៣សប្ដាហ៍ កម្ពុជាទទួលបាន ភ្ញៀវទេសចរជាង១០ម៉ឺននាក់

Date:

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ចាប់ថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទី៣ នៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅ ដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ។

លោក ថោង ខុន បានឱ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។

លោកបន្តថា ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។

លោកឲ្យដឹងទៀតថា គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ។

ទោះបីមានការកើនឡើងនៃជំងឺកូវីដ-១៩ នៅតំបន់មួយចំនួននៅតាមបណ្តារាជធានី-ខេត្ត ក៏នៅតាមគោលដៅទេសចរណ៍ខ្លះនៅតែមានទេសចរទៅលម្ហែកម្សាន្តខ្លះៗផងដែរ។ គណៈបញ្ជាការឯកភាព រាជធានី-ខេត្ត នៅតែបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ២០,៧១៦ នាក់
  • ខេត្តកំពត៖ ១៩,៤១៦ នាក់
  • ខេត្តកំពង់ស្ពឺ៖ ១២,៣២០ នាក់
  • ខេត្តបាត់ដំបង៖ ៩,៦៨៨ នាក់
  • ខេត្តព្រះសីហនុ៖ ៨,៧៩៣ នាក់
  • ខេត្តកែប៖ ៨,៣៤០ នាក់៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...