មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បើកសម្ពោធផ្លូវការ ក្រោមវត្ដមានលោកស្រី ឱ វណ្ណឌីន

Date:

ភ្នំពេញ៖ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ដែលជាមន្ទីរពេទ្យឯកទេស រោគកុមារស្ដង់ដារខ្ពស់ បានសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានទីតាំងនៅអាគារលេខ៤៩ ផ្លូវ ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ឆ្លៀតឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានសម្ដែងនូវក្ដីរីករាយ និងអបអរសាទរ ចំពោះសមិទ្ធផលថ្មី ដែលទើបកើតឡើងក្នុងវិស័យឯកជននេះ ដើម្បីរួមចំណែកជំរុញដល់ ប្រព័ន្ធសុខាភិបាលកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ដ្ររបស់ក្រសួងសុខាភិបាល ដែលបើកទូលាយឲ្យមានការចូលរួមពីវិស័យជន ។

លោកស្រីបន្ដថា «ការកសាងនូវប្រព័ន្ធសុខាភិបាល ឬក៏ការអភិវឌ្ឍរីកចម្រើន នៃវិស័យសុខាភិបាលនេះ មិនអាចកាត់ផ្ដាច់ចេញបានពីការ ចូលរួមចំណែកដ៏ខ្លាំងពីវិស័យឯកជននោះទេ ។ មនុស្សមួយចំនួន តែងយល់ច្រឡំថា សុខាភិបាល ទាល់តែរដ្ឋ បានគេគិតថា ជាប្រព័ន្ធសុខាភិបាល ដោយភ្លេចអំពីការគិតគូរ និងបើកឲ្យបានទូលាយ នូវការចូលរួមចំណែកពីវិស័យឯកជន ក៏ប៉ុន្ដែយើងត្រូវគិតថា ពាក្យថា ប្រព័ន្ធសុខាភិបាល គឺក្ដោបទាំងរដ្ឋ និងឯកជន គឺនៅជាមួយគ្នា» ។

តាមរយៈនេះ រដ្ឋលេខាធិការក្រសួងក្រសុខាភិបាលដដែល បានបង្ហាញសុទិដ្ឋិនិយមថា «វត្តមានរបស់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ នឹងជួយសង្គ្រោះ ព្យាបាលថែទាំសុខភាពកុមារកម្ពុជា ពោរពេញទៅដោយប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងទទួលបានការជឿទុកចិត្តពីប្រជាជន ហើយក៏នឹងអាចជួយជំរុញឲ្យ វិស័យសុខាភិបាលនៅកម្ពុជា កាន់តែរីកចម្រើនទៅមុខ ដើម្បីជាប្រយោជន៍រួមដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា» ។

លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានលើកឡើងថា មន្ទីរពេលនេះ បានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ស្ថានិក ៣រូប គឺមានលោក និងលោកវេជ្ជបណ្ឌិត អ៊ុន យូ ដែលសុទ្ធសឹងជាគ្រូពេទ្យឯកទេសរោគកុមារ ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ទាំងក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន និងលោក Tommy Sim ដែលជាពាណិជ្ជករមាន ឯកទេសពិសេសលើការបង្កើត ដឹកនាំ គ្រប់គ្រងសហគ្រិន និងចាត់ចែងហិរញ្ញវត្ថុក្រុមហ៊ុនជាដើម ។

លោករំឮកថា ម៉ាក់ស៊ីឃែរបានចុះបញ្ជីរការ និងទទួលលិខិតអនុញ្ញាតិឲ្យបើកដំណើរការ ក្នុងនាមជាមន្ទីរសម្រាកព្យបាលរោគកុមារ កាលពីឆ្នាំ២០១៨ ហើយ ២ឆ្នាំដំបូង គឺដំណើរការផ្ដល់សេវាកម្ម នៅអាគារកម្ពស់ ៧ជាន់ប៉ុណ្ណោះ ។ តែដោយមានការគាំទ្រពីមាតាបិតាដ៏ច្រើនជាលំដាប់ រហូតខ្វះបន្ទប់ និងគ្រែសម្រាប់អ្នកជំងឺ ទើបគណៈគ្រប់គ្រងសម្រេច សាងសង់អាគារថ្មីកម្ពស់ ១០ជាន់ជាប់អាគារចាស់ លើផ្ទៃដី ១,៩៧៩ម៉ែត្រការ៉េ ក្រោមទុនវិនិយោគចំនួន ៥,៦៩លានដុល្លារ និងបានពង្រីកខ្លួនទៅជាមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ។

មន្ទីរពេទ្យនេះ បានបំពាក់នូវសម្ភារបរិក្ខាទំនើបៗ ដែលភាគច្រើននាំចូលមកពីប្រទេសជប៉ុន ដើម្បីធ្វើឲ្យការពិនិត្យ ធ្វើរោគវិន័ច្ឆ័យ និងព្យាបាល មានភាពជាក់លាក់ ច្បាប់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីផ្ដល់នូវសេវាថែទាំសុខភាពដល់កុមារទូទៅ ។ លោកថា «ខ្ញុំមានទស្សនៈវិស័យចង់ក្លាយជា មន្ទីរពេទ្យកុមារឯកទេសរោគកុមារ មួយឈានមុខគេនៅកម្ពុជា ដែលទទួលបានការជឿទុកចិត្ត ពីប្រជាជនទូទៅលើសេវាកម្ម ព្យាបាលរោគកុមារ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ប្រសិទ្ធភាព និងប្រសិទ្ធផល» ។

ជាមួយគ្នាដែរ ក្នុងនាមស្ថាបនិកមួយរូប លោក Tommy Sim បានជំរុញឲ្យបុគ្គលិកទាំងអស់ នៅក្នុងមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួនបន្ថែមទៀត ឲ្យស្របតាមទស្សនៈវិស័យវែងឆ្ងាយ របស់គណៈគ្រប់គ្រងមន្ទីរពេទ្យ ដែលគ្រោងនឹងពង្រីកសាខាជាបន្ដបន្ទាប់ទៀត ដើម្បីចូលរួមបម្រើ និងផ្ដល់នូវសេវាកម្មសុខភាព ប្រកបដោយគុណភាពខ្ពស់ ជូនដល់កុមារទូទៅ ក៏ដូចជាការផ្ដល់ទំនុកចិត្តដល់ប្រជាជន ក្នុងការប្រើប្រាស់សេវាកម្មសុខភាពក្នុងស្រុក និងអាចកាត់បន្ថយការចាកចេញទៅ ប្រើប្រាស់សេវាកម្មសុខភាពនៅក្រៅប្រទេសផងដែរ ៕

Share post:

spot_imgspot_img

Popular

More like this
Related

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...

Imperial Dream XO ប្តូររូបរាងថ្មី ជាមួយគុណភាពខ្ពស់ជាងមុន និងតម្លៃកាន់តែសមរម្យ

ក្នុងនាមជាដៃគូដ៏ទុកចិត្តរបស់មាតាបិតាកម្ពុជាជាច្រើនឆ្នាំមកនេះ Imperial Dream XO យល់ច្បាស់ថាការលូតលាស់របស់កុមារគឺពិតជាសំខាន់មិនថាក្នុងកាលៈទេសៈណាក៏ដោយ គោលការណ៍ចម្បងរបស់យើងគឺ "កុមារត្រូវតែទទួលបានអាហារូបត្ថម្ភល្អបំផុតជាមុនសិន"។ នៅក្នុងការផ្លាស់ប្តូររូបរាងថ្មីនេះ យើងមិនត្រឹមតែផ្លាស់ប្តូរការវេចខ្ចប់ឱ្យកាន់តែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែយើងបានបង្កើនគុណភាពស្នូលខាងក្នុងយ៉ាងខ្លាំងក្លា។ កម្រិត...