event

ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃ ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia បាននាំមកនូវការបំបែកកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ជាផ្លូវការ តាមរយៈការដាក់តាំងបង្ហាញរថយន្តទំនើបច្រើនជាងគេ នៅមុខប្រាសាទអង្គរវត្ត។

ការបំបែកកំណត់ត្រាពិភពលោកនេះ គឺជាសារមួយពាំនាំ និងបង្ហាញឱ្យពិភពលោកបានស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ សង្គមខ្មែរដ៏រុងរឿង និងបង្ហាញថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព មានការអភិវឌ្ឍ ធានាបាននូវសន្តិសុខ សុវត្ថិភាព ចីរភាព និងភាពកក់ក្តៅជូនទេសចរគ្រប់រូបដែលអញ្ជើញមកទស្សនា។

កំណត់ត្រាប្រវត្តិសាស្ត្រនេះ គឺជាឱកាសមាសដើម្បីបង្ហាញពីកិត្យានុភាព និងកេរ្តិ៍ឈ្មោះកម្ពុជា ឱ្យល្បីសុះសាយពាសពេញសកលលោក តាមរយៈការផ្សព្វផ្សាយពីសំណាក់កំពូលតារាអន្តរជាតិល្បីៗ អតីតកីឡាករ កីឡាករ YouTubers និងជនមានឥទ្ធិពលលជាច្រើនរូប មកពីជាង ៤០ប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នេះ ដោយមានអ្នកចូលទស្សនារាប់ពាន់លានដងទៅលើ រូបភាព និងវីដេអូនៃសកម្មភាពរបស់ពួកគេ ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានា។

ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាជនកម្ពុជា ម្ចាស់រថយន្ត និងក្រុមអ្នកស្រលាញ់រថយន្ត Supercars និងថ្នាក់ដឹកនាំជាច្រើន ហើយក៏មានការចូលរួមពីម្ចាស់រថយន្ត Sport Cars, Supercars និង Luxury Cars ក្នុងស្រុកសរុបប្រហែល ៣០០គ្រឿង និងការចូលរួមពី Gumball 3000 Rally ចំនួន ១៥០គ្រឿង។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមគោលបំណងធំៗចំនួន៤ រួមមាន៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

សូមរំលឹកថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នេះ ផ្ដួចផ្ដើមរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ​ សូកេន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ក្រោមការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ

រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ និងខេត្ត សៀមរាប៕

To Top