឌិត ក្នុងការអភិវឌ្ឍផលិតផល ហើយនៅដើមឆ្នាំនេះដែរ ផលិតផល Bliss នឹងធ្វើការ បន្ថែមសោភ័ណ្ណភាព ខណៈដែលគុណភាព នឹងរឹតតែប្រសើរជាងមុន”

ឆ្លងផុតឧបសគ្គជាបន្តបន្ទាប់ ភាពជោគជ័យក៏មកដល់ ទើបបានអ្នកស្រី ដឹងថា “ខ្លួនឯងបានប្រែប្រួលខុសប្លែកពីមុន ពីមនុស្សស្រីម្នាក់ ធ្លាប់តែទៅរៀនធម្មតា និងមានគ្រួសារ ធ្វើកិច្ចការផ្ទះធម្មតា ដែលមិនធ្លាប់គិតថា ខ្លួនឯងអាចជោគជ័យ ដូចសព្វថ្ងៃនេះទេ ។ ដោយសារកាល ដែលចាប់ផ្តើមដំបូង គិតថា របរនេះ (លក់ Online) ធម្មតា មិនអាចជោគជ័យខ្លាំងយ៉ាងនេះទេ”

អ្វីដែលអ្នកស្រី សុខ ហេង មើលឃើញពីគុណប្រយោជន៍ ក្រោយប្រឡូក ក្នុងវិស័យ អនឡាននេះ អ្នកស្រី បានដឹងច្បាស់ខ្លួនឯងថា ជីវិតអ្នកស្រី មានការផ្លាស់ប្តូរជាច្រើន ដូចជា ចេះគិតវែងឆ្ងាយ ខណៈដែលពីមុន អ្នកស្រីគឺជាមនុស្សមានអត្តចរឹក ឆេវឆាវ ចេះទំនាក់ទំនងល្អ អាចនិយាយថា នៅពេលជួបទំនាក់ទំនង ជាមួយដៃគូណាមួយ តែងតែសម្រេចជោគជ័យ និងអាចដោះស្រាយបញ្ហាចំពោះមុខ បានយ៉ាងឆាប់រហ័ស ដោយមិនមានការភ័យខ្លាច ដូចកាលគ្រាដំបូង ។ អ្នកស្រី សុខ ហេង ក៏បានឲ្យដឹងទៀតថា “មានអ្នកខ្លះ មិនសូវអោយតម្លៃ ទៅលើអ្នកលក់ អនឡាញ ប៉ុន្តែប្រសិនបើយើង រៀបចំលក់ ដោយសុចរិត មិនបោកប្រាស់គេ គេនឹងអោយតម្លៃយើង ជាពិសេស អាចប្រឡូក នឹងសង្គមបានច្រើន”

អ្វីដែលធ្វើអោយអ្នកស្រី ដើរមកដល់សព្វថ្ងៃនេះបាន អ្នកស្រីថា “ត្រូវតែចង់ចាំ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់តំណាងចែកចាយឆ្នើម ដែលជាសមាជិកគ្រួសារ នៅជួយជ្រុំជ្រែង ជាមួយយើង ប្រសិនមិនមានពួកគាត់ យើងក៏មិនមានថ្ងៃនេះដែរ យើងដើរយឺត តែយើងដើរបានយូរអង្វែង យើងមិនមែនថា យើងដើរទៅវឹបភ្លាម សល់លុយរាប់សិបម៉ឺននោះទេ ប៉ុន្តែយើងបានទៅមុខរហូត ។ យើងរកស៊ីជាមួយគ្នា បានជោគជ័យជាមួយគ្នា យើងកាន់ដៃកូនក្រុម ទៅមុខជាមួយគ្នា ។ផលិតផល Bliss ផ្តោតទៅលើគុណភាពជាសំខាន់ ជាមួយនឹងទំនាក់ទំនង រកស៊ីស្មោះត្រង់ជាមួយគ្នា ។ ជាងនេះទៅទៀត កូនក្រុមសមាជិកគ្រួសារ Bliss សុទ្ធតែជាមនុស្សល្អស្មោះត្រង់នឹងគ្នា”

ក្នុងនាមជាអ្នក លក់ផលិតផលគ្រឿងសម្អាងម្នាក់ អ្នកស្រី សុខ ហេង បានណែនាំ ដល់អតិថិជន មុននឹងជ្រើសរើសផលិតផល អ្វីមួយមកប្រើប្រាស់ គួរត្រូវមើលទៅលើគុណភាព កុំចង់បានតម្លៃធូថ្លៃពេក ព្រោះក្នុងនាមជាអ្នកលក់ អ្នកស្រីបានដឹងថា “ផលិតផលដែលមានតម្លៃធូថ្លៃ គុណភាពរបស់វា ក៏អនថយតាមនោះដែរ ។ លោកស្រីបញ្ជាក់ថា “តម្លៃថោក គុណភាពល្អ កម្ររមានណាស់ តែបើតម្លៃសមរម្យ គុណភាពល្អប្រើ ទើបមាន ។ ម្យ៉ាងវិញទៀត អ្នកស្រី ចង់ឲ្យអ្នកប្រើប្រាស់ ផលិតផល ថែរក្សាសម្ផស្សទាំងឡាយ កុំរំពឹងចំពោះលទ្ធផលលឿន ហួសប្រមាណ និងកុំជឿលើផលិតផល ដែលអាចជួយអោយ ស្រស់ស្អាត លឿនត្រឹមរយៈពេល ១ថ្ងៃ ២ថ្ងៃ ឬមួយអាទិត្យជាដើម ព្រោះផលិតផល ដែលអាចជម្រុញ បានលឿនបែបនេះ ក៏អាចមានហានិភ័យខ្ពស់ និងប៉ះពាល់ដល់សុខភាព ខ្លាំងណាស់ដែរ ។ ត្រូវធ្វើការព្យាបាល ដោយសន្សឹមៗ និងត្រូវមានទំនុកចិត្ត ជាមុនសិន ចំពោះផលិតផល ដែលយើងសម្រេច ជ្រើសរើសមកប្រើប្រាស់”

អ្វីដែលអ្នកស្រី សុខ ហេង ចង់ផ្តល់ជាគន្លឹះ មុននឹងសម្រេចចិត្តជ្រើសរើស ផលិតផលណាមួយមកប្រើប្រាស់ ត្រូវស្គាល់ឲ្យច្បាស់ ជាមុនសិន ពីប្រភព នៃផលិតផលនោះ ថាធ្លាប់មានបញ្ហា ដល់សុខភាពអ្នកប្រើប្រាស់ ឬមិនមាន ជាពិសេសដឹងបានច្បាស់ថា ផលិតផលទាំងនោះ ត្រូវបានឆ្លងកាត់ ការត្រួតពិនិត្យច្បាស់លាស់ និងមានសុវត្ថភាព ។

២ឆ្នាំមកនេះ អ្នកស្រី “អរគុណ ចំពោះរបរលក់អនឡាញមួយនេះ បានធ្វើឲ្យខ្ញុំ មានការផ្លាស់ប្តូរច្រើន នៅពេលចាប់ផ្តើម ប្រឡូកនឹងរបរនេះ ទាំងអត្តចរឹក ទាំងសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារក៏ថ្កុងថ្កើន ចំណូលចេញចូល ហូរហែរ ដែលអាចនិយាយបានថា ជោគជ័យខ្លាំង មកទល់នឹងបច្ចុប្បន្ននេះ”

To Top