ហិរញ្ញវត្ថុ

ជប៉ុនផ្តល់ ហិរញ្ញប្បទានឥតសំណង ចំនួន ២,២៣៥,៣៦៤ ដុល្លារ ជម្រុញការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

តាមរយៈស្ថានទូតជប៉ុន ឲ្យដឹងកាលពីថ្ងៃទី១ ខែមីនាឆ្នាំ២០២១នេះថា ក្នុងនោះ ថវិកា ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)” និង “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)” ហើយ ថវិកា ៤៧២,១១៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង “ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕

Most Popular

To Top