event

បើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ ការប្រែក្លាយពី វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដាទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ ការប្រែក្លាយពី វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ការប្រែក្លាយទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ ការប្រែក្លាយពី វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានថ្លៃងថា ទិសដៅធំបំផុត របស់សាកលវិទ្យាល័យនឹងធ្វើឲ្យសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្លាយទៅជាសាកលវិទ្យាល័យមួយ ចូលទៅក្នុងសមាជិក របស់ស្ថាប័នបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University Network)។ ហើយនឹងក្លាយទៅជាកំពូលសាកលវិទ្យាល័យ១០០នៅក្នុងតំបន់ នាឆ្នាំ២០៣០ ដែលនេះជាទិសដៅយើងបានកំណត់។  លោកបណ្ឌិតបង្ហាញក្ដីសង្ឃឹមថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងក្លាយជាសាកលវិទ្យាល័យមួយលំដាប់ពិភពលោក ពោលគឺនៅឆ្នាំ២០៥០ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ឆ្នាំ២០៣០ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្លស់និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិតបន្តថា ដើម្បីធានាឲ្យនិស្សិតដែលមកបន្តការសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា រៀនចប់មានការងារធ្វើ យើងបានបង្កើតមជ្ឃមណ្ឌលការងារ តាមរយៈសាកលវិទ្យាល័យដែលបានសហការជាមួយស្ថាប័នជាង១០០។ តាមរយៈការមានការងារធ្វើនេះគឺបានរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏បានសហការជាមួយសាកលវិទ្យាល័យអន្តរជាតិល្បីៗទាំងក្នុងនិងក្រៅតំបន់ផងដែរក្នុងការបញ្ជូននិស្សិតទៅសិក្សាតាមរយៈអាហារូបករណ៍។ បច្ចុប្បន្ននេះខាងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា មិនទាន់ផលិតធនធានមនុស្សទៅតាមតម្រូវការទីផ្សារការងារប្រទេសកម្ពុជាបាននៅឡើយទេ។ លោកបណ្ឌិតថា ជារៀងរាល់ឆ្នាំ លោកតែងទទួលបានលិខិតពីស្ថាប័នធនាគារ និងស្ថាប័នមួយចំនួនសុំឲ្យលោកបណ្ឌិតបញ្ជូននិស្សិតនិងស្ថាប័នខ្លះមកដល់ការិយាល័យ ដើម្បីយកនិស្សិតទៅបម្រើការងារ។ ចំណុចពិសេសរបស់និស្សិតសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលស្ថាប័ននិងសហគ្រាសដណ្ដើមគ្នាចង់បាននោះគឺជានិស្សិតដែលចេះតស៊ូនិងការងារ។

ឆ្លៀតក្នុងកាសនោះលោកបណ្ឌិត ក៏បានឲ្យដឹងដែរថា មូលហេតុដែល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាប្រែក្លាយទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នេះ ព្រោះក្នុងរយៈ៨ឆ្នាំកន្លងមកនេះមាននិស្សិតចុះឈ្មោះចូលរៀនបានរហូតដល់៨ជំនាន់ពោលគឺជិត៨ពាន់នាក់ រីឯចំពោះការវិនិយោគទីតាំង និងអគារសិក្សានេះ វាពិតជាសាកសមណាស់ដែលវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្រែក្លាយទៅជា សាកលវិទ្យាល័យ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នឹងអាចឈានចាប់សហការជាមួយនិងស្ថាប័នធំៗដល់អន្តរជាតិ។ និស្សិតដែលបានបញ្ចប់ការសិក្សាចំនួន១២៤៧នាក់ ទទួលបានការងារធ្វើ ១២០០នាក់។ ដោយឡែកចំពោះអ្នកមិនទាន់បញ្ចប់ការសិក្សា ជិត៥ពាន់នាក់ ទទួលបានឱកាសការងារ២៥ភាគរយ តាមការសហការជាមួយ មជ្ឃមណ្ឌលការងារ ដែលនេះជាភាពអស្ចារ្យរបស់ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។ លោកបណ្ឌិតថា គ្រាន់តែនៅដើមខែមការាឆ្នាំ២០២៤នេះ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួលបាននិស្សិតចុះឈ្មោះសិក្សាជា៦០០នាក់។ លោកបណ្ឌិតសង្ឃឹមថា មជ្ឃមណ្ឌលអភិវឌ្ឍន៍សហគ្រឹន នឹងរកបានសិក្ខាមជាង៧ពាន់នាក់ ក្នុងឆ្នាំ២០២២៤។

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានបញ្ជាក់យ៉ាងច្បាស់ថា “បច្ចុប្បន្ននេះយើងមាននិស្សិតចំនួន៥ភាគរយទទួលបានប្រាក់បៀវត្សជិត២ពាន់ដុល្លារ ជំនាន់មុនៗ ដែលកំពុងបម្រើការងារតាមបណ្ដាស្ថាប័នល្បីៗជាច្រើន”។

បន្ថែមលើសនេះលោកបណ្ឌិតបានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនិងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បាននិងកំពុងបន្តរួមចំណែកយ៉ាងសំខាន់រួមាមាន៖

១/ចូលរួមបន្តយកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សទាំងបរិមាណនិងគុណភាព ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរទៅនិងតម្រូវការនិងការកើនឡើងនូវការប្រកួតប្រជែងក្នុងទីផ្សារការងារ ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ឆ្ពោះទៅករការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។

២/ចូលរួមបន្តលើកកម្ពស់អប់រំឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងពលរដ្ឋឌីជីថល បង្កើនប្រសិទ្ធភាពនៃការបង្រៀននិងការរៀនតាមបែបឌីជីថល ព្រមទាំងលើកកម្ពស់ស្វ័យសិក្សារបស់និស្សិតនិងលើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវនិងរៀនមួយជីវិត។

៣/ចូលរួមការជំរុញប្រព័ន្ធសិក្សាឲ្យកាន់តែប្រសើរនិងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការសេដ្ឋកិច្ចនិងសង្គមតម្រូវការទីផ្សារការងារនិងបដិវត្តន៍ឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០)។

៤/ចូលរួមបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានស្រាវជ្រាវអន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគា្ន ធ្វើទស្សនៈកិច្ចទៅវិញទៅមកផ្លាស់ប្ដូរបទពិសោធន៍ជាក់ស្ដែង សំដៅបង្កើនប្រសិទ្ធភាពអប់រំ ការសិក្សាស្រាវជ្រាវនិងផ្លាស់ប្ដូរនិស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូ។

៥/ចូលរួមបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំនិងបង្កើនការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តតាមជំនាញឯកទេសរបស់ខ្លួនដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនិងផ្សារភ្ជាប់ទ្រឹស្ដីទៅនិងការអនុវត្តជាក់ស្ដែង។

សូមជម្រាបថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។ យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដូចខាងក្រោម៖

បរិញ្ញាបត្ររង ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញធានារ៉ាប់រង ជំនាញចលនូបត្ថម្ភ ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ ជំនាញទីផ្សារ ជំនាញភាសាអង់គ្លេស, បរិញ្ញាបត្រជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម ជំនាញនីតិសាស្ត្រ ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ជំនាញពាណិជ្ជកម្មអន្តរជាតិ ជំនាញទីផ្សារ ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច ជំនាញការបង្រៀនភាសាអង់គ្លេស ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។ ចំពោះបរិញ្ញាបត្រជាន់ខ្ពស់ រួមមាន៖ ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញហិរញ្ញវត្ថុ ជំនាញគ្រប់គ្រង៕

To Top