ហិរញ្ញវត្ថុ

ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-អាមេរិក នៅតែបន្តកើនឡើង បើទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ថ្លែងថាទំនាក់ទំនងសេដ្ឋកិច្ចនិងទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ បើទោះបីប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម

ក្នុងឱកាសទទួលជួប លោក W. Patrick Murphy អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកប៉ាន សូរស័ក្ដិ បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់។

លោកបន្តថា ថ្មីៗនេះកម្ពុជាបានចូលនិងកំពុងសិក្សាចូលជាសមាជិក នៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជី អាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។

លោក W. Patrick Murphy អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីលទ្ធភាពក្នុងការពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធ នឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្ត កិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត៕

Most Popular

To Top