ហិរញ្ញវត្ថុ

ទ្រព្យសកម្ម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា មានទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ឆ្នាំនេះ

ភ្នំពេញៈ ទ្រព្យសកម្មក្នុងវិស័យ​ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកើនឡើង១៤,២% ដល់៣៦,២ទី្រលានរៀល (ស្មើនឹង៨,៩ពាន់លានដុល្លារអាមេរិក) ក្នុងឆមាសទី១ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា។

ឥណទានអតិថិជន បានកើនឡើង១៩,៣% ដល់៣០,៧ ទីលាន រៀល (ស្មើនឹង៧,៦ពាន់លានដុល្លារអាមេរិក) ដោយបានផ្តល់ទៅកាន់ វិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា ក្រុមគ្រួសារ (២៧, ៦% នៃសំពៀតឥណទានសរុប វិស័យមីក្រូហិរញ្ញវត្ថុ) កសិកម្ម (២៤,៥%) និងពាណិជ្ជកម្ម និងជំនួញ (២០,២%)។

ទន្ទឹមនេះ ប្រាក់បញ្ញើវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើង១៩,៣% ដល់១៥,៧ទីលានរៀល (ស្មើនឹង ៣,៩ពាន់លានដុល្លារអាមេរិក)។

លោកជា ចាន់តូបានថ្លែងបន្ថែមថា នៅឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជា បន្តទទួលរងឥទ្ធិពលពីការរីករាលដាល នៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍, កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។

លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយនឹងការបង្កើន ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។

លោកបន្ដថា និយាយចំពោះប្រព័ន្ធ ធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%, ឥណទានអតិថិជន មានកំណើន២៣,៤%, និងប្រាក់បញ្ញើ អតិថិជនកើន២០,៧%។

លោកឲ្យដឹងទៀតថា ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាព មានកម្រិត២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់ ១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ។

លោកបន្ដថា ទន្ទឹមនេះអនុបាតឥណទាន មិនដំណើរការ មានកម្រិតទាប២.៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់៕ប្រភព៖http://propertyarea

Most Popular

To Top