ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សហការ​ជាមួយអង្គការ​ភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បី​​គាំទ្រកសិករក្នុងស្រុក

Date:

ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia) កំពុង​សហការ​ជាមួយ​​​អង្គការភាព​ជាដៃគូ​ដើម្បី​ចីរភាព​​វិស័យ​កសិកម្មកម្ពុជា (CPSA) ដើម្បី​ពង្រីង​កំណើន​​វិស័យកសិកម្មប្រកបដោយ​បរិយាបន្ន និង​និរន្តរភាពនៅ​​កម្ពុជា ដែល​ជា​ផ្នែកមួយ​នៃ​មហិច្ឆិតា «ធ្វើឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» របស់​​ក្រុមហ៊ុនផលិតស្រាបៀរ​មួយនេះ​។

ចាប់​ពីខែធ្នូឆ្នាំនេះ កម្មវិធី​ដែល​មានរយៈពេល ១៨ខែ​ដែល​គ្រប់គ្រង​ដោយអង្គការ CPSA នឹងប្រើប្រាស់វិធីសាស្រ្តរួមមួយដើម្បី​ពង្រឹងសមត្ថភាពនៅទូទាំង​​ដំណាក់កាលផ្សេងៗ​រាប់​ចាប់​ពីការដាំដុះរហូត​ដល់ការស្វែងរកទីផ្សារ​ជាមួយនឹងការអនុវត្តកសិកម្មនិងអាជីវកម្មប្រកបដោយនិរន្តរភាព។ តាមរយៈការ​ពង្រឹង​សមត្ថភាព​​នេះ កសិករ​កាន់តែច្រើននឹងមានលទ្ធភាព​ទទួល​បាន​ធនធាន​ដែលពួកគេ​ត្រូវការ​ដើម្បី​បង្កើន​ទិន្នផល ផលិតភាព និងប្រាក់ចំណូល។ កម្មវិធីនេះ​នឹង​ចាប់ផ្តើម​ជាមួយ​នឹង​​កសិករ​ប្រមាណ ១៥០០ នាក់​ដែល​ជា​សមាជិក​របស់​សហគមន៍កសិកម្មនានា​នៅក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់​ឆ្នាំង។

លោកស្រី Anne De Graaf នាយិការ​ផ្នែកកិច្ចការសាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បានមានប្រសាសន៍ថា៖ «អង្ករមួយគ្រាប់មានតម្លៃដ៏​ធំធេងនៅសង្គមកម្ពុជា រាប់ចាប់​ពីការ​ណ៍​ដែល​​យក​មកធ្វើ​​ជាអាហារមូលដ្ឋាន​​សម្រាប់គ្រប់គ្រួសាររហូតដល់បង្កើតបាន​ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់។ អង្ករក៏ជាគ្រឿងផ្សំសំខាន់មួយ​​ផង​ដែរ​នៅក្នុងស្រាបៀរមួយចំនួនរបស់យើង។ ក្នុងនាមជាអ្នករួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចជាតិ យើងយកចិត្តទុកដាក់យ៉ាង​ខ្លាំង​ទៅ​លើ​​ការងារ​ដោយ​ប្រយោល​ជាច្រើនដែលយើងគាំទ្រតាមរយៈ​​ខ្សែសង្វាក់​នៃផលិតកម្មទាំងមូល​របស់​យើង ជាពិសេស កសិកររបស់​យើង​មាន​តួនាទីសំខាន់​ក្នុង​ការទ្រទ្រង់​​វិស័យ​កសិកម្ម​នាពេល​អនាគត។ តាមរយៈការចាប់ផ្តើមកម្មវិធីនេះជាមួយ​អង្គការ CPSA យើងសង្ឃឹមថា​នឹងធ្វើកិច្ចការ​​កាន់តែច្រើនថែមទៀត​ក្នុងការគាំទ្រសហគមន៍ជុំវិញយើង ក៏ដូចជាការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ដូច្នេះ​រួមគ្នាយើងអាចធ្វើ​ឱ្យ​​ប្រទេសកម្ពុជាកាន់តែប្រសើរ»។

លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA បានមា​នប្រសាសន៍ថា៖ «យើងសូមថ្លែង​អំណរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុងការ​លើក​កម្ពស់​និងអនុវត្តកម្មវិធីដ៏មានតម្លៃនេះ តាមរយៈគោលដៅរួមរបស់យើងក្នុងការបង្កើតប្រព័ន្ធស្បៀង​អាហារប្រកប​ដោយ​បរិយាបន្ន ឋិតថេរ និងនិរន្តរភាព។ វិស័យ​ស្រូវគឺ​ជាគន្លឹះ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា ហើយការអនុវត្តកម្មវិធីប្រកបដោយនិរន្តរភាពនេះគឺជាកត្តាចាំបាច់ដើម្បី​ទ្រទ្រង់​​ជីវភាពរស់​នៅរបស់ភាគីដែលពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនាពេល​អនាគត»។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្រើប្រាស់​អង្ករក្នុងស្រុក ១០០ ភាគរយនៅក្នុងប្រទេសកម្ពុជាដើម្បី​ធ្វើ​ជាគ្រឿងផ្សំ​ផលិតស្រាបៀរមួយ​ចំនួន​ដូច​ជា​ម៉ាកស្រាបៀរ Anchor និង Tiger ជាដើម។ ដើម្បីបង្កើនភាព​វិលជុំ​ក្នុង​​ខ្សែសង្វាក់តម្លៃស្រូវដល់កម្រិត​អតិបរមា ក្រុមហ៊ុន​ផលិតស្រាបៀរ​មួយ​នេះ​ក្រោម​ភាពជា​ដៃគូ​​​ជាមួយ​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក៏ប្រើប្រាស់​អង្កាមដែលនាំយកមក​​​ពី​រោងម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​និង​កសិករផងដែរ ដើម្បី​បង្កើត​ថាមពលកម្ដៅ​​កកើត​ឡើងវិញ ១០០ ភាគរយ​នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុននៅខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញដែលជារោងចក្រជីវថាមពលដ៏ធំដំបូងគេបង្អស់ក្នុង​ប្រទេសកម្ពុជាដោយយោងតាមប្រព័ន្ធតិចណូឡូជីរបស់រោងចក្រមួយនេះ។ ការប្រើប្រាស់អង្កាម​ធ្វើ​ជាប្រភព​ឥន្ធនៈ បាន​ប្រែក្លាយ​កាកសំណល់​កសិកម្ម​និងសរីរាង្គ​ដែលត្រូវបាន​បោះចោលដោយ​រោងម៉ាស៊ីន​កិនស្រូវ និងកសិករទៅ​ជាប្រភព​ចំណូល​បន្ថែមសម្រាប់​សហគមន៍​កសិកម្ម។

មហិច្ឆតា​រយៈ​ពេលវែង “ធ្វើឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង​លើកកម្ពស់​​ការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការពិសារ​គ្រឿងស្រវឹង​ដោយ​ការ​ទទួល​ខុស​ត្រូវ ជាមួយនឹងគោលដៅចូល​​រួមចំណែក​ឆ្ពោះទៅរក​​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ៕

លោកស្រី Anne De Graaf នាយិកា​រ​ផ្នែក​កិច្ចការសាជីវកម្មនៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និលោក លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពីអង្គការ CPSA

អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) គឺជាអង្គការភាពជាដៃគូប្រចាំ​ប្រទេស​របស់អង្គការ Grow Asia នៅកម្ពុជា ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន និងអង្គការកសិករផងដែរ។ អង្គការ Grow Asia ដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និង​លេខាធិការដ្ឋានអាស៊ានបានបង្កើត​​​អង្គការ CPSA ក្នុងឆ្នាំ​២០១៦។

អង្គការ CPSA ប្រមូលផ្តុំស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុន អង្គការសង្គមស៊ីវិល អង្គការកសិករ និងស្ថាប័នហិរញ្ញវត្ថុដើម្បីភ្ជាប់អ្នកផលិតទៅកាន់ទីផ្សារ។ គោលដៅរួមរបស់យើងគឺបង្កើតប្រព័ន្ធស្បៀង​អាហារ​ប្រកប​ដោយ​បរិយាបន្ន ឋិតថេរ និងនិរន្តរភាព។ បច្ចុប្បន្ន អង្គការ CPSA កំពុងគាំទ្រដល់ក្រុមការងារចំនួនបួន (គ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើនិងបន្លែ សហគ្រាសធុនតូចនិងមធ្យម​ផ្នែ​​កសិអាហារ) ជាមួយនឹងដៃគូចំនួនជាង ១២៤ និង​កិច្ចការ​ចំនួនបី (កិច្ចសន្យា​កសិកម្ម ការវិនិយោគ​លើ​កសិកម្ម​ប្រកបដោយការទទួលខុសត្រូវ និង​បច្ចេកទេស​កសិកម្ម)៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...