កម្ពុជាស្វាគមន៍ ចំពោះវិនិយោគិនឥណ្ឌា វិនិយោគនៅកម្ពុជា ដោយធានាជូននូវបរិយាកាសធុរកិច្ចល្អ និងជួយជំរុញគ្រប់វិស័យ

Date:

ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា កម្ពុជាស្វាគមន៍ ចំពោះវិនិយោគិនឥណ្ឌា ចូលមកវិនិយោគនៅកម្ពុជា ដោយធានាជូននូវបរិយាកាសធុរកិច្ចល្អ និងជួយជំរុញគ្រប់វិស័យ ដែលវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យា អប់រំ ម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។

លោក ឈួន ដារ៉ា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ស្វាគមន៍ក្នុងវេទិកា The 6th India-CLMV Business Conclave 2020 តាមរយៈប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្នុងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីសមាជិកនៃប្រទេស CLMV តាមរយៈប្រព័ន្ធវីដេអូអនឡាញជាច្រើនរូប។

លោក ឈួន ដារ៉ា បានថ្លែងអំណរគុណជូនចំពោះភាគីឥណ្ឌា ដែលបានអញ្ជើញភាគីកម្ពុជា ចូលរួមក្នុងវេទិកា The 6th India-CLMV Business Conclave 2020 ដែលធ្វើឡើងនៅប្រទេសឥណ្ឌា ព្រោះនេះ គឺជាលើទី១ ដែល India-CLMV Business Conclave ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេស CLMV និងឥណ្ឌាក្នុងការធ្វើវេទិកាដ៏សំខាន់នេះឆ្ពោះទៅមុខ ទោះបីមានការរីករាលដាលនៃជំងឺ Covid -19 ទូទាំងពិភពលោកក៏ដោយ។

លោកបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និង ប្រទេសជាសមាជិក CLMV ពិតជាអាចឱ្យកម្ពុជាឆក់យកឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព រវាងប្រទេស និងប្រទេស ព្រមទាំងតំបន់ទាំងមូល។ នៅក្នុងឆ្នាំ ២០២០នេះ គឺជាឆ្នាំដែលពិភពលោក ​បានប្រឈមមុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភពលោកទាំងមូល ហើយបណ្តាប្រទេស CLMV និងឥណ្ឌាក៏បានឆ្លងកាត់បញ្ហាប្រឈមនេះផងដែរ”។

ជាមួយគ្នានេះដែរលោកក៏បាន សង្ខេបអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចឆ្នើមប្រមាណ ៧,១% ក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។

យោងតាមធនាគារពិភពលោក ប្រទេសកម្ពុជាបានជាប់ឋានៈជាប្រទេសមានប្រាក់ចំណូលទាប និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលប្រាក់ចំណូលជាតិដុល (GDP) របស់មនុស្សម្នាក់ចំនួន ១,០៧០ ដុល្លារ នឹងបានកើនឡើងដល់ ១.៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។ អតិផរណាប្រចាំឆ្នាំគឺ ស្ថិតក្រោមការគ្រប់គ្រង ២,៣% អត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០% និងអត្រាគ្មានការងារធ្វើមាន ០,៣% ក្នុងឆ្នាំ ២០១៩ ។ ម្យ៉ាងវិញទៀតអត្រាប្តូរប្រាក់រៀលមានស្ថេរភាពប្រហែល ៤០៥១ រៀលក្នុង ១ ដុល្លារ។ ទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី ៩២៨ លានដុល្លារក្នុងឆ្នាំ ២០០៩ ដល់ ៣,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ លំហូរវិនិយោគផ្ទាល់ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។ ចំណែកសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុក របស់ភាគីទាំងពីរ។ នៅឆ្នាំ ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់កម្ពុជា តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានចំនួន ២៥៦ លានដុល្លារសហរដ្ឋអាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លានដុល្លារ និងនាំចូលពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៩១,៥៩ លានដុល្លារ។

លោក ឈួន ដារ៉ា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មលើកទី៥ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០១៨ ដើម្បីបន្តការពិភាក្សាលើបញ្ហាថ្មីៗពាក់ព័ន្ធ ចំពោះប្រធានបទ“ កិច្ចសហប្រតិបត្តិការដើម្បីសមាហរណកម្មតំបន់” មានគោលបំណងបន្ថែមទៀតដើម្បីធ្វើឱ្យតំបន់របស់យើង កាន់តែមានការអភិវឌ្ឍបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ ការពិភាក្សាក្នុងវេទិកានៅឆ្នាំ២០២០នេះ មានការចូលរួមមកពីតំណាងសាធារណៈរដ្ឋ និងឯកជនដូចជាក្រុមថែទាំសុខភាព និងឱសថជំនាញ ព័ត៌មានវិទ្យា អប់រំ កសិកម្ម ការកែច្នៃចំណីអាហារ សេវាកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងភ័ស្តុភារ ដើម្បីចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍ គោលនយោបាយរបស់បណ្តាប្រទេស CLMV សម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រកបដោយចីរភាពសម្រាប់រយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ៕

Share post:

spot_imgspot_img

Popular

More like this
Related

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន...

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ...

ក្រុមហ៊ុនអាកាសចរណ៍ Vietjet  ជាប់ឈ្មោះម្តងទៀតក្នុងចំណោមជាក្រុមហ៊ុនអាកាសចរណ៍​ ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៦           

ភ្នំពេញ៖​ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦– ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានទទួលស្គាល់ម្តងទៀតដោយ AirlineRatings ដែលជាគេហទំព័រវាយតម្លៃសុវត្ថិភាព...