ក្រុមហ៊ុន Vietjet បង្ហាញរបាយការណ៍ ពីកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ២,៥៥ ពាន់លានដុល្លារ ដែលបានក្លាយជាចំណុចដ៏លេចធ្លោរ នៃឧស្សាហកម្មពិភពលោក

Date:

(ភ្នំពេញ ថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានប្រកាសលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២៣ ដោយបានពង្រឹងជំហរ របស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពធន់ និងរីក ចម្រើន​បំផុតនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ ក្រុមហ៊ុនបានពង្រីកបណ្តាញអន្តរជាតិរបស់ ខ្លួន​ឥតឈប់ឈរ ដោយបង្កើនល្បឿននៃការងើបឡើងវិញ និងការអភិវឌ្ឍ​វិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុង​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​ដំណើរការ​ជើងហោះហើរ​ចំនួន ១៣៣០០០ ដង​ ជាមួយនឹង​អ្នកដំណើរ ២៥,៣​ លាន​នាក់ ​នៅលើ​យន្តហោះ (​មិន​រាប់បញ្ចូល Vietjet Thailand) ដែល​កើនឡើង ១៨៣ ភាគរយ​ ប្រចាំ​ឆ្នាំ​ ដោយ​​ក្នុងនោះ​មាន​ជាង ៧,៦​ លាន​នាក់​នៅលើ​ជើងហោះហើរ​អន្តរជាតិ​។​

​ក្រុមហ៊ុន Vietjet កាលពី​ឆ្នាំមុន​បាន​បន្ត​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​ ជាមួយនឹង​ផ្លូវ​ហោះហើរ​អន្តរជាតិ និង​ក្នុងស្រុក​ថ្មី​ចំនួន ៣៣​ ដែលនាំឱ្យ​ចំនួន​ផ្លូវ​ហោះហើរ​សរុប​កើន​ឡើងដល់ ១២៥​ ដែល​ក្នុងនោះ​មាន​ផ្លូវ​ហោះហើរ​អន្តរជាតិ​ចំនួន ៨០ និង​ផ្លូវ​ក្នុងស្រុក​ចំនួន ៤៥។​

នៅចុងឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ​ពីសៀមរាប ទៅកាន់ទីក្រុង​​ហាណូយ ​ដើម្បីជួយសម្រួលដល់ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេស ដើម្បី​ស្វែងយល់ពីប្រាសាទអង្គរវត្ត ​ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ផ្លូវហោះហើរ សៀមរាប-ហាណូយ ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ឥឡូវនេះ ផ្តល់ជូនជើងហោះហើរចំនួន ៧ក្នុងមួយសប្តាហ៍ ដែល​ភ្ជាប់ដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ជាមួយ អាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) នៃទីក្រុងហាណូយ ដែលផ្តល់នូវភាពងាយស្រួលទៅកាន់ គោលដៅទេសចរណ៍សំខាន់មួយរបស់អាស៊ី។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ដើម្បីបម្រើអ្នកដំណើរជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ ១ ម៉ោង ៤៥ នាទី។

ផ្លូវហោះហើរ​​ដែល​គួរឱ្យកត់សម្គាល់​មួយចំនួន​គឺ ទីក្រុង​ហូជីមិញ-ក្រុងស៊ាង​ហៃ ទីក្រុង​ហូជីមិញ – ក្រុងវៀង​ច័ន្ទ​ន៍ ជើងហោះហើរ​សៀមរាប – ក្រុង​ហាណូយ ជើងហោះ​​ក្រុង​ហាណូយ – ក្រុង​ហុងកុង ក៏ដូចជា ភូ​កុក – ក្រុង​តៃប៉ិ និង ភូ​កុក – ក្រុង​ប៊ូសាន ជាដើម​។​

Vietjet បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ ដែល​ត​ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយនឹង​ទីក្រុង​ធំៗ​ចំនួន​ប្រាំ​ក្នុងប្រទេស​អូស្ត្រាលី រួមមាន ​ទីក្រុង​ស៊ីដនី មែ​ល​ប៊​ន ភឺ​ត អា​ឌែ​ល​ដេ​ត និង​ប្រ៊ី​ស​បេន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ក៏​ជា​ប្រតិបត្តិ​ករ​ដ៏​ធំ​បំផុត​រវាង​ប្រទេស​វៀតណាម និង​ឥណ្ឌា​ជាមួយនឹង​ផ្លូវ​ហោះហើរ​ត​ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយនឹង​ទីក្រុង​នានា ​ដូចជា៖ ក្រុង​ដែលី ក្រុងម៉ុមបៃ​ ក្រុង​អាមេដាបាដ ក្រុង​កូជី និងក្រុង​​ទីរូជីរ៉ាបប៉ាល់លី​។​

​បរិមាណផ្ទុក​​ទំនិញ​របស់យន្ដហោះ​ Vietjet មាន​ចំនួន ៨១៥០០ តោន កើនឡើង ៧៣ ភាគរយ​ជា​ប្រចាំ​ឆ្នាំ​​។​

ក្រុមហ៊ុន Vietjet បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ដាច់ដោយឡែក​ពីគ្នា​ចំនួន ៥៣,៦ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,១៨ ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ប្រាក់ចំណូល​រួម​ចំនួន ៦២,៥​ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,៥៥​ ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ ២០២៣​ កើនឡើង ៦២ ភាគរយ​ និង ៥៦ ភាគរយប្រចាំ​ឆ្នាំ​ រៀងៗ​​គ្នា​។ ប្រាក់ចំណេញ​បន្ទាប់ពី​បង់ពន្ធ​ដាច់ដោយឡែក និង​រួម​របស់​ក្រុមហ៊ុន​មាន​ចំនួន ៦៩៧ ពាន់​លាន​ដុង (​ប្រហែល ២៨,៥ លាន​ដុល្លារ​) និង ៣៤៤ ពាន់​លាន​ដុង (​ប្រហែល ១៤ លាន​ដុល្លារ​) រៀង​គ្នា​។​

​នៅក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២៣ តែមួយ ប្រាក់ចំណូល​ដាច់ដោយឡែក និង​រួម​បាន​ឈានដល់ ១៤,៩ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៦០៩,៤៧ លាន​ដុល្លារ​អាមេរិក​) និង ១៨,៨ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៧៦៨,៨៦ លាន​ដុល្លារ​) កើនឡើង ៨៩ ភាគរយ និង ៤៩ ភាគរយ​ធៀបនឹងឆ្នាំ​កន្លងទៅ​។ ទន្ទឹមនឹងនោះ ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ​ដាច់ដោយឡែក និង​បូក​បញ្ចូល​គ្នា​ប្រចាំត្រីមាស​ត្រូវបាន​រាយការណ៍​ថា​មាន​ចំនួន ៧០ ពាន់​លាន​ដុង (​ប្រហែល ២,៨៥ លាន​ដុល្លារ​អាមេរិក​) និង ១៥២​ ពាន់​លាន​ដុង (​ប្រហែល ៦,២១​ លាន​ដុល្លារ​អាមេរិក​) រៀង​គ្នា​។​

ប្រាក់ចំណូល​បន្ថែម និង​ទំនិញ​មាន​ចំនួន ១៨,៩ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៧៧៣,០៨ លាន​ដុល្លារ​អាមេរិក​) ជា​កំណើន​ដ៏​រឹងមាំពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ​ក្នុង​ចំនួន ៤៦ ភាគរយ​។ វា​ស្មើនឹង ៤០ ភាគរយ​ នៃ​ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។​

​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣​ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន Vietjet មាន​ចំនួន​សរុប​ជាង ៨៤,៦ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៣,៤៦ ពាន់​លាន​ដុល្លារ​) កើនឡើង​មួយ​ភាគ​បួន​កាលពីដើមឆ្នាំ បន្ទាប់ពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​កងយន្តហោះ A321neo ជំនាន់​ថ្មី​ចំនួន​បី​។ សមាមាត្របំណុលធៀប​នឹងភាគហ៊ុន​ គឺ​នៅ​កម្រិតទី ២ ដែល​ទាប​ជាងកម្រិត​​សកលទូទៅ​ច​ន្លោះ​ពី ៣ ទៅ ៥​។ អនុបាត​បំប្លែង​ជា​សាច់​ប្រាក់​របស់​ក្រុមហ៊ុន Vietjet ឈរ​នៅកម្រិត ១,២៤ ដែល​ស្ថិតក្នុង​ជួរ​ដ៏​ល្អ​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​។ សមតុល្យ​សាច់ប្រាក់ និង​សមមូល​សាច់ប្រាក់ គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវបាន​រាយការណ៍​ថា ​មាន​ចំនួន ៥,០២១ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២០៥,៣៨ លាន​ដុល្លារ​អាមេរិក​) ច្រើនជាង​ទ្វេដង​ធៀប​នឹង​​ឆ្នាំមុន ដែល​ធានាបាន​នូវ​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។ ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ ​ក៏​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ចំណាត់ថ្នាក់​ឥណទាន​ល្អ​បំផុត យោងទៅតាម​លក្ខណៈវិនិច្ឆ័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ (​វៀតណាម​)​។ វា​ក៏​ទទួលបាន​ចំណាត់ថ្នាក់​ឥណទាន​ខ្ពស់បំផុត (VnBBB-) ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ក្នុង​ឆ្នាំ ២០២៣ ផងដែរ​​។​

ក្នុង​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​បង់ពន្ធ និង​ថ្លៃ​សេវា​ដោយផ្ទាល់ និង​ប្រយោល​ចំនួន​ប្រហែល ៥,២​ ពាន់​ពាន់​​លាន​ដុង (​ប្រហែល ២១២,៣​ លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ប្រទេស​វៀតណាម​។​

​ដើម្បី​បំពេញតម្រូវការ​ប្រតិបត្តិ​ការ Vietjet បាន​បន្ត​វិនិយោគ​លើ​យន្ដហោះ​​ទំនើប សុវត្ថិភាព និង​មិនប៉ះពាល់​បរិស្ថាន​។ គិត​ត្រឹម​ថ្ងៃទី ៣១​ ខែធ្នូ ឆ្នាំ ២០២៣​ Vietjet មាន​យន្តហោះ​ចំនួន ១០៥​ គ្រឿង រួមទាំង​យន្តហោះ A330 ដែលមាន​តួ​ធំ​ទូលាយ​ផងដែរ​។​

​ដោយបាន​ចាប់ផ្តើម​ដំណើរ​ការ​​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​កាលពី​ដប់​ឆ្នាំមុន​ជាមួយនឹង​យន្តហោះ​ តែ ៣ គ្រឿង​​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០២៣​ យន្ដហោះ​​របស់ Vietjet មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែល​រួមចំណែក​យ៉ាងសំខាន់​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ធនធាន សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​រហូតដល់ ១៥-២០ ភាគរយ​​ និង​ជាពិសេស​ការ​ផ្តោត​លើ​កិច្ច​​ការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការអនុវត្ត​បច្ចេកវិទ្យា​បៃតង​។​

ដោយ​រួមចំណែក​ដល់​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​សហរដ្ឋអាមេរិក ក្រុមហ៊ុន Vietjet កាលពី​ឆ្នាំមុន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Boeing សម្រាប់​ការបន្ត​ចែកចាយ​យន្តហោះ 737 MAX ចំនួន ២០០ គ្រឿងក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ព្រមទាំង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​យន្តហោះ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​អត្រា​ផ្ទុក​អ្នក​ដំណើរ​ជា​មធ្យម​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឈានដល់ ៨៧ ភាគរយ​ និង​អត្រា​ភាពជឿជាក់​ផ្នែក​បច្ចេកទេស ៩៩,៧២ ភាគរយ​។ ក្រុមហ៊ុន Vietjet ក៏បាន​បើក​ដំណើរការកម្មវិធី​ភក្ដីភាព SkyJoy ដែល​អនុញ្ញាតឱ្យ​អ្នកដំណើរជា​ម៉ូយ​ប្រចាំ​​អាច​ប្តូរ​យក​រង្វាន់​ជាមួយនឹង​ម៉ាក​យីហោ​ជាង ២៥០​។ កម្មវិធី​នេះ​ទទួល​បាន​​​សមាជិកដល់​ទៅ​ ១០​ លាន​នាក់​ក្នុង​ឆ្នាំ ២០២៣​​។​

Vietjet ក៏បាន​ដាក់ចេញ​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ងាយស្រួល​សម្រាប់​អ្នកដំណើរ​ផងដែរ​។ នៅ​ប្រទេស​វៀតណាម កម្មវិធី «ធ្វើដំណើរមុន – បង់​ប្រាក់​តាម​​ក្រោយ» ឬ “Fly now Pay later” ផ្តល់ជូន​អ្នកដំណើរ​នូវ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជើងហោះហើរ​របស់​ពួកគេ​។ ច្រក​ផ្លូវ​ទូទាត់ (Galaxy Pay) របស់ Vietjet ធានា​នូវ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព និង​ងាយស្រួល​តាមរយៈ​វិធី​ទូទាត់​ផ្សេងៗ រួមទាំង Apple Pay ដែល Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដំបូង​គេ​ ដែល​ទទួលយកការ​ទូទាត់​បែប​នេះ​​។ ទន្ទឹមនឹងនេះ អ្នកដំណើរ​របស់ Vietjet មាន​សិទ្ធិ​ចូល Check-in តាមអនឡាញ​​​នៅ​អាកាសយានដ្ឋាន​ចំនួន ១៨ ក្នុងប្រទេស​វៀតណាម​។​

Vietjet ត្រូវ​បានកោតសរសើរជាថ្មី​ម្តង​ទៀតថា ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប ​ដែលមាន​សុវត្ថិភាព​បំផុត​​នៅលើ​ពិភពលោក​ដោយ AirlineRatings ​ជា​អង្គការ​ល្បីឈ្មោះ​ក្នុងការ​វាយតម្លៃ​សេវាកម្ម​ និង​សុវត្ថិភាព​អាកាសចរណ៍។​

ដោយ​ផ្ដោតលើ​​សុវត្ថិ​ភាពជា​អាទិភាព​បំផុត ក្រុមហ៊ុន​អាកាសចរណ៍​កាលពី​ឆ្នាំមុន​បានរៀបចំ​ស​ន្និសីទ វគ្គ​បណ្តុះបណ្តាល​ជាច្រើន និងហាត់​សម​​អំពីបញ្ហា​​សុវត្ថិភាព និង​សន្ដិសុខ​ ដូចជា៖​ សន្និសីទ​គុណភាព និង​សុវត្ថិភាព ការបណ្តុះបណ្តាល​សុវត្ថិភាព ISAGO (​ស្តង់ដា​អន្តរជាតិ​សម្រាប់​ប្រតិបត្តិការ​លើដី​) និងការ​ហាត់​សម​​ឆ្លើយតប​ពេល​មាន​អាសន្ន ​ដើម្បី​​ធានាបាន​នូវ​សន្ដិសុខ​ និង​សុវត្ថិភាព​យ៉ាង​ហ្មត់​ចត់​​សម្រាប់​ប្រតិបត្តិ​ការហោះហើរ​។ ក្រុមហ៊ុន​​ក៏បាន​ចូលរួម​នៅក្នុង​វេទិកា​សុវត្ថិភាព​អាកាសចរណ៍ និង​ប្រតិបត្តិការ​សកល ​ដែល​រៀបចំ​ដោយ​អង្គការ​ល្បីឈ្មោះ ​ដូចជា៖ សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដើម្បី​ចូលរួម​ក្នុងការ​ពិភាក្សា​ស៊ីជម្រៅ​លើ​សុវត្ថិភាព​អាកាសចរណ៍​។​

​កាលពី​​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ថែទាំ​យន្តហោះ​តាម​ស្តង់ដា​អន្តរជាតិ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​នៅ​ទីក្រុង​វៀងចន្ទន៍​។ ជាមួយនេះដែរ ក្រុមហ៊ុន Vietjet បាន​ចាត់វិធានការ​យ៉ាងសកម្ម​ដើម្បីបង្កើន​ការងារ​ថែទាំ​យន្តហោះ បន្ទាប់ពី​ការវិនិយោគ​របស់ខ្លួន​លើ​សេវាកម្ម​ចុះចត និង​ហោះហើរ​។​

ដោយ​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍន៍ និង​កសាង​សមត្ថភាព​​តាម​ស្តង់ដា​អន្តរជាតិ បណ្ឌិតសភា​អាកាសចរណ៍ Vietjet (VJAA) បាន​ក្លាយជា​ដៃគូ​បណ្តុះបណ្តាល​របស់​     ស​មា​គម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ក្នុង​ឆ្នាំ ២០២៣​។​

VJAA បាន​បណ្តុះបណ្តាល​សិក្ខាកាមអាកាសចរណ៍​ជាង ៩៧០០០ នាក់​តាមរយៈ​វគ្គ​សិក្សា​ចំនួន ៦,៣០០ ដោយ​ផ្តល់នូវ​ការបណ្តុះបណ្តាល​យ៉ាងសកម្ម​សម្រាប់​អ្នកបើក​យន្តហោះ និង​បុគ្គលិក​ថែទាំ​យន្តហោះ (CRS) កាលពី​ឆ្នាំមុន​។ បណ្ឌិតសភាអាកាសចរណ៍ ​ក៏បាន​បើក​ដំណើរការ​ម៉ាស៊ីនហាត់​សម​​ជើងហោះហើរ​ទី​បី​របស់ខ្លួន  ដោយ​ក្លាយជា​មជ្ឈ​មណ្ឌល​​បណ្តុះបណ្តាល​អ្នកបើក​យន្តហោះ​លំដាប់​កំពូល​នៅក្នុង​តំបន់​។​

​មជ្ឈមណ្ឌល​សេវាកម្ម​ចុះ​ចត និង​ហោះហើរ​ (VJGS) របស់ Vietjet បាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព បង្កើន​គុណភាព​នៃ​សេវាកម្ម​នៅលើ​ដី ខណៈពេលដែល​កាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ទីក្រុង​ហាណូយ​។​

​ដោយ​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌ ក្រុមហ៊ុន​ Vietjet ក្នុង​ឆ្នាំ ២០២៣​ បាន​បង្កើត​កំណត់ត្រា​ផ្ទាល់ខ្លួន​​ក្នុងការ​ពង្រីក​បណ្តាញ​អន្តរជាតិ និង​ប្រាក់ចំណូល​ប្រចាំឆ្នាំ​។​

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូលទៅកាន់៖​ www.vietjetair.com 

ទំនាក់ទំនង​ប្រព័ន្ធផ្សព្វផ្សាយ​:

លោក មី សុវណ្ណ

Email: media@qed.agency

Cell: + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

Email: kieuduong@vietjetair.com 

Cell: +84 932 775 066

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសាងសង់ដងទង់ជាតិថ្មី ជូនអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣...

ក្រុមហ៊ុន ភីស ភេត្រូលៀម បង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ របស់ខ្លួន ស្ថិតក្នុងស្រុកស្ទឹងហាវ

ព្រះសីហនុ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក (Peace Petroleum CambodiaCo.,...

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...