event

ក្រុម CancerCo. ទទួលបានរង្វាន់ទឹកប្រាក់ 3 000 ដុល្លារពី Smart Axiata ក្រោយក្លាយជាជើងឯកនៃកម្មវិធី Smartspark ជំនាន់ទី 9

ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន 3 ពាន់ ដុល្លារដល់ក្រុម CancerCo. ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ខ្លួនក្នុងដំណោះស្រាយវេជ្ជសាស្រ្ដឌីជីថល (telemedicine) សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។

កម្មវិធី SmartSpark ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub ភ្នំពេញ មានគោលបំណងបង្កើតការបណ្តាក់ទុនសង្គមដែលនឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព (SDGs) ចំនួន17 ដោយណែនាំអ្នកចូលរួមឲ្យស្វែងយល់អំពីផ្នត់គំនិតសំខាន់ៗនៃទេពកោសល្យអាជីវកម្មសង្គម។

ចាប់តាំងពីជំនាន់ដំបូង រហូតដល់ជំនាន់ឥឡូវ​នេះដែលជាជំនាន់ចុងក្រោយ កម្មវិធី SmartSpark បានផ្តល់លទ្ធភាពឱ្យសហគ្រិនវ័យក្មេងសរុបចំនួន 224 នាក់ ក្នុងការអភិវឌ្ឍន៍និងចាប់ផ្តើមអាជីវកម្មសង្គមដែលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ 2018 ថវិកាចំនួនជាង 27 ពាន់ដុល្លារអាមេរិកត្រូវបានចំណាយ ដើម្បីជួយដល់ក្រុមជ័យលាភីក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេបន្ថែមទៀត។

ក្រុម CancerCo. ត្រូវបានជ្រើសរើសពីក្រុមចំនួន ៦ ផ្សេងទៀតដែលបានចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី 9 ដែលផ្តោតលើដំណោះស្រាយនៃកម្មវត្ថុចំនួន 17 នៃគោលដៅអភិវឌ្ឍន៍ជាសកលប្រកបដោយចីរភាព។ អ្នកចូលរួមបានបង្ហាញដំណោះស្រាយដែលផ្តោតលើកត្តាសុខភាព និងសុខុមាលភាពល្អ គុណភាពនៃការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។

ក្នុងអំឡុងពេលបីខែ ក្រុមទាំងប្រាំពីរបានបង្កើតដំណោះស្រាយរបស់ពួកគេ និងបានបង្ហាញដំណោះស្រាយទាំងអស់នោះទៅកាន់អ្នកណែនាំ និងអ្នកបណ្តុះបណ្តាល ដែលបានផ្តល់មតិកែលម្អ និងសួរសំណួរដើម្បីជួយកែលម្អដំណោះស្រាយរបស់ពួកគេ។ ក្នុងកម្មវិធី​ផ្សាយ​ផ្ទាល់​លើ Smart for Cambodia ដំណោះស្រាយ​ត្រូវ​បាន​បង្ហាញ​ដល់ចៅក្រមនៃគណៈវិនិច្ឆ័យ ដែលមានឯកឧត្តមបណ្ឌិត ព្រំ ហួត អនុរដ្ឋលេខាធិការ​នៃក្រសួង       ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha  លោកស្រី ឈន់ ស្រស់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mekong Valley កញ្ញា តៅ សុជាតា ពីក្រុមហ៊ុន Smart Axiata និងកញ្ញា គឹម កុសុម៉ា ពី Impact Hub ភ្នំពេញ។

អុឹង គីមហ្សួង សមាជិកក្រុម CancerCo បានឲ្យដឹងថា៖ «យើងពិតជារំភើបក្តុកក្ដួលជាមួយនិងសមិទ្ធិផលដែលសម្រេចបាន ដោយត្រូវបានជ្រើសរើសជាជ័យលាភីកម្មវិធី SmartSpark ជំនាន់ទី 9។  យើងទទួលបានបទពិសោធន៍ទាក់ទងនិងយុទ្ធសាស្ត្រអាជីវកម្មថ្មី របៀបធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងពីអ្នកណែនាំ (mentor) ដែលជាអ្នកជំនាញក្នុងវិស័យផ្សេងៗគ្នា។ បន្ទាប់ពីជ័យជំនះនេះ គម្រោងនាពេលខាងមុខរបស់យើងគឺរៀបចំសិក្ខាសាលា និងយុទ្ធនាការបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងទីផ្សារឲ្យកាន់តែច្រើន ខណៈពេលដែលកំពុងបន្តអភិវឌ្ឍគំនិតអាជីវកម្មរបស់យើង ដើម្បីនាំយកកម្មវិធីនេះទៅកាន់ទីផ្សារក្នុងពេលឆាប់ៗនេះ។»

លោកស្រី លីម សូលីន ស្ថាបនិកនៃសហគ្រាសគ្រប់គ្រង Saddha  មានប្រសាសន៍ថា៖       «ចៅក្រមទាំងអស់ពិតជាស្ងើចសរសើរចំពោះភាពច្នៃប្រឌិត ការងារជាក្រុម និងភាពក្លាហានរបស់ក្រុមនីមួយៗក្នុងការបង្ហាញដំណោះស្រាយរបស់ពួកគេ។ ក្រុមមួយចំនួនបានផ្តល់ដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាអាជីវកម្មជាក់ស្ដែង ខណៈដែលក្រុមខ្លះបង្ហាញដំណោះស្រាយដែលអាចសម្រេចបានចំពោះទីផ្សារផ្ទាល់។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាបន្តរចនាគំរូអាជីវកម្មរបស់អ្នកទាំងអស់គ្នាឲ្យកាន់តែច្បាស់ បន្តធ្វើការលើដំណោះស្រាយ ហើយកុំបោះបង់! ពិភពលោកត្រូវការដំណោះស្រាយដែលមានឥទ្ធិពលរបស់អ្នកទាំងអស់គ្នា។»

លោក Feiruz Ikhwan នាយក​ប្រតិបត្ដិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «ការបានឃើញលទ្ធផលពីវគ្គផ្តាច់ព្រ័ត្រនៃរដូវកាដ៏ជោគជ័យ​មួយ​ទៀត​របស់កម្មវិធី SmartSpark គឺ​ពិតជាអស្ចារ្យ​ណាស់។ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ យើងបានឃើញសមិទ្ធផលដ៏អស្ចារ្យរបស់សហគ្រិនដែលបានផុសចេញពីកម្មវិធីនេះ។ កម្មវិធីនេះគួរជាទីលើកទឹកចិត្តយ៉ាងខ្លាំង ដែលឃើញការបញ្ចូលគ្នានៃបច្ចេកវិទ្យា និងភាពជាសហគ្រិនប្រកបដោយភាពច្នៃប្រឌិតកើតឡើង ហើយយើងដឹងច្បាស់ថាបុគ្គលទាំងអស់នេះដែលបំផុសគំនិតទាំងនេះនឹងក្លាយជាអ្នកត្រួត្រាយក្នុងវិស័យដ៏អស្ចារ្យនេះនៅកម្ពុជា។ ខណៈពេលដែលកម្មវិធី SmartSpark បានបញ្ចប់ ក្រុមហ៊ុន Smart Axiata នឹងបន្តវិនិយោគលើសហគ្រិនក្នុងស្រុក តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្តល់មូលនិធិនានា ដែលយើងមាន។»

ក្រុមទាំងប្រាំពីរនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអតីតក្រុមសហគ្រិនរបស់ Impact Hub ដែលជាក្លឹបសហគ្រិន (Hub Entrepreneurs Club) ហើយនឹងបន្តទទួលបានការគាំទ្រ ដូចជា៖ ការណែនាំ ថ្នាក់ជាន់ខ្ពស់ ទីកន្លែង និងការចូលរួមជាមួយសហគមន៍ដ៏រឹងមាំនៃអ្នកច្នៃប្រឌិត និងអ្នកដឹកនាំ។

ក្រុមចំនួន ​6 ​ទៀត​មាន៖

  • KOMA គឺជាកម្មវិធីលក់បន្តតាមប្រព័ន្ធអុីនធើណែតដែលបង្កើតឡើងដើម្បីសម្រួលដល់ ម៉ាក់ប៉ាទាំងឡាយដែលមានបំណងចង់សន្សំថវិការ និង ស្វែងរកតម្រូវកាពីឥវ៉ាន់កូនៗដែល ឈប់ប្រើរបស់ពួកគាត់ ក្នុងជំហរដើម្បីថែរក្សាបរិស្ថាន និង កាត់បន្ថយការខ្ជះខ្ជាយនៃផលិតផលកុមារ។
  • Movery គឺជាសេវាកម្មរើទីតាំង ដែលមានគោលបំណងជួយកាត់បន្ថយកាកសំណល់ពីការរើទីតាំង ដូចជាផ្លាស្ទិច និងសម្ភារៈមិនអាចប្រើប្រាស់បានតទៅទៀតដែលត្រូវកែច្នៃឡើងវិញ។ លើសពីនេះ Movery ក៏ផ្តល់ Eco-Boxes ដើម្បីលុបបំបាត់ប្រអប់ក្រដាសកាតុងធ្វើកេស ឬថង់ប្លាស្ទិកផងដែរ។
  • Krodas Chnai គឺជាគម្រោងដែលបង្កើតឡើងដើម្បីយកក្រដាសប្រើហើយទៅច្នៃជាថ្មីឡើងវិញ ដោយបង្កើតផលិតផលថ្មីជាមួយនឹងក្រដាសកែច្នៃ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។
  • MeaKea គឺជាកម្មវិធីទូរស័ព្ទចល័តដែលជួយមនុស្សគ្រប់គ្នារៀបចំខ្លួនសម្រាប់អនាគត និងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ពួកគេលឿនរហ័ស និងងាយស្រួលជាងមុន ជាមួយនឹងគោលការណ៍ណែនាំផ្ទាល់ខ្លួន ការយល់ដឹងពីខ្លួនឯងកាន់តែប្រសើរ និងបទពិសោធន៍កាន់តែទូលំទូលាយ។
  • Local Lab គឺជាក្រុមហ៊ុនមន្ទីរពិសោធន៍ ដែលមានគោលបំណងផលិត និងចែកចាយសម្ភារ បរិក្ខារ និងការអនុវត្តកម្មវិធីវិទ្យាសាស្ត្រនៅក្នុងទីតាំងអប់រំក្នុងស្រុក។
  • ArcXTech គឺជាគេហទំព័រដែលបម្រើវិស័យស្ថាបត្យកម្ម ដោយបញ្ចូលការរចនាសំណង់ ដើម្បីបង្ហាញ និងលក់ជូនអតិថិជនក្នុងតម្លៃសមរម្យ ជាមួយនឹងសេវាកម្មរហ័ស គុណភាពខ្ពស់ និងសុវត្ថិភាព។

រង់ចាំឱកាសដ៏រំភើបបន្ថែមទៀតដោយតាមដានទំព័រ Facebook របស់ Impact Hub Phnom PenhSmart for Cambodia

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!          

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

To Top