ហិរញ្ញវត្ថុ

នាយកធនាគារ​ អេស៊ីលីដា៖ កិច្ចសហការ ជាមួយ​ធនាគារឯកទេស វីង មិនសម្រាប់​តែអតិថិជន របស់ធនាគារ​​ ទាំងពីរនោះទេ គឺសម្រាប់ សាធារណជនទូទៅ នៅកម្ពុជា

ភ្នំពេញ៖ ស្ថិតក្នុងដំណើរការ ប្រទេសមានការអភិវឌ្ឍ បច្ចេកវិទ្យាកាន់តែទំនើប អ្វីក៏ដោយ​ ក៏ត្រូវបានគេធ្វើទំនើបកម្ម ដើម្បីផ្តល់ភាពងាយស្រួល ដល់ការសាធារណជន​គ្រប់រូប ក្នុងការប្រើប្រាស់អ្វីមួយ ជាក់ស្តែងនៅក្នុងបរិបទបច្ចេកវិទ្យា កាន់តែទំនើបនេះ ធនាគារអេស៊ីលីដា (Acelda Bank) និងធនាគារឯកទេស វីង (Wing) បានប្រកាស នូវកិច្ចសហការគ្នា ក្នុងការពង្រីកវិសាលភាព សេវាកម្មផ្ទេរប្រាក់ នៅកម្ពុជា ជូនដល់អតិថិជន​ របស់ធនាគារទាំងពីរ និងមហាជនទូទៅ កាន់តែងាយស្រួល ។

ថ្លែងក្នុងពិធីចុះហត្ថលេខា កិច្ចសហការរវាង ធនាធារអេស៊ីលីដា និងវីង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅការិយាល័យកណ្ដាល អេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារអេស៊ីលីដា ភីអិលស៊ី គឺជាធនាគារឌីជីថល ដែលមានសេវាអេស៊ីលីដា ទាន់ចិត្ត ដែលអាចអោយអតិថិជន ធ្វើប្រតិបត្តការ យ៉ាងសម្បូរបែប តាមរយៈទូរសព្ទដៃ ដោយខ្លួនឯង គិតមកដល់បច្ចុប្បន្ន អេស៊ីលីដា ទាន់ចិត្ត មានអ្នកចុះឈ្មោះប្រើប្រាស់ ជាង ១លាន២សែននាក់ ជាលក្ខណៈបុគ្គល និង៣០ពាន់ជាង ជាលក្ខណៈក្រុមហ៊ុន ។ ទទឹមនឹងនេះ សហប្រតិបត្តការ រវាងធនាគារទាំងពីរ គឺជាគោលបំណង ដើម្បីបង្កើត ភាពងាយស្រួល ជូនដល់អតិថិជន ក្នុងការប្រតិបត្តិការ ផ្ទេរប្រាក់ ពីធនាគារ អេស៊ីលីដា ទៅធនាគារឯកទេសវីង និងពីធនាគារឯកទេសវីង មកកាន់ធនាគារអេស៊ីលីដា​ កាន់តែងាយស្រួល គ្រប់ទីកន្លែង និងគ្រប់ពេលវេលា” ។

ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា រូបនេះ បានសង្គត់ធ្ងន់ថា “កិច្ចសហប្រតិបត្តការនេះ មិនសម្រាប់ចំពោះតែអតិថិជន របស់ធនាគារទាំងពីរនោះទេ គឺសម្រាប់សាធារណជនទូទៅ” ​។

លោកបណ្ឌិត អ៊ិន ចាន់នី បានឲ្យដឹងបន្ថែមថា “កិច្ចសហការនេះ នាំឲ្យធនាគារយើងទាំងនេះ មានបណ្តាញប្រតិបត្តិការ យ៉ាងសម្បូរបែប ជាង៤៣ពាន់កន្លែង គ្របដណ្តប់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយអតិថិជន ងាយស្រួល ក្នុងការជ្រើសរើស ជម្រុញអោយសេវាផ្ទេរប្រាក់ កាន់តែទូលំទូលាយ កាន់តែឆាប់រហ័យ ងាយស្រួល និងមានសុវត្ថិភាព ។ សមទ្ធផលនេះ បានផ្តល់អោយអត្ថប្រយោជន៍ យ៉ាងច្រើន ដល់អតិថិជន និងសាធារណជន និងគាំទ្រ ដល់ការលូតលាស់ របស់អតិថិជន ជាមួយនឹងការកាត់បន្ថយ ការចំណាយ និងហានិភ័យនានា” ។

ក្នុងឱកាសនោះដែរ លោក​ ម៉ានូ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីង បានអោយដឹងថា “ធនាគារអេស៊ីលីដា ជាធនាគារនាំមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ហើយមានក្រុមហ៊ុនធំៗជាច្រើន ក្នុងប្រទេស តែងតែចង់សហការ ជាមួយធនាគារធំបែបនេះ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ។ បេសកកម្មរបស់ធនាគារអេស៊ីលីដា និងវីង គឺមានភាពស្រដៀងគ្នាច្រើន ដោយផ្ដោតលើការយកចិត្តទុកដាក់ ជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអភិវឌ្ឍន៍ ប្រទេសកម្ពុជា អោយកាន់តែប្រសើរឡើង” ។

លោកបន្តថា “បន្ទាប់ពីកិច្ចសហការជាមួយ ធនាគារអេស៊ីលីដា យើងរំពឹងថាប្រជាជនកម្ពុជា នឹងកាន់តែងាយស្រួល ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងពលរដ្ឋកម្ពុជា នឹងមានជំរើសកាន់តែច្រើន ក្នុងការប្រើប្រាស់សេវា ហើយកាន់តែមានងាយស្រួល​​​ និងទូលំទូលាយបន្ថែមទៀត” ។

លោកបណ្ឌិតអ៊ិន ចាន់នី និង លោកម៉ានូរ៉ាចាន់ បានបញ្ជាក់ស្រដៀងគ្នាថា កិច្ចសហប្រតិបត្តិការ​ រវាងស្ថាប័នធំទាំងពីរនេះ នឹងជំរុញអោយពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុ តាមភ្នាក់ងារ និងបច្ចេកវិទ្យា ដោយកាត់បន្ថយ នូវការធ្វើដំណើរ មកកាន់ការិយាល័យ របស់ធនាគារកណ្ដាល ដែលជាការចំណេញ នូវពេលវេលា និងថវិកាអតិថិជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ទាំងមូលផងដែរ៕ ដោយ៖ ដារាត់

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top