គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍ អគារចម្រុះ៥៥ជាន់ នៅកម្ពុជា

Date:

ភ្នំពេញ ៖ គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅ ផ្សារទំនើប និងចំណតរថយន្តជាច្រើនជាន់ ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន អកស៍ឡី ជេម (ខេមបូឌា) ខូ អិលធិឌី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oxley Holdings Limited។

ក្រុមហ៊ុន អកស៍ឡី ជេម បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (តទៅនេះហៅថា «ក្រុមហ៊ុន SGW») ឱ្យក្រុមហ៊ុន SGW ធ្វើជាអ្នកម៉ៅការសាងសង់គម្រោងនេះ។

ជាអកុសល ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន SGW និងដោយសារក្រុមហ៊ុន SGW គ្រប់គ្រងគម្រោងមិនត្រឹមត្រូវ ជាហេតុនាំឱ្យការសាងសង់គម្រោងជួបប្រទះការលំបាក និងមានភាពយឺតយ៉ាវជាខ្លាំង។ ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍នៃគម្រោងនេះ បានស្នើផ្តល់ជំនួយដល់ក្រុមហ៊ុន SGW ដើម្បីឱ្យក្រុមហ៊ុននេះអាចសាងសង់ឱ្យរួចទាន់ពេលវេលា ស្របតាមកិច្ចសន្យា ហើយថែមទាំងបានពន្យារពេលជូនក្រុមហ៊ុន SGW សម្រាប់ធ្វើការបញ្ចប់ការសាងសង់ទៀត។

យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនបានខិតខំបំពេញកាតព្វកិច្ចសាងសង់របស់ខ្លួនឱ្យប្រសើរឡើងឡើយ ដែលជាកត្តាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះពិតជាមិនមានសមត្ថភាពក្នុងការបញ្ចប់ការសាងសង់គម្រោងទៅតាមពេលវេលាកំណត់ឡើយ។ ដូច្នេះ ដើម្បីជៀសវាងការយឺតយ៉ាវបន្ថែមទៀត ក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចចិត្តរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW នាខែតុលា ឆ្នាំ២០១៩។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន អកស៍ឡី ជេម បានតែងតាំងក្រុមហ៊ុនសំណង់ថ្មីមួយទៀត សម្រាប់បន្តសាងសង់អគារ ពោលគឺក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (តទៅនេះហៅថា «ក្រុមហ៊ុន CRUCG») ដែលជាក្រុមហ៊ុនរដ្ឋចិន ដែលមានស្ថានភាពហិរញ្ញវត្ថុ រឹងមាំល្អ។

នៅពេលដែលកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW ត្រូវបានរំលាយ ក្រុមហ៊ុននេះមានកាតព្វកិច្ចក្នុងការចាកចេញពីទីតាំងគម្រោង ដើម្បីឱ្យក្រុមហ៊ុន CRUCG ចូលកាន់កាប់ទីតាំងដើម្បីបន្តការសាងសង់គម្រោង។ យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW បានបំពានកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន ដោយមិនព្រមចាកចេញពីទីតាំងគម្រោង និងធ្វើការកាន់កាប់គម្រោងយ៉ាងខុសច្បាប់។ សកម្មភាពនេះ បង្កឱ្យការសាងសង់គម្រោងកាន់តែយឺតយ៉ាវខ្លាំង ដោយសារក្រុមហ៊ុន CRUCG មិនអាចចូលក្នុងទីតាំងគម្រោងដើម្បីចាប់ផ្តើមការងាររបស់ខ្លួនបាន។

ហេតុដូចនេះ ក្រុមហ៊ុន អកស៍ឡី ជេម បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពារនៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឱ្យតុលាការបង្គាប់ឱ្យក្រុមហ៊ុន SGW ចាកចេញពីទីតាំងគម្រោង ដើម្បីអាចឱ្យ ក្រុមហ៊ុន អកស៍ឡី ជេម អនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងនាមជាម្ចាស់ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង។ នៅក្នុងនីតិវិធីរក្សាការពារនេះ តុលាការបានធ្វើការកោះហៅ និងបានផ្តល់ឱកាសសមរម្យឱ្យក្រុមហ៊ុន SGW ចូលរួមក្នុងនីតិវិធី ដើម្បីធ្វើការតតាំង និងការពារខ្លួនតាមផ្លូវតុលាការ។ យ៉ាងណាម៉ិញ ក្រុមហ៊ុន SGW មិនអើពើចំពោះការកោះហៅរបស់តុលាការឡើយ ដែលនាំឱ្យសាលាដំបូងរាជធានីភ្នំពេញ សម្រេចយល់ស្របតាមការស្នើសុំរបស់ ក្រុមហ៊ុន អកស៍ឡី ជេម។ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបង្គាប់ឱ្យក្រុមហ៊ុន SGW អ្នកម៉ៅការបន្ត និងបុគ្គលិករបស់ពួកគេ ចាកចេញពីទីតាំងគម្រោងជាបន្ទាន់។

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តដីកាសម្រេចរក្សាការពារ នៅទីតាំងគម្រោង ស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយមានជំនួយពីអាជ្ញាធរមានសមត្ថកិច្ច។ នាពេលអនុវត្តនោះ ក្រុមហ៊ុន SGW ប្រកែកមិនព្រមសហការជាមួយអាជ្ញាសាលា និងអាជ្ញាធរឡើយ ហើយថែមទាំងធ្វើការរារាំងការអនុវត្តដីកាតុលាការ ដោយបានប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ចំពោះសកម្មភាពរបស់ក្រុមហ៊ុន SGW ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការ និងការរារាំងអាជ្ញាធរនៅពេលកំពុងអនុវត្តភារកិច្ច មេធាវីរបស់ក្រុមហ៊ុន អកស៍ឡី ជេម បានលើកឡើងថាទង្វើនេះអាចចាត់ទុកជាបទល្មើស ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាមានការរារាំងយ៉ាងនេះក្តី ក្រោយមកអាជ្ញាសាលាបានធ្វើការនាំខ្លួនក្រុមការងាររបស់ក្រុមហ៊ុន SGW ចេញពីទីតាំងគម្រោងដោយជោគជ័យ ហើយគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន អកស៍ឡី ជេម អាចកាន់កាប់ និងគ្រប់គ្រងទីតាំងគម្រោងបានវិញយ៉ាងពេញលេញ ហើយ ដូច្នេះ ក្រុមហ៊ុន CRUCG អាចនឹងចាប់ផ្តើមការងារសាងសង់គម្រោងបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។

នាពេលនេះ ក្រុមហ៊ុន អកស៍ឡី ជេម កំពុងបង្គាប់ឱ្យមេធាវីរបស់ខ្លួនធ្វើការសិក្សាទិដ្ឋភាពតាមផ្លូវច្បាប់ និងរៀបចំឯកសារក្នុងការទាមទារសំណងការខូចខាតពីក្រុមហ៊ុន SGW សម្រាប់រាល់ការខូចខាតដែលខ្លួនទទួលរង ដោយសារការបំពានកាតព្វកិច្ច និងសកម្មភាពបំពានច្បាប់ជាច្រើនរបស់ក្រុមហ៊ុន SGW ៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍ អគារចម្រុះ៥៥ជាន់ នៅកម្ពុជា ភ្នំពេញ ៖ គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅ ផ្សារទំនើប និងចំណតរថយន្តជាច្រើនជាន់ ដែលត្រូវបានអភិវឌ្ឍ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

ជំពូកថ្មីនៃជីវិត៖ ដំណើរតស៊ូរបស់លោក ជិន វាសនា ឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុជាមួយ foodpanda

ភ្នំពេញ៖ បទពិសោធន៍ពិតរបស់ដៃគូដឹកជញ្ជូន foodpanda មួយរូប បាននាំយកសារដ៏មានអត្ថន័យមួយផ្ញើជូនដល់អ្នកអាននៅក្រុងព្រះសីហនុ ដែលឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួនអំពីការធ្វើដំណើរ តម្លៃនៃការរៀនសូត្រជំនាញថ្មីៗ និងការតស៊ូកសាងឯករាជ្យភាពហិរញ្ញវត្ថុដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ទោះបីជាបានបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០...

មហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី ជាប់ឈ្មោះក្នុងបញ្ជីអ្នកខាតបង់ទ្រព្យសម្បត្តិធំបំផុតលើពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ (IPO)

​បរទេស៖ លោក Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតទី២ នៅអាស៊ី បានធ្លាក់ចូលក្នុងចំណោមបុគ្គលទាំង ៣ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិធំបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្វីត្បិតតែក្រុមហ៊ុនថ្មីរបស់លោក គឺ Jio ទើបតែបានបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ក្នុងទំហំទឹកប្រាក់បំបែកកំណត់ត្រា ៣,២ ពាន់លានដុល្លារអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យជាក់ស្តែង (Real-time data) ពីទស្សនាវដ្តី Forbes លោក Ambani ដែលជាប្រធានក្រុមហ៊ុនចម្រុះ Reliance Industries (ក្រុមហ៊ុនធំបំផុតរបស់ឥណ្ឌាគិតតាមតម្លៃទីផ្សារ)…

តម្លៃមាសនៅប្រទេសវៀតណាមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ  ខណៈដែលអត្រាមាសដុំនៅលើសកលលោកបានធ្លាក់ចុះក្រោម ៤.០០០ ដុល្លារអាមេរិក

​ ​បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។…

ពាណិជ្ជកម្មវៀតណាមបំបែកកំណត់ត្រាថ្មី សម្រេចបានជាង ១ទ្រីលានដុល្លារ ត្រឹមរយៈពេល១០ខែ

វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ ក៏មានការកើនឡើង ៣៧,៦% ដោយសម្រេចបានជិត ៥០៨ពាន់លានដុល្លារ។ ​ទំហំពាណិជ្ជកម្មសរុបនេះ បានរំលងហួសតួលេខពេញមួយឆ្នាំនៃឆ្នាំ២០២៥ (ដែលមានចំនួន ៩៣០ពាន់លានដុល្លារ) បាត់ទៅហើយ ទោះបីជានៅសល់ពេល ២ខែទៀតទើបដាច់ឆ្នាំក៏ដោយ។ ដោយសារការនាំចូលមានកំណើនលឿនជាងការនាំចេញ វៀតណាមបានកត់ត្រានូវឱនភាពពាណិជ្ជកម្ម…